ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ ៖ វិស័យដីឡូត៍បច្ចុប្បន្ន កំពុងជួបវិបត្តិ និងមិនច្បាស់លាស់
02, Jun 2022 , 8:59 am        
រូបភាព
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច (ឆ្វេង) និងលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា (ស្តាំ) ។ រូបថត ៖ ហ្វេសបុក Sereyvath Ky និង CVEA ។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច (ឆ្វេង) និងលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា (ស្តាំ) ។ រូបថត ៖ ហ្វេសបុក Sereyvath Ky និង CVEA ។
ដោយ​ ៖ ធន់ សេងហុង 

ស្ថានភាពដីឡូត៍នៅកម្ពុជាពេលនេះ កំពុងនៅទ្រឹង ដោយសារការរឹតបន្តឹងលក្ខខណ្ឌច្បាប់​របស់រដ្ឋាភិបាល និងគម្រោងបង់រំលោះនៅមានភាពផុយស្រួយ​ គួបផ្សំជាមួយវិបត្តិកូវីដ-១៩  ។

 
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា បាននិយាយថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា ជាពិសេសវិស័យដីឡូត៍ ហាក់ដូចជាមិនទាន់មានសកម្មភាពទិញ-លក់កើនឡើងខ្លាំងដូចមុននោះទេ។ បើតាមលោក សុខនីម មូលហេតុដែលវិស័យនេះនៅទ្រឹង ដោយសារតែពលរដ្ឋត្រូវការស្ដារប្រាក់ចំណូលឡើងវិញ ក្រោយជួបវិបត្តិកូវីដ-១៩ ព្រមទាំងការកំណត់ច្បាប់ឡើងវិញ ពីសំណាក់រដ្ឋាភិបាលទៅដល់ម្ចាស់គម្រោងដីឡូត៌ ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជារូបនេះ បានលើកឡើងថា ៖ «ស្ថានភាពវិស័យដីឡូត៍នៅកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់» ។ 
 
ហេតុផល ដែលធ្វើឱ្យវិស័យនេះ នៅទ្រឹងនោះ ដោយសារតែរដ្ឋាភិបាលលើកទឹកចិត្តឱ្យអ្នកវិយោគិន លើវិស័យពុះដីឡូត៍ត្រូវចុះបញ្ជីជាក្រុមហ៊ុនជាមុន។ ជាពិសេសការរឹតបន្តឹងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាសួន និងផ្លូវនៅក្នុងគម្រោង ត្រូវទុកយ៉ាងហោចណាស់២៥ភាគរយ នៃគម្រោងដីឡូតិ៍ទាំងមូល ដែលបម្រើផលប្រយោជន៍ឱ្យអ្នកទិញ។  ដូច្នេះហើយអ្នកលក់គម្រោងដីឡូត៍ទាំងនោះ កំពុងសិក្សារៀបចំលទ្ធភាពដាក់ទៅរដ្ឋាភិបាលពិនិត្យ​។ នេះបើតាមលោក ច្រឹក សុខនីម។
 
បញ្ហាមួយទៀត ដែលអ្នកជំនាញរូបនេះ មើលឃើញនោះ គឺគម្រោងបង់រំលោះដីឡូត៍នៅមានភាពផុយស្រួយ បើទោះជាអាវីកម្មមួយចំនួន បានត្រឡប់មករកភាពដូចដើមវិញក៏ដោយ ។ ចំណែកអតិជិជនគោលដៅវិញ ស្ទាក់ស្ទើក្នុងការទិញដីឡូតិ៍ ដោយសារបារម្ភពីហានិភ័យនៃការវិវត្តជំងឺកូវីដ-១៩ និងត្រូវការស្ដារចំណូលឡើងវិញ ក្នុងការដោះស្រាយបញ្ហាជីវភាព ដែលចាំបាច់ជាមុនសិន ។ 
 
ដោយឡែកបណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា លោក គី សិរីវឌ្ឍន៍ មើលឃើញថា មូលហេតុដែលនាំឱ្យសន្ទុះនៃការលក់ដីឡូត៍ធ្លាក់ចុះ ដោយសារតម្លៃលើវិស័យនេះ ឡើងដល់កម្រិតកំពូលមួយ ដែលថេរ ហើយមិនអាចឡើង ឬចុះវិញបាន ខណៈពលរដ្ឋនៅជួបបញ្ហាចំណូល។ 
 
អ្នកជំនាញរូបនេះ បន្ថែមថា «ការលក់ដីឡូត៍មិនបានអ្វីទៅជាផលប្រយោជន៍ដល់សង្គមទេ នឹងរឹតធ្វើឱ្យគម្លាតអ្នកមាននិងអ្នកក្រកាន់តែឆ្ងាយ ហើយរដ្ឋាភិបាលមិនគួរជំរុញឱ្យការលក់ដីឡូត៍ទៅជាមុខរបរ ឬកន្លែង ដើម្បីរកចំណូលជូនប្រទេសជាតិទេ វានឹងធ្វើឱ្យបាត់បង់ផលិតកម្ម ប្រសិនបើការលក់ដីឡូត៍កាន់តែកើនឡើង»។​ 
 
ចំពោះការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ខាងមុខ នឹងមិនជះឥទ្ធិលខ្លាំងលើវិស័យដីឡូត៍ទេ ដោយសារ​កម្ពុជាមានស្ថេរភាព និងការគ្រប់គ្រងល្អពីសំណាក់រដ្ឋាភិបាល។ វិស័យនេះ នឹងមានសន្ទុះឡើងវិញ នៅពេលអនាគត។ នេះជាការមើលឃើញរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច។
 
បើតាមលោក សុខនីម ស្ថានភាពដីឡូត៍នឺងមានសន្ទុះកើនឡើងខ្លាំងត្រឡប់មកវិញ ក្រោយម្ចាស់អភិវឌ្ឍលំនៅឋាន និងដីឡូត៍ទាំងនោះ រៀបចំជាក្រុមហ៊ុនដើម្បីបង់ពន្ធ និងមានទំនួលខុសត្រូវ ដូចជាការរៀបចំឯកសារផ្លូវច្បាប់ឱ្យបានរឹងមាំ សម្រាប់អតិថិជនជាដើម។ 
 
សម្រាប់លោក គី សេរីវឌ្ឍន៍ វិញបានព្យាករថា រយៈពេល៣ទៅ៥ឆ្នាំទៀត ទើបវិស័យដីឡូត៍មានសន្ទុះឡើងវិញ លុះត្រាប្រព័ន្ធសេដ្ឋកិច្ចមានដំណើរការ នឹងការជំរុញឱ្យមានផលិតកម្មនៅក្នុងស្រុកត្រឡប់មកវិញ ៕
 
 

Tag:
 ដីឡូត៍ ច្រឹក សុខនីម គី សិរីវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com