ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនបរទេសជាង ២៥០ ចង់ស្វែងយល់ និងចាប់ឱកាសបោះទុនរកស៊ីនៅកម្ពុជា​
01, Jun 2022 , 6:26 pm        
រូបភាព
តំណាងក្រុមកាងារភាពជាដៃគូធុរកិច្ចបារាំងនៅកម្ពុជា នាសន្និសីទសារព័ត៌មាន« វេទិកាធុរកិច្ចបារាំង-កម្ពុជា » ថ្ងែទី០១មិថុនា។ រូបថត ៖ ធន់ សេងហុង
តំណាងក្រុមកាងារភាពជាដៃគូធុរកិច្ចបារាំងនៅកម្ពុជា នាសន្និសីទសារព័ត៌មាន« វេទិកាធុរកិច្ចបារាំង-កម្ពុជា » ថ្ងែទី០១មិថុនា។ រូបថត ៖ ធន់ សេងហុង
ដោយ ៖ ធន់ សេងហុង 
 
បណ្តាក្រុមហ៊ុនបារាំង និងបរទេសប្រមាណជាង ២៥០ក្រុមហ៊ុន នឹងចូលរួម« វេទិកាធុរកិច្ចបារាំង-កម្ពុជា »ដែលប្រព្រឹត្តទៅនាថ្ងៃទី៩-១០ ខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុនទាំងនោះ មានបំណងចាប់យកឱកាសសហការនិងបោះទុនវិនិយោគ ជាពិសេសនាំចូលផលិតផលមកលក់នៅលើទីផ្សារកម្ពុជា ។


មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា​ (CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) គ្រោងនឹងរៀបចំវេទិកា « វេទិកាធុរកិច្ចបារាំង-កម្ពុជា »លើកដំបូងនៅកម្ពុជា ដែលមានក្រុមហ៊ុនជាង២៥០ មកពីប្រទេសបារាំង និងបណ្តាប្រទេសអាស៊ាន។ 
 
បណ្តាក្រុមហ៊ុនបរទេសជាពិសេសក្រុមហ៊ុនបារាំង ដែលនឹងចូលរួមក្នុងវេទិកានេះ មានពីរប្រភេទ គឺក្រុមអ្នកវិនិយោគដែលមានបំណងដាក់ទុនរកស៊ីនៅកម្ពុជា និងបណ្តាក្រុមហ៊ុននានា ដែលមកសម្លឹងមើលទីផ្សារ រួចនាំចូលផលិតផលរបស់ពួកគេ មកកលក់នៅលើទីផ្សារកម្ពុជា ។ 
 
ដើម្បីបានបង្ហាញអំពីទីតាំងថ្មីៗ និងបង្កបរិយាកាសឱ្យកាន់តែមានចំណាប់អារម្មណ៍ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងប្រព្រឺត្តិទៅនៅ៦ទីតាំងផ្សេងៗរួមមាន ៖ វិទ្យាស្ថានបារាំងនៅកម្ពុជា, Sofitel Phnom Penh Phokeethra, The Factory Phnom Penh,​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​, Raffles Hotel Le Royal, និង Aquation Office Park ទៅតាមពេលវេលាដែលខាងធុរកិច្ចបារាំងនៅកម្ពុជាបានកំណត់។
 
កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពលជាងគេ ក្រោយពីរដ្ឋាភិបាល បើកឱ្យដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ធូស្រាល ខណៈប្រទេសក្បែរខាងកម្ពុជា នៅបន្តភាពស្មុគស្មាញ។ ចំណុចនេះ ជាផ្នែកមួយលើកទឹកចិត្តវិនិយោគិនបារាំង ឱ្យមើលឃើញឱកាសនៅកម្ពុជា។ 
 
ក្រៅពីនេះបារាំងនិងកម្ពុជា ធ្លាប់មានទំនាក់ទំនងជាមួយគ្នាយូរមកហើយ ដោយប្រជាជនកម្ពុជាមួយចំនួន បានចេះនិយាយភាសាបារាំងនិងបានស្គាល់ពីផលិតផលបារាំង ។ មិនតែប៉ុណ្ណោះកម្ពុជា បានរៀបចំវេទិកាសាធារណៈ និងឯកជនជាប្រចាំ ដើម្បីប្រឹក្សាផ្តល់យោបល់​ដោះស្រាយវិវាទមួយចំនួន ដើម្បីបង្កបរិយាកាសវិនិយោគកាន់តែងាយស្រួល។ ទាំងអស់នេះហើយ ជាកត្តាជំរុញឱ្យធុរជនបារាំង មានបំណងមកស្វែងយល់យល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា​។ នេះបើតាមក្រុមការងារភាពជាដៃគូធុរកិច្ចបារាំងនៅកម្ពុជា ។ 
 
លោក Soreasmey Ke Bin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានបង្ហើបឱ្យដឹងតាមរយៈសន្និសីទនេះថា ក្រុមហ៊ុនបារាំងបានឃើញសក្តានុពលនៅក្នុងវិស័យទេសចរណ៍ សេវាកម្ម កសិកម្ម និងថាមពលបៃតងជាដើម ដែលជាវិស័យចម្បងសម្រាប់ក្រុមហ៊ុនទាំងនោះ មកបណ្តាក់ទុន។ បើតាមលោក Soreasmey Ke Bin ក្រុមហ៊ុនទាំងនោះក៏មានបំណងក្នុងការនាំចូលផលិតផលកែសម្ផស្ស គ្រឿងសំអាង និងផលិតផ្សេងៗទៀតជាច្រើន មកទីផ្សារកម្ពុជា ក្រោយមើលឃើញការរីកចម្រើន នូវផ្សារទំនើបជាច្រើនកន្លែង ។ 
 
លោក Philippe Baudry អ្នកជំនាញសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរ ជាពិសេសទៅលើវិស័យភស្តុភារកម្ម ។ លោក សំណូមពរទៅរដ្ឋាភិបាលកម្ពុជា ជួយសម្រួលលក្ខណៈកាន់តែងាយស្រួល និងចំណាយពេលវេលាកាន់តែតិច​ ក្នុងការដឹកជញ្ជូនទំនិញ ដើម្បីជាឱកាសសម្រាប់ក្រុមហ៊ុនបារាំង ដែលមានបំណងវិនិយោគ ។ 
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងបារាំង សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ១៧៦លានដុល្លារ នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ៤២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១២៤ លានដុល្លារ៕ 
 

Tag:
 បារាំង វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com