កីឡាជាតិ
ជាតិ
លោក Keisuke Honda ៖ ប្រាក់ ធីវ៉ា ស័ក្តិសមប្រយុទ្ធកណ្ដាល
01, Jun 2022 , 10:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមុនប្រកួតមិត្តភាពរវាងកម្ពុជា និងទីម័រ ខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១ ខែមិថុនា។ ក្នុងសន្និសីទនេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បង្ហើបពីការកោះហៅ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន ដោយយល់ថា កីឡាកររូបនេះ សាកសមលេងប្រយុទ្ធកណ្ដាល។

 
ក្នុងបញ្ជីឈ្មោះកីឡាករជម្រើសកម្ពុជា ពីដំបូងមិនមានឈ្មោះកីឡាករ ប្រាក់ ធីវ៉ា នោះទេ តែក្រោយខ្សែប្រយុទ្ធរូបនេះ បានជួយក្លិបភ្នំពេញក្រោន លើកពានCambodian League Cup ដោយយកឈ្នះវិសាខា ២-១ នៅថ្ងៃទី២៨ ខែឧសភា បានធ្វើឲ្យលោក Keisuke Honda កោះហៅឲ្យចូលជាជម្រើសជាតិ។ 
 
អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ ធ្លាប់បានកោះហៅ ប្រាក់ ធីវ៉ា សម្រាប់ការប្រកួតAFF Suzuki Cup កាលពីឆ្នាំមុន ដោយដាក់ ធីវ៉ា លេងនៅស្លាបស្ដាំ។ តែលើកនេះ លោក Honda មានគោលបំណងចង់ដាក់ ធីវ៉ា ឲ្យលេងប្រយុទ្ធកណ្ដាល ដោយបានឃើញទម្រង់លេងរបស់ខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះ ធ្វើបានយ៉ាងល្អក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្តជួយភ្នំពេញក្រោនយកឈ្នះវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត Cambodian League Cup។
 
គ្រូសញ្ជាតិជប៉ុនរូបនេះ បានមកទស្សនាការប្រកួតរវាង វិសាខា និងភ្នំពេញក្រោន នៅកីឡដ្ឋានSmart RSN ដោយផ្ទាល់។ ការសម្រេចចិត្តកោះហៅ ខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះ ឲ្យចូលរួមជាមួយជម្រើសជាតិ បន្ទាប់ពីពិធីលើកពាន Cambodian League Cup បានបញ្ចប់។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រាក់ ធីវ៉ា បានសម្តែងអារម្មណ៍រំភើបថា ៖«មុនដំបូងអត់ទាន់ដឹងទេ ពេលលេងចប់ជាមួយ វិសាខា ហើយឭថាគ្រូ Honda គាត់ហៅ ពេលម៉ោង ១១ យប់អីហ្នឹង ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលដែរ ថាយើងនៅមានឈ្មោះជាប់ដែលគ្រូគាត់កោះហៅ។ ប្រហែលគាត់ឃើញសមត្ថភាពខ្ញុំលេង(ភ្នំពេញក្រោន)ជាមួយ វិសាខា ហ្នឹងហ្មង ហើយអារម្មណ៍ក៏សប្បាយ សប្បាយចិត្តដែលជាប់ជម្រើសជាតិឡើងវិញ»។
 
គួរបញ្ជាក់ផងដែរថា តំបន់ប្រយុទ្ធកណ្ដាល រួមមាន សៀង ចន្ធា ។ ដោយឡែក លោក Honda ចង់ឲ្យ ធីវ៉ា សាកលេងនៅតំបន់នេះដែរ។ តែទោះជាយ៉ាងណាក្ដី ទម្រង់លេង និងជម្រើស១១នាក់ ដំបូងអាចមានការផ្លាស់ប្ដូរទៅតាមស្ថានភាពជាស្ដែងមុនពេលប្រកួតចាប់ផ្ដើម។ 
 

Tag:
 បាល់ទាត់
  ប្រាក់ ធីវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com