ជាតិ
​​​ន​យោ​បាយ​ជាតិ​
យើង កុំឈ្លោះគ្នាដោយសារបក្ស!
02, Jun 2022 , 11:09 am        
រូបភាព
ប្រជាជនគ្រប់រូប មានសិទ្ធិជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត តែពុំគួរយកគណបក្ស មកធ្វើជាខណ្ឌសីមាបែងចែកការសាមគ្គីក្នុងប្រជាជាតិឯងឡើយ។

  
 
មិន​ដូច​សម័យ​ដើមឡើយ នាពេលបច្ចុប្បន្ន កម្ពុជា ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ ដែល​ផ្តល់​សិទ្ធិអំណាច​ជូន​ប្រជាពលរដ្ឋ ធ្វើជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវធ្វើ​ខ្លួន​ឲ្យ​ស័ក្តិ​សមជា​ប្រជាពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដោយ​ត្រូវមាន​ជំហរ​រឹងប៉ឹង និង​អាច​យល់ដឹង​ពី​កាតព្វកិច្ច​ខ្លួន ដែល​ត្រូវធ្វើ ដោយ​មិន​ចេះតែ​រេ​ចុះ​រេ​ឡើង​តាមតែ​អ្នកនយោបាយ ឬគណបក្ស​ឡើយ​។
 
ជាពិសេស ឈានដល់រដូវកាលបោះឆ្នោត ដែលគណបក្សនានា កំពុង​ប្រឈមមុខ​ដាក់គ្នា ​គឺ​រឹតតែ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ រក្សា​ស្មារតី​ឲ្យ​នឹងន និង​មិនត្រូវ​ច្រួលច្របល់​នោះទេ​។ ត្រូវ​ចាំ​ថា យើង​ជា​ប្រជាពលរដ្ឋ គឺជា​ម្ចាស់​ប្រទេសជាតិ មិនមែនប្រទេសជាតិទាំងមូល ជា​កម្មសិទ្ធិរ​បស់​អ្នកកាន់អំណាច ​អ្នកប្រឆាំង ឬគណបក្សណាមួយឡើយ។      
 
​វា ជា​រឿងមិនល្អទាល់តែសោះសម្រាប់សង្គមជាតិ បើ​អរិភាព​ និង​ភាពចលាចល កើតឡើង ដោយសារការស្រឡាញ់ឬការស្អប់បក្សនេះ-បក្សនោះ។ ប្រជាពលរដ្ឋ មិនត្រូវ​បែងចែក​គ្នា​ជា​ក្រុម ដើម្បី​គាំទ្រ​ខាង​នេះ ឲ្យ​បង្ក្រាប​ខាង​នោះ ឬក៏​គាំទ្រ​ខាង​នោះ ឲ្យ​បង្ក្រាប​ខាង​នេះឡើយ ពីព្រោះថា ​បើ​មាន​អំពើហិង្សា​មែន អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ គឺ​ប្រជាពលរដ្ឋ​។ បទពិសោធ​នេះ ធ្លាប់​មាននៅ​កម្ពុជា​រួចហើយ ជាក់ស្តែង​ដូចជាការបោះឆ្នោតក្នុង​ឆ្នាំ​២០១៣ ជាដើម​។ 
 
​​ប្រជាពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ មិនត្រូវ​ដើរ​តាម​គន្លង​អ្នកនយោបាយ​រហូតដល់​ថ្នាក់​ស្លាប់​-​រស់​នោះទេ ហើយ​មិនត្រូវ​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា និង​មិនត្រូវចាត់ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ​ដែរ។    
 
​​ប្រជាពលរដ្ឋ ​គប្បី​យល់​ឲ្យ​ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ ឬគណបក្សរហូតដល់​ស្អប់ខ្ពើម​ប្រជាពលរដ្ឋ​ជាជាតិ​សាសន៍​ខ្លួនឯង គឺជា​ដើមចម ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល ជួប​ការបែកបាក់​យ៉ាងធ្ងន់ធ្ងរ​។ សម្រាប់​អ្នកនយោបាយវិញ ​គួរតែ​យក​ផលវិបាក​នៃ​ការឈ្លោះគ្នា មក​ធ្វើជា​មេរៀន ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព​។ 
 
ដូនតាខ្មែរ បន្សល់ទុកពាក្យអប់រំមួយឃ្លា ដើម្បីឲ្យកូនចៅជំនាន់ក្រោយទន្ទេញឲ្យចាំជានិច្ច គឺ «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»៕
 

Tag:
 ទស្សនៈ
  បក្ស
  សាមគ្គី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com