ជាតិ
ការនាំចេញស្ករត្នោតកំពង់ស្ពឺទៅរុស្ស៊ី និងឥណ្ឌា ត្រូវរាំងស្ទះដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
02, Jun 2022 , 11:37 am        
រូបភាព
(ស្ករត្នោតកំពង់ស្ពឺ)
(ស្ករត្នោតកំពង់ស្ពឺ)
ភ្នំពេញ៖ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានបង្កការរាំងស្ទះដល់ដំណើរការនាំចេញស្ករត្នោតកំពង់ស្ពឺប្រមាណ ១៥០តោនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី និងឥណ្ឌា។ យ៉ាងណា ស្ករត្នោតកំពង់ស្ពឺ នៅតែមានទីផ្សារគ្រប់គ្រាន់សម្រាប់នាំចេញទៅកាន់១៥ ប្រទេសផ្សេងទៀត ជាពិសេសអឺរ៉ុប។


សមាគមស្ករត្នោតកំពង់ស្ពឺ បានបង្ហាញក្ដីរំពឹងថា ប្រសិនបើ​ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនស្ងប់ស្ងាត់នោះ ផលិតផលសម្គាល់ភូមិសាស្រ្តខេត្តកំពង់ស្ពឺមួយនេះ នឹងមានសក្ដានុពលនាំចេញកាន់តែច្រើន។ ជាមួយគ្នានេះ អាល្លឺម៉ង ក៏មានគម្រោងបញ្ជាទិញបន្ថែមនៅឆ្នាំក្រោយ។​
 
ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ លោក វី វាសនា បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា កាលពីខែធ្នូឆ្នាំ២០២១ មានខាងអាជីវកររុស្ស៊ី បានជួបពិភាក្សាជាមួយសមាគម ក្នុងការបញ្ជាទិញស្ករកំពង់ស្ពឺប្រមាណ ៥០តោនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។ ប៉ុន្តែ ដំណើរការចរចានេះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
 
ទន្ទឹមគ្នានេះ មានក្រុមហ៊ុនឥណ្ឌាមួយទៀតឈ្មោះ V6 Green Planet Private Limited ដែលចង់បញ្ជាទិញស្ករត្នោតប្រមាណ១០០តោនពីកម្ពុជា ក៏ពុំទាន់មានការឆ្លើយតបពីខាងក្រុមហ៊ុននៅឡើយដែរ។ ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺរូបនេះ សន្និដ្ឋានថា វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន អាចជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់ការចរចារវាងភាគីទាំងពីរ។
 
លោក វាសនា រៀបរាប់ដូច្នេះថា៖«​តាមពិតទៅយើងនៅតែចុះកុងត្រាជាមួយគ្នាទេ(ក្រុមហ៊ុនរុស្ស៊ី) តែដល់សង្រ្គាមកើតឡើងមក ក៏ស្ងាត់មកដល់ពេលនេះ។ ចំពោះទីផ្សារឥណ្ឌា ស្ងប់ស្ងាត់ទៅវិញ វាអាចមកពីសង្រ្គាមហ្នឹង មួយទៀត យើងបានទាក់ទងទៅគេ តែអត់ឃើញគេឆ្លើយមកយើង។ អ៊ីចឹង ក្រោយមកមានក្រុមហ៊ុនច្រើនទៀតបានទាក់ទងមក យើងក៏លុបគម្រោងបញ្ជាទិញរបស់ឥណ្ឌានោះសិនទៅ។ ទោះជា គ្មានការបញ្ជាទិញពីរុស្ស៊ី និងឥណ្ឌា ក៏យើងអត់បានបញ្ហារឿងទីផ្សារនោះដែរ»។
 
បើពិនិត្យលើការបញ្ជាទិញខាងលើនេះ មានទំហំធំ ដែលសមាគមពុំមានលទ្ធភាពផ្គត់ផ្គង់រហូតដល់១៥០តោននោះទេ។ ប៉ុន្តែ លោក វាសនា ចង់ចែករំលែក ១០ ឬ២០តោន ទៅកាន់ប្រទេសរុស្ស៊ី និងឥណ្ឌា ដើម្បីពង្រឹងទីផ្សារបន្ថែមនាពេលអនាគត។
 
លោក បន្ថែមថា បច្ចុប្ប​ន្ន ទីផ្សារស្ករត្នោតកំពង់ស្ពឺមានច្រើន ខណៈការផលិតមិនទាន់គ្រប់គ្រាន់តាមការបញ្ជាទិញនៅឡើយ។ ដូច្នេះ សមាគមរបស់លោក កំពុងពង្រឹងការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្រៅប្រទេស ជាពិសេសអឺរ៉ុប។
 
បច្ចុប្បន្ន សមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិកអចិន្ត្រៃយ៍ ១៥៥គ្រួសារ ដែលអាចផលិតស្ករបានប្រមាណ១៥០ ទៅ១៧០តោនក្នុងមួយឆ្នាំ។ រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញស្ករត្នោត ប្រហែល ៥៧តោន ទៅកាន់១៥ប្រទេស ក្នុងនោះរួមមាន បណ្ដាប្រទេសអាស៊ាន ជប៉ុន ចិន កាណាដា និងមួយផ្នែកធំនាំចេញទៅសហគមអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីសមាគមស្ករត្នោតកំពង់ស្ពឺ។
 
សូមជម្រាបថា ស្ករត្នោតកំពង់ស្ពឺត្រូវ បានរដ្ឋាភិបាលដាក់ជាផលិតសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១០ និងនៅឆ្នាំ២០១៩ សហភាពអឺរ៉ុបដាក់ជាទំនិញសម្គាល់ភូមិសាស្ត្រ៕
 
 

Tag:
 កសិកម្ម
  ស្ករត្នោតកំពង់ស្ពឺ
  សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
 ការនាំចេញស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com