ភ្នំពេញ៖ រយៈពេល៤ខែមកនេះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៣ម៉ឺននាក់ បានចូលមកកម្ពុជាតាមផ្លូវអាកាស។ តួលេខនេះ មានកំណើនរហូតដល់ជិត២៤៤ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។
កម្ពុជាទទួលភ្ញៀវតាមអាកាសយានដ្ឋានអន្តរជាតិ បានចំនួន១៣១ ៨៦៤នាក់ ពីខែមករាដល់មេសា ឆ្នាំ២០២២ ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួននេះគឺបានកើនដល់អត្រា២៤៣,៩ភាគរយ ធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានត្រឹម៣៨ ,៣៤៦នាក់ ប៉ុណ្ណោះ។
ទិន្នន័យពីក្រសួងទេសចរណ៍ បន្តបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង១៣ម៉ឺននាក់ ដែលធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាសនោះមាន ១១៣ ៤០៦នាក់ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, មាន១៥ ១៧១នាក់ ចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងភ្ញៀវបរទេស ៣ ២៨៧នាក់ទៀត គឺចូលតាមអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។
ក្រៅពីទទួលបានភ្ញៀវទេសចរបរទេសតាមផ្លូវអាកាសហើយនោះ កម្ពុជាក៏ទទួលទេសចរអន្តរជាតិតាមផ្លូវទឹក និងគោក ចំនួន១០៩ ៦២១នាក់ ផងដែរ។ ដូច្នេះក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក និងទឹក បានសរុប ២៤១ ៤៨៥នាក់ ដែលចំនួនកើនបាន១៩១,៥ ភាគរយ បើធៀបនឹងពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ចំពោះភ្ញៀវទេសចរដែលមកកម្សាន្តកម្ពុជាច្រើនជាងគេ ដោយឈរនៅលំដាប់លេខមួយនោះ គឺជនជាតិរៀតណាម, ជនជាតិថៃ ឈរលេខ២ ខណៈជនជាតិចិន ឈរនៅលំដាប់លេខបី។ បន្ទាប់មក គឺជនជាតិអាម៉េរិក,ឥណ្ឌូនេស៊ី, បារាំង, កូរ៉េខាងត្បូង, ម៉ាឡេស៊ី និងអង់គ្លេស ជាដើម។
ដ្បិតបច្ចុប្បន្ន កម្ពុជាទទួលបានកំណើនទេសចរអន្តរជាតិខ្ពស់ក៏ពិតមែន ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិសរុប ២៤១ ៤៨៥នាក់នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២០ ដែលជំងឺកូវីដ-១៩ មិនទាន់មានការរីករាលដាលខ្លាំងនោះ គឺធ្លាក់ដល់៩២,៩ភាគរយ។
សម្រាប់ឆ្នាំ២០២២ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរ សរុបប្រមាណ១០លាននាក់។ ក្នុងនោះ ទេសចរអន្តរជាតិមានពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុង មានចំនួន៩លាននាក់។ បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក វិស័យទេសចរណ៍កម្ពុជានឹងវិលម0កសភាពល្អដូចមុនវិញ នៅឆ្នាំ២០២៥។ ដោយឡែក កម្ពុជារំពឹងទទួលបានទេសចរផ្ទៃក្នុង១១លាននាក់ នៅឆ្នាំ២០២៣ និងទទួលបានទេសចរអន្តរជាតិចំនួន៧លាននាក់ នៅក្នុងឆ្នាំ២០២៥។
ក្តីរំពឹង បានកើតឡើងបន្ទាប់ពី កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញពេញ ចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១មក ខណៈចលនាទេសចរផ្ទៃក្នុង គឺមានការកើនឡើងយ៉ាងផុសផុល។
លោក តុប សុភ័ក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា៖ «ចំណុចសំខាន់ គឺយើងឃើញស្ថានភាពនៃចលនាទេសចរក្នុងយើងមានការផុសផុល ហើយការផុសផុលធ្វើឱ្យមានកំណើនទេសចរក្នុងស្រុក ប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។ ចំនួននេះ អាចចាត់ទុកបានថា ជាចំនួនមួយដ៏ច្រើន ហើយក៏វាស្មើនឹងចំនួននៃភ្ញៀវទេសចរក្នុងស្រុក មុនពេលមានវិបត្តិកូវីដ-១៩ ផងដែរ»៕