ជាតិ
យូនីសេហ្វ បាន​រើសយុវជន១៥រូបឱ្យចូលរួមកម្មវិធីជំនាន់ថ្មីឆ្នាំ២០២២ ដើម្បីបង្កើត​លទ្ធផល​វិជ្ជ​មានក្នុងសង្គម
05, Jun 2022 , 10:59 am        
រូបភាព
ដើម្បីអបអរសាទរទិវាកុមារនៅកម្ពុជា អង្គការ យូនីសេហ្វ បានប្រកាសបង្ហាញបេក្ខជនចំនួន១៥រូប ដែលទើបត្រូវបានជ្រើសរើសសម្រាប់កម្មវិធីជំ​នាន់ថ្មីឆ្នាំ២០២២របស់ខ្លួន បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ២០២១កន្លងមក។ កម្មវិធីជំនាន់ថ្មី ត្រូវបានបង្កើតឡើងដើម្បីគាំទ្រយុវជនកម្ពុជា ដែលមានទេពកោសល្យ ហើយមានគំនិតបង្កើតនូវការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ដោយការផ្គូផ្គងពួកគេជាមួយគ្រូណែនាំ ផ្តល់ការបណ្តុះបណ្តាល និងឱកាសដល់ពួកគេ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យទៅសកម្មភាពជាក់ស្តែង។

 
យោងតាមសេចក្តីប្រកាសព័ត៌មាន​ ចុះផ្សាយនៅថ្ងៃទី២ មិថុនា អង្គការ​យូនីសេហ្វ បញ្ជាក់ថា ​បេក្ខជនដែលត្រូវបានជ្រើសរើស​ ក៏ត្រូវបានប្រកាសបង្ហាញខ្លួននៅក្នុងពិធីដ៏ពិសេសមួយ ជាមួយនឹងវត្តមានភ្ញៀវកិត្តិយស ដែលជាដៃគូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីទ្បា និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ 
 
យុវតី ហាក់ ស្រីពៅ ដែលជាបេក្ខនារីជាប់ក្នុងកម្មវិធីជំនាន់ថ្មី បាននិយាយថា នាងជឿ​ថា កម្មវិធីជំនាន់ថ្មីដែលគាំទ្រដោយយូនីសេហ្វ អាចជួយខ្លួនកសាងជំនាញ ដើម្បីប្រមូលការចូលរួមពីសហគមន៍ ផ្តល់ការហ្វឹកហ្វឺនលេងបាល់ទាត់ និងរៀបចំចងក្រងក្រុមបាល់ទាត់នារី​។​គម្រោងរបស់យុវតី ​ស្រីពៅ មានឈ្មោះ Girl Football Kick  ដែលមានគោលបំណងជំរុញឲ្យមានក្មេងស្រីកាន់តែច្រើ នចូលរួមលេងបាល់ទាត់ ជួយគាំទ្រពួកគេឲ្យអភិវឌ្ឍភាពជឿជាក់លើខ្លួនឯង ជំនាញធ្វើការងារជាក្រុម និងជំនាញដទៃទៀត ហើយ​​ក៏ជួយលើកកម្ពស់សុខភាពរបស់ពួកគេដែរ។ យុវតី ហាក់ ស្រីពៅ បានបន្ថែមទៀតថា៖ «តាមរយៈយូនីសេហ្វ និងកម្មវិធីជំនាន់ថ្មីនេះ ខ្ញុំចង់រៀនពីវិធីតបស្នងត្រលប់ទៅកាន់សង្គមវិញ នូវអ្វីដែលខ្ញុំបានរៀនសូត្រកន្លងមក។»។
 
លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  និងលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានចូលរួមជាភ្ញៀវកិត្តិយសនាពិធីប្រកាសបង្ហាញបេក្ខជនដែលត្រូវជ្រើសរើនេះ ក៏បានប្រកាសថា​ នឹងចូលរួមធ្វើជាគ្រូណែនាំក្នុងកម្មវិធីជំនាន់ថ្មីឆ្នាំ២០២២នេះ។


 
 
លោក សំហេង បុរស បានមានប្រសាសន៍នៅក្នុងកម្មវិធីថា៖ «ដោយបានមកចូលរួមនៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជា មានសក្តានុពលជាច្រើន ហើយប្អូនៗទាំងអស់គ្នា គឺជាសក្តានុពល។ ខ្ញុំតែងតែមានបំណងជួយប្រជាពលរដ្ឋឲ្យផ្លាស់ប្តូរទៅរកភាពប្រសើរជាងមុន និងបង្កើតសង្គមមួយដ៏ល្អជាងមុន។ ហើយនេះជាមូលហេតុដែលខ្ញុំប្រកាសឥទ្បូវនេះថាខ្ញុំនឹងធ្វើជាគ្រូណែនាំ ក្នុងកម្មវិធីជំនាន់ថ្មីនាឆ្នាំនេះ។ ខ្ញុំសូមស្នើឲ្យប្អូនៗ ធ្វើជាអ្នកដឹកនាំដ៏ល្អបំផុត ដែលអាចធ្វើបាន និងជំរុញទឹកចិត្តដល់អ្នកដទៃឲ្យធ្វើដូចប្អូនដែរ។»។
 
​ក្នុងឆ្នាំ២០២១ គម្រោងជួយសង្គមចំនួន១២ត្រូវបានបង្កើតឡើង និងបានបន្តអនុវត្តរហូតមកដល់ឆ្នាំនេះទៀត ​ក្នុងនោះ​មានយុទ្ធនាការលើកកម្ពស់សុខភាពផ្លូវចិត្តតាមបណ្តាញ​ TikTokដែលទទួលបានការចូលមើលច្រើនជាងមួយសែនដង។ បទចម្រៀង និងវីដេអូតន្ត្រីដ៏ពេញនិយម និយាយពីបម្រែបម្រួលអាកាសធាតុ និងគម្រោងប្រកបដោយភាពច្នៃប្រឌិតដែលការពារបរិស្ថាន ស្របពេលដែលបង្កើនប្រាក់ចំណូលដល់ស្រ្តីដែលពុំសូវមានជីវភាពធូរធារ ក៏ស្ថិតក្នុងគម្រោងទាំង១២នោះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេ​ហ្វ។ 
 
​កម្មវិធីជំនាន់ថ្មីឆ្នាំ២០២២ យូនីសេហ្វកម្ពុជា មានគោលដៅពង្រីកកម្មវិធីនេះដោយផ្តោតទៅលើការពង្រឹងការចូលរួមក្នុងសង្គមរបស់យុវជន។ យុវជន​ទាំង១៥នាក់ ដែលត្រូវជ្រើសរើសសម្រាប់កម្មវិធីនៅឆ្នាំនេះ ​​ត្រូវបានផ្គូផ្គងជាមួយគ្រូណែនាំ១៥រូប ហើយធ្វើការរួមគ្នា ដើ​ម្បីជំរុញការចូលរួមពី​យុវជនយ៉ាងតិច ៥ ០០០នាក់ ដែលជាអ្នកគាំទ្រ ឬអ្នកស្ម័គ្រចិត្ត សម្រាប់គម្រោងរបស់ពួកគេ។ លទ្ធផលពង្រីកយ៉ាងទូលំទូលាយនេះ អាចនឹងសម្រេចបានពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការខាងក្រៅ និងការប្រើប្រាស់កាន់តែច្រើនថែមទៀត នូវភាពជាដៃគូជាមួយយុវជនដែលមានស្រាប់ របស់យូនីសេហ្វ។ សកម្មភាពទាំងនេះ រួមមានកម្មវិធីបំណិនជីវិតមូលដ្ឋាន(LLS) ដែលជាកម្មវិធីអនុវត្តដោយក្រសួងអប់រំ និងយូនីសេហ្វ ដើម្បីអនុវត្តជាមួយសាលារៀនចំនួន៥០ និងសិស្សចំនួន២ ០០០នាក់ និងក្រុមតំណាងយុវវ័យ និងយុវជន(AYRG) ដែលជាបណ្តាញបង្កើតឡើងដោយយូនីសេហ្វកម្ពុជា ដើម្បីគាំទ្រដល់ការងារកិច្ចគាំពារកុមាររបស់ខ្លួន ហើយដែលមានសមាជិក ៣០០នាក់ ធ្វើការជាមួយបណ្តាញផ្សេងៗ ដែលមានយុវជនជាង ១០ម៉ឺននាក់។
 
លោកស្រី ស្រូយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ​បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា តាមរយៈកម្មវិធីជាច្រើន មានដូចជាកម្មវិធីជំនាន់ថ្មីនេះ។ អ្នកស្រី សុជាតិ បន្តអះអាងថា អាទិភាពរបស់ក្រសួងអប់រំ ជាពិសេសរបស់អគ្គនាយកដ្ឋានយុវជន គឺលើកកម្ពស់ និងអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជនកម្ពុជា ដែលពួកគេជាកម្លាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាពេលអនាគត។​


 
លោកស្រី ស្រូយ សុជាតិ លើកទឹកចិត្ត​យុវជនដែលបានជ្រើសរើសទាំងអស់ដូច្នេះ៖ «ក្នុងចំណោមយុវជនរាប់លាននាក់ក្នុងប្រទេសកម្ពុជា តើមានមូលហេតុអ្វី ដែលប្អូនៗទាំងអស់គ្នា ត្រូវបានគេជ្រើសរើស? ពីព្រោះប្អូនៗទាំងអស់ គឺជាយុវជនឆ្នើមជាងគេ នៅក្នុងចំណោមយុវជនទាំងអស់ ដែលបានដាក់ពាក្យ។ ដូច្នេះសូមចាប់យកអត្ថប្រយោជន៍ផ្តល់ដោយឱកាសនេះឲ្យអស់។»។     
 
យុវជនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីជំនាន់ថ្មីនេះ គឺត្រូវបានជ្រើសរើសមកពីទូទាំងប្រទេសកម្ពុជា ហើយពួកគេមានគម្រោងកៀងគរសហគមន៍ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យ តាមរយៈគម្រោងខ្លួន។ គម្រោងទាំងនោះ មានចាប់តាំងពីគម្រោងអនុវត្តនៅទីក្រុងភ្នំពេញ ដែលនឹងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល តាមរយៈសន្និសីទ និងកិច្ចប្រជុំស្តីពីបច្ចេកវិទ្យា រហូតដល់គម្រោងកៀងគរយុវជន ក្នុងសហគមន៍ជនបទ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
 
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ប្អូនទាំងអស់គ្នានៅទីនេះ គឺកំពុងចាប់ផ្តើមនូវដំណើរមួយដ៏អស្ចារ្យមួយ ហើយខ្ញុំចង់និយាយថាអ្នករាល់គ្នា ពិតជាធ្វើបានល្អណាស់។ ខ្ញុំបានសម្រេចចិត្តចូលរួមជាផ្នែកមួយ នៃកម្មវិធីនេះ ពីព្រោះនៅពេលខ្ញុំចូលរួមស្វែងយល់ ពីគម្រោងនានាកាលពីឆ្នាំមុន ហើយខ្ញុំមានការកោតសរសើរយ៉ាងខ្លាំង ចំពោះការងារទាំងអស់របស់យុវជន ដែលផ្តល់លទ្ធផលសង្គមដល់ប្រជាពលរដ្ឋយ៉ាងច្រើន។ ដូច្នេះសូមរក្សានូវទឹកចិត្តក្លៀវក្លា និងថាមពលរបស់អ្នក ហើយអ្នកនឹងផ្តល់ឲ្យយើងនូវថាមពលទាំងនោះផងដែរ។»។ 
 
ទោះបីជាគម្រោងថ្មីៗទាំងអស់ មានលក្ខណៈខុសគ្នាក៏ដោយ វិស័យអាទិភាពគឺរួមមានបរិ​ស្ថាន ការអប់រំ និងការរស់នៅប្រកបដោយសុខភាពល្អ រួមទាំងសុខភាពផ្លូវចិត្ត។ គម្រោងនេះនឹងមានសកម្មភាពរយៈពេល៦ខែ ដែលរៀបចំទ្បើងដើម្បីគាំទ្រយុវជន ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន ដែលនឹងចាប់ផ្តើមអនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ក្មេងជំទង់ប្រមាណ ១,២ ប៊ីលាននាក់ក្នុងពិភពលោក គឺជាធនធានដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត ទៅរកពិភពលោកមានសមភាព និងនិរន្តរភាជាងមុន។ ប្រវត្តិសាស្រ្តកន្លងមកបានបង្ហាញថា ការចូលរួមរបស់ក្មេងជំទង់ គឺជាកម្លាំងមួយដ៏មានថាមពលសម្រាប់ការផ្លាស់ប្តូរ បើពួកគេនូវតែមិនទទួលបានឱកាសស្មើភាពគ្នា ក្នុងការចូលរួមក្នុងសង្គមទ្បើយ។»។ 


 
បើតាម លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ កម្មវិធីជំនាន់ថ្មីនៅឆ្នាំមុន បានបង្ហាញពីចំណង់យ៉ាងធំធេងរបស់យុវជនកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេកំពុងជួបប្រទះ ជាមួយវិធីសាស្រ្តប្រកបថាមពល និងភាពច្នៃប្រឌិត។ នៅឆ្នាំនេះ យូនីសេហ្វ នឹងពង្រីកកម្មវិធីនេះបន្ថែមទៀត ដើម្បីឲ្យយុវជនកម្ពុជារាប់ពាន់នាក់បន្ថែមទៀត អាចចូលរួមធ្វើការ ដើម្បីឈានទៅរកអនាគតប្រសើរជាងមុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com