ជាតិ
បោះឆ្នោត
ការបោះឆ្នោត ចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៣ល្ងាច បន្ទាប់មកនឹងចាប់ផ្តើមរាប់សន្លឹកឆ្នោត
05, Jun 2022 , 9:05 am        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ប្រជាពលរដ្ឋ ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកដែលមានឈ្មោះបោះឆ្នោត បាននាំគ្នាចេញទៅបោះឆ្នោតហើយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការិយាល័យបោះឆ្នោត បានបើកចាប់តាំងពីម៉ោង៧ព្រឹក សម្រាប់ឲ្យប្រជាពលរដ្ឋ ចូលបោះឆ្នោត ហើយនឹងត្រូវបិទបញ្ចប់នៅព្រឹមម៉ោង៣ល្ងាច។



គ.ជ.ប បានឲ្យដឹងទៀតថា ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង៣ល្ងាច ការរាប់សន្លឹកឆ្នោតបឋម នឹងត្រូវចាប់ផ្តើមតែម្តង។ គ.ជ.ប អះអាងថា ការរាប់សន្លឹកឆ្នោតបឋម នឹងត្រូវចំណាយពេលរហូតដល់ម៉ោង១២យប់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយត្រូវផ្សាយបន្តទៀត ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើប គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។ 

ការរាប់សន្លឹកឆ្នោតបឋមនេះ នឹងត្រូវផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz, វិទ្យុ FM 96 MHz, វិទ្យុវត្តភ្នំ FM 105.70 MHz), គេហទំព័ររបស់ គ.ជ.ប (electresult.nec.gov.kh), កម្មវិធីទូរស័ព្ទដៃ NEC KH និង CamNEC News, Facebook គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee, និង YouTube គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee ជាដើម។

សូមបញ្ជាក់ថា មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ៕

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com