ជាតិ
បោះឆ្នោត
អាចប្រឈមនឹងច្បាប់ បើមិនទៅបោះឆ្នោត តែជ្រលក់ទឹកខ្មៅ ដើម្បីបន្លំថា បានបោះឆ្នោត
05, Jun 2022 , 10:00 am        
រូបភាព
ប្រជាពលរដ្ឋ ជ្រលក់ចង្អុលដៃនឹងទឹកខ្មៅ ពេលបោះឆ្នោតរួច នៅមណ្ឌលមួយ ក្រុងសៀមរាប នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ អ៊ីសា រ៉ហានី
ប្រជាពលរដ្ឋ ជ្រលក់ចង្អុលដៃនឹងទឹកខ្មៅ ពេលបោះឆ្នោតរួច នៅមណ្ឌលមួយ ក្រុងសៀមរាប នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ អ៊ីសា រ៉ហានី
អ្នកដែលមិនបានទៅបោះឆ្នោត មិនត្រូវជ្រលក់ចង្អុលដៃនឹងទឹកខ្មៅអ្វីផ្សេង ដើម្បីបំភាន់ថា ខ្លួន បានទៅបោះឆ្នោតឡើយ ព្រោះទង្វើនេះ គឺអាចនាំឲ្យប្រឈមនឹងផ្លូវច្បាប់។



លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា គ.ជ.ប នឹងស៊ើបអង្កេតលើជនណា ដែលមិនបានទៅបោះឆ្នោត តែជ្រលក់ចង្អុលដៃនឹងទឹកខ្មៅ។ បើតាមអ្នកនាំពាក្យ ទឹកខ្មៅពិតប្រាកដ ដែលត្រូវបានប្រើប្រាស់សម្រាប់ជ្រលក់ចង្អុលដៃរបស់អ្នកបោះឆ្នោត យ៉ាងហោចណាស់មានរយៈពេល១សប្តាហ៍ ទើបជ្រះ ឬរលុប។

លោក បន្តថា ការស៊ើបអង្កេតនេះ ដើម្បីដឹងថា ជនដែលមិនបានទៅបោះឆ្នោតនោះ ជ្រលក់ចង្អុលដៃនឹងទឹកខ្មៅ ព្រោះចង់រួចបានរួចខ្លួនពីការប្រឈមមុខនឹងស្ថាប័នខ្លួន ឬរូបគេ មានចេតនាអ្វីផ្សេង។ យ៉ាងណា លោក មិនអាចបញ្ជាក់ឲ្យច្បាស់ឡើយថា អ្នកដែលមិនបានទៅបោះឆ្នោត ហើយលួចជ្រលក់ទឹកខ្មៅផ្សេង នឹងត្រូវមានទោសកម្រិតណា ដោយលោក អះអាងថា លុះត្រាតែឆ្លងកាត់ការស៊ើបអង្គេតលើរូបគេជាមុនសិន។

អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា៖«[ការជ្រលក់ចអង្អុលដៃ ដើម្បីបំភាន់ថា បានទៅបោះឆ្នោត] គឺជាការបង្កើតព្រឹត្តិការណ៍ឲ្យមានការភាន់ច្រឡំដល់ការបោះឆ្នោត»។

ក្រៅពីមិនត្រូវជ្រលក់ចង្អុលដៃ ដើម្បីបន្លំថាបានបោះឆ្នោត លោក ហង្ស ពុទ្ធា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋ កុំឲ្យធ្វើសកម្មភាពមួយចំនួនផ្សេងទៀត ដែលនាំឲ្យខ្លួន ប្រឈមនឹងផ្លូវច្បាប់ដែរ។ អ្វី ដែលលោក ហាមប្រាមនោះ មានដូចជា មិនត្រូវបំផុសព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកបោះឆ្នោត និងមិនត្រូវបង្កសកម្មធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ជាដើម។

សូមបញ្ជាក់ថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣ល្ងាច៕

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com