ជាតិ
បោះឆ្នោត
លោក កឹម សុខា មិនទៅបោះឆ្នោតឡើយ ព្រោះគ្មានជម្រើសសម្រាប់រើស
05, Jun 2022 , 10:42 am        
រូបភាព
លោក កឹម សុខា អង្គុយនៅមុខទ្វារផ្ទះរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីកន្លងមក។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​
លោក កឹម សុខា អង្គុយនៅមុខទ្វារផ្ទះរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីកន្លងមក។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​
មជ្ឈដ្ឋានទូទៅ នាំគ្នាចាំមើលថា តើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះដែរឬទេ? ចម្លើយ គឺ  លោក សម្រេចចិត្តមិនទៅ។



លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា សរសេរសារខ្លីមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖«ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោកជ្រើសរើស»។

ឆ្លើយនឹងតបនឹងសារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាមដែរនោះ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា សរសេរបែបនេះថា៖«បើមិនមានបេក្ខភាពគណបក្សនយោបាយ ឬអ្នកដឹកនាំណា ដែលជាជម្រើសពិត ពលរដ្ឋក៏មានសិទ្ធិមិនទៅជ្រើសរើសដែរ ព្រោះ [បើតាម] រដ្ឋធម្មនុញ្ញកម្ពុជា ការទៅបោះឆ្នោតឬមិនទៅបោះបោះឆ្នោត មិនមែនជាកតព្វកិច្ចរបស់ពលរដ្ឋទេ ការគោរពនិងការពារសិទ្ធិពលរដ្ឋ ទៅវិញទេ គឺជាកតព្វកិច្ច»។

មានគណបក្សក្រៅរដ្ឋាភិបាលចំនួន១៦ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ គណបក្សក្រៅរដ្ឋាភិបាលទាំង១៦នោះ គឺ គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com