ជាតិ
៧៣ឆ្នាំហើយ ដែលកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម
06, Jun 2022 , 11:30 am        
រូបភាព
រូបពី AFP
រូបពី AFP
មកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាក្រោម ឬកូសាំងស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម អស់រយៈពេល៧៣ឆ្នាំហើយ។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង ដែលអំឡុងពេលនោះកំពុងដាក់អាណានិគមលើកម្ពុជា បានប្រគល់កម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រង។



អ្នកដែលបានចុះហត្ថលេខាលើឯកសារស្តីពីការប្រគល់អធិបតេយ្យភាពនៃទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាម គឺមេដឹកនាំ៣រូបនៃប្រទេសបារាំង គឺលោក វាំងសង់ អូរីយុល (Vincent Auriol) ជាប្រធានាធិបតេយ្យ លោក អង់រី គើយ (Henri Queuille) ជានាយករដ្ឋមន្រ្តី និង លោក ប៉ូល កូស ផ្លរ៉េ (Paul Coste-Floret) ជារដ្ឋមន្រ្តីទឹដីបារាំងឯនាយសមុទ្រ។ ការប្រគល់អធិបតេយ្យភាពនៃកម្ពុជាក្រោមទៅឲ្យវៀតណាមនេះ ក៏មានការអនុម័តយល់ព្រមពីសភាបារាំងដែរ។

លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម សរសេរក្នុងសេចក្តីថ្លែងការណ៍ស្តីពីខួប៧៣ឆ្នាំ ដែលកម្ពុជាក្រោមបាត់អធិបតេយ្យភាពទៅវៀតណាម ថា ការសម្រេចរបស់បារាំងក្នុងការប្រគល់អធិបតេយ្យភាពនៃកម្ពុជាក្រោម ទៅឲ្យវៀតណាម គឺធ្វើឡើយដោយគ្មានការដឹងឮពីប្រជាជនខ្មែរក្រោម ដែលជាជនជាតិដើមលើទឹកដីកម្ពុជាក្រោមឡើយ។ លោក បន្តថា មកដល់ពេលនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម រួមទាំងប្រជាពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក មិនដែលទទួលស្គាល់ការសម្រេចរបស់បារាំងក្នុងការប្រគល់អធិបតេយ្យភាពនៃកម្ពុជាក្រោម ទៅឲ្យវៀតណានោះទេ។

សូមបញ្ជាក់ថា កម្ពុជាក្រោម មាន២១ខេត្ត មានផ្ទៃដីសរុប៦៧៧០០គីឡូម៉ែត្រការ៉េ ហើយបច្ចុប្បន្ន មានប្រជាជនប្រមាណ៧លាននាក់៕

Tag:
 កម្ពុជាក្រោម
  ខួប៧៣ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com