ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សមូលដ្ឋានអះអាងពីលទ្ធផលប្រសើរជាងអាណត្តិមុន ប៉ុន្តែការដណ្តើមកៅអីមេឃុំមិនទាន់បានសម្រេច
06, Jun 2022 , 5:31 pm        
រូបភាព
ដោយ: ថ្មីៗ
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ថា ខ្លួនបន្តទទួលបានតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់-សង្កាត់ ច្រើនជាងអណត្តិមុន ប៉ុន្តែផែនការទទួលយកជ័យជម្នះជាមេឃុំ ដើម្បីកសាងឃុំ-សង្កាត់គំរូ តាមគោលនយោបាយ «ស៥» មិនទាន់បានសម្រេចឡើយ។


យោងតាមលទ្ធផលបឋម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានក្លាយជាគណបក្សលំដាប់ទីពីរដែលទទួលបានសំឡេងគាំទ្រ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា នៅតាមឃុំមួយចំនួន ក្នុងចំណោម៣២ឃុំ-សង្កាត់ ក្នុង១៥រាជធានី-ខេត្ត។ គណបក្សមិនបានផ្តល់របាយការណ៍លំអិតពីសំឡេងនៅមូលដ្ឋានដែលបានឈរឈ្មោះនោះឡើយ ប៉ុន្តែបើតាមឯកសារ គ.ជ.ប គណបក្សមួយនេះ បន្តរក្សាតំណាងក្រុមប្រឹក្សានៅ៣ឃុំ និងទទួលអាសនៈថ្មីនៅឃុំមួយចំនួនទៀត។

នៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត គណបក្សប្រជាធិតេយ្យមូលដ្ឋាន បានលេខ២ក្នុងចំណោម៤បក្ស ដែលអាចទទួលបាន១អាសនៈ ហើយអាចរក្សាបានអាសនៈដដែលនៅឃុំប៉ាតា ស្រុកអូរយ៉ាដាវ ខេត្តព្រះវិហារ។ 

នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ប្រជាធិបតេយ្យមូលដ្ឋានអាចទទួលបាន២អាសនៈក្នុងចំណោម៧អាសនៈ។ បណ្តាឃុំផ្សេងទៀត គណបក្សមួយនេះ ក៏ទទួលបានសំឡេងប្រកៀកជាមួយគណបក្សភ្លើងទៀន ផងដែរ។

«យើងសូមអរគុណចំពោះការខំប្រឹងប្រែងរបស់អ្នកប្រជាធិបតេយ្យមូលដ្ឋាននិយម និងអ្នកគាំទ្រទាំងអស់។ យើងនៅបន្តដំណើរទៅមុខជាមួយការធ្វើនយោបាយសុចរិតភាពជាពិសេសការធ្វើនយោបាយប្រកួតប្រជែងគោលនយោបាយដើម្បីសង្គមជាតិរីកចម្រើនដោយផ្តោតលើការស្ទួយសេរីភាពនយោបាយ យុត្តិធម៌សង្គម និងការអភិវឌ្ឍបៃតង»។ នេះបើតាមការលើកឡើងរបស់ GDP។

សូមរំលឹកថា កាលពីអាណត្តិទី៤ នាឆ្នាំ២០១៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៥អាសនៈក្នុងចំណោមឃុំ-សង្កាត់ ចំនួន២៧ ដែលបានចូលរួមប្រកួតប្រជែងលើកដំបូងបំផុត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com