ជាតិ
សង្គមជាតិ
លោក នេត សាវឿន ចាត់ទុកជាគំរូវីរភាពដ៏ឧត្តម ចំពោះមរណភាពអ្នកស្រី សួង សុភាក់ នគរបាលប៉ុស្តិ៍ក្របៅ
06, Jun 2022 , 5:58 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ឲ្យធ្វើជាតំណាងរបស់ខ្លួន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្រី សួង សុភាក់ មន្រ្តីនគរបាលប៉ុស្តិ៍ក្របៅ នៃឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ លោក នេត សាវៀន ថែមទាំងផ្ញើលិខិតចូលរួមរំលែកទុក្ខជូនទៅក្រុមគ្រួសាររបស់អ្នកស្រី សួង សុភាក់ ផងដែរ។



អគ្គស្នងការនគរបាលជាតិ សរសេរក្នុងលិខិតរំលែកទុក្ខដូច្នេះថា៖«មរណភាពរបស់អ្នកស្រី សួង សុភាក់ គឺជាការបាត់បង់កូន ភរិយា និងម្តាយជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់មន្រ្តីនគរបាលជាតិដ៏អង់អាចក្លាហាន ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិត ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលពលិកម្មនេះ គឺជាគំរូដ៏ឧត្តុង្គឧត្តម ទទួលបានការគោរពកោតសរសើរ ស្ងប់ស្ងែងពីថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ»។ 
 
អ្នកស្រី សួង សុខភាក់ ដែលមានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី (ស័ក្តិ១) បានបាត់បង់ជីវិតក្នុងវ័យ២៨ឆ្នាំ ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តចូលក្នុងប្រឡាយ នៅភូមិពពេល ឃុំក្របៅ កាលម៉ោងជាង១២កន្លះ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ប្អូនប្រុសបង្កើតរបស់អ្នកស្រី ដែលជាអ្នកបើកបរ ក៏បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះដែរ។ ប្អូនប្រុសរបស់អ្នកស្រី បានបើករថយន្តជូនអ្នកស្រី ទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីចូលរួមរក្សាសន្តិសុខ៕ 
 

Tag:
 នេត សាវឿន
  មរណភាពរបស់នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com