អន្តរជាតិ
ប្រធានាធិបតី​​ម៉ិកស៊ិក​នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​​ទ្វីប​អាមេរិក​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​ឡើយ
08, Jun 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ស្ដាំ) ជួបជាមួយនឹងប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ស្ដាំ) ជួបជាមួយនឹងប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ: VOA
ក្រសួង​ការបរទេស​អាមេរិក -សន្និសីទ​កំពូលរបស់​ទ្វីប​អាមេរិក​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង Los Angeles នឹង​មិន​មាន​មេដឹកនាំ​ដ៏​សំខាន់​ម្នាក់​នៅ​ពេល​ដែល​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នោះ​ទេ។

 
លោក Lopez Obrador បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី​ការបរទេស Marcelo Ebrard នឹង​តំណាង​ឱ្យ​ប្រទេស​ម៉ិកស៊ិក​នៅ​ឯ​សន្និសីទ​កំពូល​នោះ។
 
លោក Lopez Obrador បាន​និយាយ​ថា៖ «វា​អាច​មិន​មែន​ជា​សន្និសីទ​កំពូល ប្រសិនបើ ប្រ ទេស​ទាំង​អស់​មិន​ត្រូវ​បាន​គេ​អញ្ជើញ​នោះ។
 
រដ្ឋបាល​របស់​លោក Biden មិន​បាន​អញ្ជើញ​រដ្ឋាភិបាល​គុយបា វ៉េណេហ្ស៊ុយអេឡា​និង​នីការ៉ាហ្គា​ឱ្យ​ចូលរួម​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ឡើយ​ដែល​ការណ៍​នេះ​បានធ្វើ​ឱ្យលោក Lopez Obrador សម្រេច​ចិត្ត​មិន​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​នេះ​ដែរហើយក៏​មានការរិះគន់​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អឌ្ឍគោល​ខាង​លិច​ផង​ដែរ។
 
នៅ​ថ្ងៃ​ចន្ទ​ផង​ដែរ ប្រធានាធិបតី​ឈីលី​លោក Gabriel Boric បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​អូតាវ៉ា​ប្រទេស​កាណាដា​ថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​លោក Biden ផាត់​ប្រទេស​ទាំង៣ នោះ​ជា«កំហុស»មួយ​ហើយ​លោក​នឹង​បន្ត​លើក​ឡើង​ចំណុច​នេះ​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កំពូល​នោះ។
 
លោក Boric បាន​ថ្លែង​យ៉ាង​ដូច​នេះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បន្ទាប់ពី​ជំនួប​របស់​លោក​ទាំង២។
 
នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​យល់​អំពី​ជំហរ​របស់​ប្រទេស​ម៉ិកស៊ិក ក៏ប៉ុន្តែ​បាន​ការពារ​ការសម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​បដិសេធ​ប្រទេស​គុយបា នីការ៉ាហ្គា​និង​វ៉េណេហ្ស៊ុយអេឡា​មិន​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​នេះ។
 
ក្នុង​ខណៈ​នោះ​ដែរ ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Biden បាន​ទាក់ទង​ជាមួយ«អង្គការ​សង្គម​ស៊ីវិល»មកពី​ប្រទេស​ទាំង៣នោះ​ហើយ​ពួកគេ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​សន្និសីទ​កំពូល​នេះ​ផង​ដែរ៕
 
ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានAssociated Press។
 

© រក្សាសិទ្ធិដោយ thmeythmey.com