ជាតិ
សេដ្ឋកិច្ច
មេពន្ធដារប្រកាសហៅក្រុមហ៊ុនចំនួន១៤ មកដោះស្រាយបំណុលពន្ធ
09, Jun 2022 , 10:46 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបថត ៖ GDT ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបថត ៖ GDT ។
ដោយ ៖ ធន់ សេងហុង​ 
 
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យក្រុមហ៊ុនចំនួន ១៤ ចូលមកទូទាត់បំណុលពន្ធ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងចុះហត្ថលេខាដោយលោក គង់ វិបុល ។


លិខិតអគ្គនាយកដ្ឋានពន្ធដារ បានស្នើឱ្យនាយកក្រុមហ៊ុនទាំង១៤ ចូលមកទូទាត់បំណុលពន្ធ មិនឱ្យលើសពី១៥ថ្ងៃ ក្រោយកាលបរិច្ឆេទនៃលិខិតអញ្ជើញនេះ ដោយអនុលោមតាមមាត្រា៩៤(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ។
 
កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានស្នើនាយកក្រុមហ៊ុនទាំងនោះ ចូលមកដោះស្រាយបំណុលពន្ធ ប៉ុន្តែពួកគេមិនបានចូលមកទូទាត់បំណុលពន្ធនោះទេ។ លិខិតអគ្គនាយកដ្ឋានពន្ធដារដដែល បានបន្ថែមថា ក្នុងករណីក្រុមហ៊ុនទាំង១៤ មិនចូលមកទូទាត់បំណុលពន្ធតាមកាលកំណត់ទេនោះ អគ្គនាយកដ្ឋានពន្ធដារ នឹងរក្សាសិទ្ធអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។ 
 
គួរបញ្ជាក់ដែរថា ៤ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ ជាង​ ១ ៥០០លានដុល្លារ ស្មើនឹង៥៣,២៧ភាគរយនៃផែនការ ។ លោក គង់​ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលពន្ធក្នុងឆ្នាំ២០២២ នឹងបន្តលើសផែនការ៕
 
 

Tag:
 ពន្ធដារ គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com