កីឡាជាតិ
ជាតិ
កុក បូរីស ស្នើឲ្យអ្នកគាំទ្រកម្ពុជាស្ងប់ចិត្ត ហើយគោរពឥណ្ឌា
09, Jun 2022 , 2:31 pm        
រូបភាព
ខ្សែការពារជម្រើសជាតិកម្ពុជា កុក បូរីស ពាក់អាវលេខ២០ លេងនៅក្នុងការប្រកួតជាមួយឥណ្ឌា ក្នុងការប្រកួត AFC Asian Cup កាលពីថ្ងៃទី៨ មិថុនា ២០២២
ខ្សែការពារជម្រើសជាតិកម្ពុជា កុក បូរីស ពាក់អាវលេខ២០ លេងនៅក្នុងការប្រកួតជាមួយឥណ្ឌា ក្នុងការប្រកួត AFC Asian Cup កាលពីថ្ងៃទី៨ មិថុនា ២០២២
ខ្សែការពារជម្រើ់សជាតិកម្ពុជា កុក បូរីស បានស្នើឱ្យអ្នកគាំទ្រកម្ពុជា រម្ងាប់ចិត្តខឹង ហើយងាកមកឲ្យតម្លៃលើការប្រកួត និងគោរព ដល់ឥណ្ឌាវិញ។ សាររបស់ កុក បូរីស នេះ ធ្វើឡើងក្រោយពីឃើញសន្ទុះអ្នកគាំទ្រកម្ពុជា ខឹងសម្បាលើឥណ្ឌា ដែលរៀបចំមិនបានល្អ និងបង្កបរិយាកាសល្អក់កករ មកលើកម្ពុជា។

 
ភ្លាមៗក្រោយចប់ការប្រកួតជាមួយឥណ្ឌា កាលពីថ្ងៃទី៨ មិថុនា កុក បូរីស ក៏បានចេញមុខប្រតិកម្មលើការរៀបចំការប្រកួតរបស់ក្រុមម្ចាស់ផ្ទះឥណ្ឌា ដែលហាក់ដូចជាមិនសូវឲ្យតម្លៃ និងគោរពកម្ពុជា។ ជាពិសេសការបដិសណ្ឋារកិច្ចផ្នែកម្ហូបអាហារ រួមទាំងការចាក់ភ្លេងជាតិមុនការប្រកួត និងបញ្ហារៀបចំទង់ជាតិកម្ពុជា។
 
ប៉ុន្តែក្រោយចេញប្រតិកម្ម តាមហ្វេសប៊ុកជិត១០ម៉ោង ខ្សែការពារកម្ពុជា វ័យ៣១ឆ្នាំរូបនេះ ក៏បានស្នើបានស្នើឱ្យអ្នកគាំទ្រកម្ពុជា រម្ងាប់ចិត្តខឹង ហើយងាកមកឲ្យតម្លៃលើការប្រកួត និងគោរពដល់ឥណ្ឌាវិញ។ នោះក៏ព្រោះតែ បូរីស ទំនងជាបានឃើញភាគីម្ចាស់ផ្ទះ ចេញលិខិតសុំទោសកម្ពុជា លើចំណុចអវិជ្ជមានរបស់ពួកគេ។
 
«ការខឹងរបស់តែយើង គួរតែសំដៅទៅលើអ្នករៀបចំកម្មវិធី ដែលធ្វើឲ្យមានភាពល្អក់កករ រវាងក្រុមទាំងពីរ។ យើងត្រូវតែគោរពដល់ប្រជាជនឥណ្ឌា សម្រាប់ការមកគាំទ្រក្នុងកីឡដ្ឋានរបស់ពួកគេ។ នេះជាការប្រកួតបាល់ទាត់។ យើងមិនមែនជា សត្រូវនឹងគ្នាទេ។ ខ្ញុំដឹងថា យើងទាំងអស់ឆ្លាត ហើយយល់ ដោយសារប្រជាជនកម្ពុជា គឺជាប្រជាជនដែលគួរឲ្យគោរព។»។ នេះជាសាររបស់ បូរីស នៅលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី៩ មិថុនា។
 
ឥណ្ឌា បានយកឈ្នះកម្ពុជា ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន VYBK ទីក្រុង Kolkata ប្រទេសឥណ្ឌា នៃការប្រកួតជម្រុះពូល D ក្នុងពានរង្វាន់ AFC Asian Cup 2023 កាលពីរាត្រីថ្ងៃទី៨ មិថុនា ។ 
 
សម្រាប់ កុក បូរីស ឥណ្ឌា ស័ក្តិសមទទួលបានជ័យជម្នះនេះ។ តែយ៉ាងណាកីឡាករកម្ពុជារូបនេះ ស្នើឲ្យអ្នកគាំទ្រកុំទាន់អាលបាក់ទឹកចិត្ត ហើយបន្ដឲ្យគាំទ្រថែមទៀត ចំពោះការប្រកួតបន្ទាប់ ដោយកម្ពុជា នឹងត្រូវជួបជាមួយហុងកុង និងអាហ្វហ្គានីស្ថាន។ «ពួកយើងមិនត្រឹមគ្រាន់តែផ្ដោតសំខាន់លើការប្រកួតនេះទេ ហើយត្រូវធ្វើឱ្យបានល្អជាងប្រកួតនេះ»។ នេះបើតាមខ្សែការពារវ័យ៣១ឆ្នាំ កុក បូរីស។
 
អត្ថបទទាក់ទង

 
សម្រាប់ក្រុមពូល D ម្ចាស់ផ្ទះឥណ្ឌាឈរលេខ១ បណ្តោះអាសន្ន មាន ៣ពិន្ទុ រកបាន២គ្រាប់ និងមិនមានរបូតគ្រាប់បាល់,លេខ២ ហុងកុង ទទួលបាន៣ពិន្ទុ មាន២គ្រាប់ របូតគ្រាប់បាល់១គ្រាប់ ខណៈអាហ្វហ្គានីស្ថាន និងកម្ពុជា បានត្រឹមបរាជ័យក្នុងប្រកួតដំបូងរបស់ខ្លួន៕
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com