កីឡាជាតិ
ជាតិ
លោក Keisuke Honda បន្ទោសខ្លួនឯងថានៅមានភាពខ្វះខាត ក្រោយកម្ពុជាចាញ់២ប្រកួតផ្ទួនៗ
12, Jun 2022 , 11:59 am        
រូបភាព
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដឹកនាំប្រកួតផ្ទាល់នៅទីលាន ក្នុងជំនួប កម្ពុជា-ហុងកុង រូបពីសហព័ន្ធកីឡាបាល់ទាត់
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដឹកនាំប្រកួតផ្ទាល់នៅទីលាន ក្នុងជំនួប កម្ពុជា-ហុងកុង រូបពីសហព័ន្ធកីឡាបាល់ទាត់
ក្រោយពីចាញ់ពីរប្រកួតផ្ទួនៗ ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា ថ្ងៃទី៨ និងថ្ងៃទី១១ ខែមិថុនានេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើហ្វេសប៊ុក ទំនងជាបន្ទោសខ្លួនឯង។


 
កម្ពុជា រងបរាជ័យពីរប្រកួតជាប់គ្នា ដោយប្រកួតទីមួយចាញ់ឥណ្ឌា ២-០ និងប្រកួតទីពីរ ចាញ់ ហុងកុង ក្នុងលទ្ធផល៣-០។ ចំពោះបរាជ័យផ្ទួនៗនេះ លោក Keisuke Honda ចាត់ទុកថាវាបណ្តាលពីកង្វះខាតរបស់ខ្លួន ហើយអ្នកចាត់កាវ័យ ៣៥ឆ្នាំរូបនេះ ក៏បានសរសេរសារនៅលើទំព័រហ្វេសប៊ុក ទទួលស្គាល់ភាពខ្វះខាតរបស់ខ្លួនដែរ។ 
 
៖«កីឡាករទាំងអស់ ធ្វើបានល្អណាស់ តែជាភាពខ្វះខាតរបស់ខ្ញុំ។ ប៉ុន្ដែ យើងត្រូវតែបន្ដប្រកួត ហើយយកជ័យជម្នះលើការប្រកួតបន្ទាប់ទៀត។»។ នេះជាសំណេរដែល លោក Keisuke Honda  បានបង្ហោះ ១ម៉ោងក្រោយពេលប្រកួតចប់ជាមួយហុងកុង។
 
គួររំឭកថា នៅមុនដំណើរចាកចេញរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា អ្នកចាត់ការក្រុមរូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយបង្ហាញការជឿជាក់យ៉ាងមុតមាំ លើសមត្ថភាពកីឡាករកម្ពុជា។ ខ្លឹមសារដែលលោក ​Honda បានបង្ហោះនោះមានន័យដូច្នេះ៖ ៖«មិនមែនត្រឹមតែលទ្ធផលទេ តែយើងក៏តែងតែផ្ដោតលើការរីកចម្រើនផងដែរ។ ខ្ញុំជឿថា ជ័យជម្នះ គឺជារង្វាន់សម្រាប់ការរីកចម្រើន។»។ 
 
​គួរបញ្ជាក់ថា កម្ពុជា នៅមាន១ប្រកួតទៀត ជាមួយ អាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ ខែមិថុនា នៅទីក្រុង Kolkata ប្រទេសឥណ្ឌា នៃការប្រកួត AFC Asian Cup 2023 Qualifiers៕
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com