ជាតិ
ស.ស.យ.ក.៖ ការបោះឆ្នោតឃុំសង្កាត់មានបញ្ហាបន្តិចបន្តួច តែបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
12, Jun 2022 , 2:30 pm        
រូបភាព
ស.ស.យ.ក. បាន​បញ្ជូន​សមាជិករបស់ខ្លួន​ជិត​៤ម៉ឺននាក់ ឱ្យធ្វើជាអ្នកសង្កេតការណ៍នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​អាណត្តិទី​៥នេះ។ អ្នកសង្កេតការណ៍ទាំងនេះបានតាមដាន​ដំណើរការ​បោះឆ្នោ​ត​​ ចាប់តាំងពីដំណាក់កាល​ចុះឈ្មោះបោះឆ្នោត អំឡុងពេលឃោសនា ថ្ងៃបោះឆ្នោត និងពេល​រាប់​សន្លឹកឆ្នោត។

 
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វាយតម្លៃជារួមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥​កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅក្នុង​បរិយាកាសល្អប្រសើរ និងតាម​នីតិវិធីច្បាប់។ ទោះបីជា​សមាគមយុវជន​ដ៏ធំនេះ កត់សម្គាល់អំពី​ភាពមិនប្រក្រតី​បន្តិចបន្តួចខ្លះក្ដី ស្ថាប័ននេះ​អះអាង ការបោះឆ្នោតមានតំណើរ​ការ​ ដោយសេរី យុត្តិធម៌ មិនលម្អៀង។ ការវាយតម្លៃនេះ ត្រូវបាន​ធ្វើឡើងតាម​រយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ​ដែលត្រូវបានចេញផ្សាយនៅថ្ងៃចុងសប្តាហ៍នេះ។
 
បញ្ហាខ្លះដែលត្រូវបាន​រកឃើញដោយ ស.ស.យ.ក. មានទាក់ទងនឹងការសកម្មភាពឃោសនា​ខុសច្បាប់, មន្ត្រី​គណៈកម្មការការិយាល័យបោះឆ្នោត និងភ្នាក់ងារនយោបាយខ្លះ មិនយល់ពី​សិទ្ធិ ភារកិច្ចរបស់​អ្នក​សង្កេតការណ៍, ភ្នាក់ងារគណបក្សនយោបាយ​ និងតួអង្គពាក់ព័ន្ធមួយចំនួន មិនបានយល់ច្បាស់​ពីនីតិវិធី នៃ​ដំណើរការរាប់សន្លឹកឆ្នោត។
 
ទោះយ៉ាងនេះក្ដី ស.ស.យ.ក. សរសេរនៅក្នុងសេចក្ដីថ្លែងការណ៍ថា រាល់ភាពមិនប្រក្រតីទាំងអស់ ​ត្រូវបាន​ដោះស្រាយ​តាម​យន្តការច្បាប់​ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
 
ស.ស.យ.ក. សរសេរយ៉ាង​ដូច្នេះថា៖«កិច្ចដំណើរការ​នៃការ​បោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី​៥​ នាពេលកន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាស​ល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានកា​រគំរាមកំហែង និងគ្មានហិង្សា។ ភាពមិនប្រក្រតី និងបណ្ដឹងតវ៉ាមួយចំនួន មិនបានបណ្ដាលឱ្យប៉ះពាល់​ដល់ដំណើរការ និងលទ្ធផលបោះឆ្នោតនោះទេ។»។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ស.ស.យ.ក. ក៏បានកោតសរសើរ គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត និងសមាជិកអ្នកសង្កេតការណ៍របស់ខ្លួន ​ដែលខិតខំ​បំពេញការងារដោយស្មារតីទទួលខុសត្រូវ។
 
នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី​៥ ខែមិថុនា​ឆ្នាំ២០២២ កន្លងទៅនេះ មានពលរដ្ឋជិត៧លាន ៤សែននាក់ ក្នុងចំណោមអ្នកមាន​សិទ្ធិបោះឆ្នោត​ជាង ៩លាន ២សែននាក់ បាន​ទៅចូលរួមបោះឆ្នោត។ មានគណបក្សនយោបាយចំនួន​១៧​ ដែលបាន​ចូលរួម​ប្រកួតប្រជែង​ នៅក្នុងការបោះឆ្នោតជ្រើសរើស​ឃុំសង្កាត់ទូទាំងប្រទេស​ដែលមាន ១ ៦៥២ ឃុំសង្កាត់៕

Tag:
 បោះឆ្នោត
  ស.ស.យ.ក.
  ឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com