អន្តរជាតិ
SIPRI៖ ចំនួនអាវុធនុយក្លេអ៊ែរទំនងកើនឡើងនៅទសវត្សរ៍ខាងមុខ ខណៈរដ្ឋបន្តអភិវឌ្ឍន៍អាវុធនេះ
13, Jun 2022 , 3:33 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ចំនួនអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក ត្រូវបានរំពឹងថា នឹងកើនឡើងនៅទសវត្សរ៍ខាងមុខ ខណៈរដ្ឋទាំង៩ ដែលកាន់កាប់អាវុធប្រភេទនេះ នៅតែបន្តធ្វើទំនើបកម្ម។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ចេញនៅថ្ងៃទី១៣ ខែមិថុនា។

 
គិតត្រឹមឆ្នាំ២០២២ ពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១២៧០៥គ្រាប់ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១៣០៨០គ្រាប់។ ការធ្លាក់ចុះនេះ គឺដោយសាររុស្ស៊ី និងអាម៉េរិក បានបំផ្លាញក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសភាពចាស់ រួមទាំងមានអាយុយូរឆ្នាំ ក្នុងរយៈពេល ៤ ឬ៥ឆ្នាំចុងក្រោយ។ ប៉ុន្តែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនេះ អាចនឹងហក់ឡើងនៅទសវត្សរ៍ខាងមុខ ស្របពេលរដ្ឋចំនួន ៩ ដូចជា អាម៉េរិក ចិន រុស្ស៊ី អង់គ្លេស​ បារាំង​ អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង បានខិតខំធ្វើទំនើបកម្មលើអាវុធប្រភេទនេះ។ 
 
«វាមានការចង្អុលបង្ហាញយ៉ាងច្បាស់ថា ការកាត់បន្ថយអាវុធនុយក្លេអ៊ែរក្រោយសង្រ្គាមត្រជាក់ បានបញ្ចប់ហើយ»។ លោក Hans M. Kristensen​ មន្រ្តីជាន់ខ្ពស់នៅក្នុងកម្មវិធីអាវុធប្រល័យលោករបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍ចេញថ្ងៃទី១៣ ខែមិថុនា។ 
 
ចំណែកលោក Wilfred Wan នាយកកម្មវិធីអាវុធប្រល័យលោករបស់វិទ្យាស្ថាន SIPRI លើកឡើងថា រដ្ឋដែលកាន់កាប់នុយក្លេអ៊ែរទាំងអស់ កំពុងបង្កើន និងអភិវឌ្ឍចំនួនអាវុធនុយក្លេអ៊ែរ។ បើតាមនាយកកម្មវិធីអាវុធប្រល័យលោករូបនេះ ការបង្កើន និងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ គឺដើម្បីកែលម្អប្រសិទ្ធភាពនុយក្លេអ៊ែរ និងតួនាទីរបស់អាវុធនុយក្លេអ៊ែរនៅក្នុងយុទ្ធសាស្រ្តយោធា។
 
របាយការណ៍របស់វិទ្យាស្ថានSIPRI ជុំវិញការបង្កើនអាវុធនុយក្លេអ៊ែរខាងលើ ធ្វើឡើងដោយសំអាងលើការប្រកាសរបស់ប្រទេសមួយចំនួនជុំវិញការបង្កើនអាវុធនុយក្លេអ៊ែរ។ នៅក្នុងឆ្នាំ ២០២១ អង់គ្លេសបានប្រកាសបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ ដោយឡែកបារាំងវិញ បានចាប់ផ្តើមកម្មវិធីអភិវឌ្ឍនាវាមុជទឹក ដែលបំពាក់ដោយមីស៊ីលប៉ាលីស្ទិក និងដើរដោយថាមពលនុយក្លេអ៊ែរជាផ្លូវការ ខណៈឥណ្ឌា និងប៉ាគីស្ថាន បានទំនងបន្ថែមចំនួនអាវុធនុយក្លេអ៊ែរដូចគ្នា។
 
ស្របគ្នានេះ កូរ៉េខាងជើង នៅតែបន្តផ្តោតលើកម្មវិធីនុយក្លេអ៊ែរ ដោយចាត់ទុកវាជាយុទ្ធសាស្រ្តសន្តិសុខជាតិ។ មិនតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៩ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លី និងអន្តរទ្វីបជាច្រើនគ្រាប់ផង។  
 
បើទោះកន្លងមក រដ្ឋបានគ្រប់គ្រងនុយក្លេអ៊ែរយ៉ាងល្អ និងបំបាត់នុយក្លេអ៊ែរចោលក៏ដោយ ប៉ុន្តែ នាយកវិទ្យាស្ថាន SIPRI បានព្រមានថា ហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរពេលនេះ គឺខ្ពស់ជាងនៅក្នុងសង្រ្គាមត្រជាក់ទៅទៀត។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដែលអាចជំរុញឱ្យរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរបានគ្រប់ពេល៕ 
 

Tag:
 SIPRI
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com