អន្តរជាតិ
វិមានក្រេមឡាំងសន្យាផ្តល់ការគាំទ្របន្ថែម បន្ទាប់ពីមេដឹកនាំតំបន់ផ្ដាច់ខ្លួនអ៊ុយក្រែនអំពាវនាវរកជំនួយ
14, Jun 2022 , 8:29 pm        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត AFP
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត AFP
វិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែមិថុនា លើកឡើងថា គោលដៅចម្បងរបស់រុស្ស៊ីក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនគឺការពារសាធារណរដ្ឋប្រជាមានិតដូណេត្ស និងលូហាននៃតំបន់ Donbas ដែលជាតំបន់បំបែកខ្លួនចេញពីអ៊ុយក្រែន។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំតំបន់បំបែកខ្លួនបានស្នើសុំកងកម្លាំងបន្ថែមពីទីក្រុងមូស្គូ។

 
លោក Denis Pushilin មេដឹកនាំផ្តាច់ខ្លួនតំបន់ដូណេត្ស នៅថ្ងៃទី១៣ ខែមិថុនាបានស្នើសុំជំនួយបន្ថែមពីសម្ព័ន្ធមិត្តជាពិសេសរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងកាន់តែខ្លាំងក្នុងតំបន់។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov អះអាងថា ការការពារតំបន់ Donbas ជាគោលដៅចម្បងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីដែលបានស្រង់សម្តីលោក Peskov។ 
 
ដូណេត្ស និងលូហាន ជាតំបន់បំបែកខ្លួនពីរដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ បើតាមរុស្ស៊ី ការផ្តល់ការគាំទ្រនេះ មានគោលដៅរំដោះប្រជាជនក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងកៀវ។ 
 
រុស្ស៊ី​បាន​ទទួល​ស្គាល់​តំបន់​ទាំង​ពីរ​ជា​រដ្ឋ​ឯករាជ្យមុនចូលឈ្លានពាន​អ៊ុយក្រែនមក។ ពួក​ផ្តាច់ខ្លួន​បាន​ដណ្តើម​កាន់កាប់​ទឹកដី​ធំៗ​នៃ​ភាគ​ខាងកើត​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ីលេបយកគ្រីមៀមក។
 
ជាមួយនឹងការស្នើសុំជំនួយនេះ ការវាយប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន នឹងកាន់តែតានតឹងទៀត ស្របពេដែលទីក្រុងមូស្គូដាក់គោលដៅសង្រ្គោះតំបន់នេះក្នុងប្រតិបត្តិការយោធារបស់ខ្លួននោះ។សង្រ្គាមរវាងអ៊ុយក្រែននឹងរុស្ស៊ី ក៏បានឈានចូលជិត៤ខែហើយខណៈ រុស្ស៊ីនៅតែបន្តសកម្មភាពវាយប្រហារអ៊ុយក្រែនមិនដាច់៕​
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com