វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ក្រោយដំណើរការ២៧ឆ្នាំ Internet Explorer ចូលនិវត្តន៍ចាប់ពីពេលនេះហើយ
15, Jun 2022 , 9:34 am        
រូបភាព
ដោយ ធន់ សេងហុង

ដូចជាការគ្រោងទុក ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានបិទកម្មវិធីរុករក Internet Explorer ដ៏ចំណាស់បំផុតរបស់ខ្លួនជាផ្លូវការនាថ្ងៃទី១៥ ខែមិថុនា នេះ បន្ទាប់ពីដំណើរការអស់រយៈពេលប្រមាណ២៧ឆ្នាំ។

 
ចាប់តាំងពីឆ្នាំ ២០១៦ ក្រុមហ៊ុន Microsoft មិនបានធ្វើបច្ចុប្បន្នភាពទៅលើ Internet Explorer នោះឡើយ ហើយ Internet Explorer 11 ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១៣ គឺជាការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Microsoft ។
 
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ក្នុង Blog របស់ខ្លួន កន្លងមកថា៖ «យើងសូមប្រកាសឲ្យដឹងថា អនាគត Internet Explorer នៅលើ Windows 10 ត្រូវបញ្ចូលក្នុង Microsoft Edge»។ Microsoft Edge មិនត្រឹមតែលឿន តែវាកាន់តែសុវត្ថិភាព និងទំនើបជាង Internet Explorer»។ វាក៏អាចដោះស្រាយកង្វល់នានា ពីគេហទំព័រ និងកម្មវិធីចាស់ៗដែលបន្តពី IE ផងដែរ»។
 
ក្រុមហ៊ុន Microsoft បានសម្តែងការដឹងគុណចំពោះការគាំទ្រ Internet Explorer នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនបានលើកឡើងថា៖ «មនុស្សជាច្រើន ព្រមជាមួយអង្គការនានាជុំវិញពិភពលោកបានពឹងផ្អែកលើ IE ដើម្បីគាំទ្រពួកគេ ដើម្បីបានរៀនសូត្រ ភាពរីកចម្រើន និងរបៀបធ្វើអាជីវកម្មតាមអ៊ីនធឺណិត»។
ពាក់ព័ន្ធជុំវិញព័ត៌មានរបស់ Internet Explorer ចូលនិវត្តន៍នេះដែរ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការសោកស្តាយ លាយឡំជាមួយការចំអកឡកឡឺយចំពោះកម្មវិធីមួយនេះ។ 
 
អ្នកមួយចំនួនប្រហែលជាដឹងពីភាពលំបាក និងការអត់ធ្មត់ដែលវាត្រូវការដើម្បីបើកគេហទំព័រ ឬទាញយកឯកសារផ្សេងៗនៅលើ Internet Explorer ដែលចំណាយពេលយ៉ាងច្រើន ទម្រាំផ្ទុកពេញ។ ទោះជាយ៉ាងណាក៏ដោយ Internet Explorer បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតអ្នកដែលកើតក្នុងទសវត្សរ៍ឆ្នាំ៩០។
 
តាមពិតទៅនារយៈពេលចុងក្រោយនេះ កម្មវិធី (Browser) Internet Explorer ហាក់ត្រូវបានអ្នកប្រើប្រាស់បោះបង់ចោលទាំងស្រុង ក្រោយមានគូប្រជែងធំៗដូចជា Chrome របស់ Google និង Safari របស់ Apple ជាដើម។
 
ក្រៅពី Internet Explorer 11 លែងដំណើរការជាផ្លូវការ សេវាកម្ម Microsoft 365 ដែលគ្រប់គ្រងដំណើរការ IE 11 ក៏នឹងលែងដំណើរការដូចគ្នា។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលមានមូលដ្ឋានអភិវឌ្ឍ Internet Explorer  ទាំងវ៉ិបសាយ និងកម្មវិធីទូរសព្ទ (Applications) នឹងបន្តការងារជាមួយ Edge រហូតដល់យ៉ាងហោចណាស់ចុងឆ្នាំ២០២៩។ 
 
របាយការណ៍ Statscounter បានដឹងថា Chrome ដែលជា Browser របស់ Google គ្រប់គ្រងទីផ្សាររហូតដល់៦៥ភាគរយ ហើយ Safari របស់ Apple ស្ថិតនៅលំដាប់លេខ២ ដោយមានជិតដល់១៩ភាគរយ។ Firefox ស្ថិតលេខ៣ និង Edge លេខ៤ ដោយមាន ៣,៥៩ភាគរយ និង៣,៣៩ភាគរយរៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com