អន្តរជាតិ
ស្ថានទូតរុស្ស៊ីនៅភ្នំពេញ៖ រុស្ស៊ី គោរពការសម្រេចចិត្តរបស់កម្ពុជា ទាក់ទិនជម្លោះនៅអ៊ុយក្រែន
15, Jun 2022 , 3:54 pm        
រូបភាព
មន្រ្ផ្តីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ លោក Rafael Iangareev ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបថតស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា
មន្រ្ផ្តីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ លោក Rafael Iangareev ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបថតស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា
មន្រ្ផ្តីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ លោក Rafael Iangareev ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនា បានអះអាងថា រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ដែលជារដ្ឋប្រកាន់គោលនយោបាយការបរទេសឯករាជ្យ​ ជុំវិញបញ្ហាអ៊ុយក្រែន។​ បើតាមមន្រ្តីព័ត៌មានដដែល រុស្ស៊ីនៅតែចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធរូបនេះ ហើយរុស្ស៊ី នឹងព្យាយាមពន្យល់កម្ពុជាពីហេតុផល ដែលរុស្ស៊ីត្រូវបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

 
កម្ពុជា កន្លងមក បានចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចថ្កោលទោសរុស្ស៊ី ទាក់ទិននឹងសង្រ្គាមនៅអ៊ុយក្រែន រួមទាំងជំរុញឱ្យដកទ័ពចេញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ទាក់ទិននឹងបញ្ហានេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញ បានលើកឡើងថា រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ។ 
 
«...រុស្ស៊ីគោរពគោលនយោបាយការបរទេសឯករាជ្យរបស់កម្ពុជា»។ លោក Rafael Iangareev មន្រ្តីព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ ឆ្លើយបែបនេះទៅនឹងសំណួរអ្នកសារព័ត៌មានថ្មីៗ ដែលបានសួរពីការយល់ឃើញរបស់រុស្ស៊ី ជុំវិញជំហររបស់កម្ពុជាក្នុងសន្និសីទសារព័ត៌មានពីស្ថានការណ៍អ៊ុយក្រែនលើកទី៤ នៅថ្ងៃទី១៥ ខែមិថុនា។ 
 
ដោយចាត់ទុកជាមិត្តជិតស្និទ្ធ និងមានរយៈពេលយូរ មន្រ្តីស្ថានទូតរុស្ស៊ីរូបនេះ បានបន្ថែមថា រុស្ស៊ី យល់ពីការសម្រេចចិត្តរបស់កម្ពុជា ដែលប្រហែលជាមានការឆ្លើយតបផ្សេងៗគ្នាលើបញ្ហានៅអ៊ុយក្រែន។ បើតាមលោក Iangareev រុស្ស៊ីមិនអាចមិនខ្វល់ពីអ្វីពីស្ថានការណ៍នៅតំបន់ដុនបាស ដែលរដ្ឋាភិបាលក្រុងមូស្គូ បានអះអាងថា មានការសម្លាប់ប្រជាជនខ្លួនបានទេ។ 
 
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ មន្រ្តីព័ត៌មានដដែល បានបន្តថា រុស្ស៊ីនឹងព្យាយាមឱ្យពីលទ្ធភាព ដើម្បីពន្យល់កម្ពុជាឱ្យបានយល់ពីប្រតិបត្តិការយោធារបស់ខ្លួន និងស្ថានការណ៍នៅអ៊ុយក្រែន។ 
 
មកទល់ពេលនេះ រុស្ស៊ី បានឈ្លានពានអ៊ុយក្រែនជាងរយៈពេល ១០០ថ្ងៃហើយ ដោយផ្តោតលើការរំដោះតំបន់ដុនបាស។ សង្រ្គាមមួយនេះ បានធ្វើឱ្យប្រជាជនស៊ីវិលនៅអ៊ុយក្រែនប្រមាណជាង ៤ពាន់នាក់បាត់បង់ជីវិត និងជាង ៥ពាន់នាក់របួស។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា។ 
 
មិនតែប៉ុណ្ណោះ ជម្លោះមួយនេះ បានធ្វើឱ្យតម្លៃប្រភពថាមពលហក់ឡើងខ្ពស់ ដែលជំរុញឱ្យតម្លៃអាហារ និងទំនិញផ្សេងៗ កើនតាមនោះដែរ៕ 
 

Tag:
 កម្ពុជា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com