អន្តរជាតិ
ជប៉ុន-អូស្រ្តាលី សន្យាបង្កើនកិច្ចសហប្រតិបត្តិ ស្របពេលចិនកំពុងបង្កើនឥទ្ធិពលក្នុងតំបន់
15, Jun 2022 , 8:29 pm        
រូបភាព
ប្រមុខការពារជាតិអូស្រ្តាលី លោក រីឆាត ម៉ាល (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក គីស៊ី ណូប៊ូ។ រូបភាព៖ Kyodo
ប្រមុខការពារជាតិអូស្រ្តាលី លោក រីឆាត ម៉ាល (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក គីស៊ី ណូប៊ូ។ រូបភាព៖ Kyodo
រដ្ឋមន្រ្តីការពារជាតិជប៉ុន និងអូស្រ្តាលី នៅថ្ងៃទី១៥ ខែមិថុនា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់មួយនេះ តាមរយៈសេដ្ឋកិច្ច និងយោធា។ ប្រមុខការពារជាតិជប៉ុន បានយល់ឃើញថា អូស្រ្តាលី និងជប៉ុន មានការទទួលខុសត្រូវដ៏ធំ ក្នុងការថែរក្សា និងស្ថិរភាពក្នុងតំបន់។

 
ប្រមុខការពារជាតិអូស្រ្តាលី លោក រីឆាត ម៉ាល (Richard Marles) ដែលធ្វើទស្សនកិច្ចនៅជប៉ុនលើកដំបូង ចាប់តាំងពីចូលកាន់តំណែងនៅខែឧសភា បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក គីស៊ី ណូប៊ូ ជុំវិញបញ្ហាក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី​។ ក្នុងសន្និសិទសារព័ត៌មានរួមគ្នានៅថ្ងៃទី១៥ ខែមិថុនា ប្រមុខការពារជាតិជប៉ុន និងអូស្រ្តាលី បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរ បានបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិហ្វឹកហ្វឺនកងទ័ព។ 
 
«ជប៉ុន និងអូស្រ្តាលី ពេលនេះមានការទទួលខុសត្រូវដ៏ធំសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ លោក គីស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរជំទាស់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។​
 
បើទោះមិនបានសំដៅដល់ប្រទេសណាមួយ ប៉ុន្តែប្រមុខការពារជាតិជប៉ុន ទំនងសំដៅដល់ចិន ដែលបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងនៅក្នុងតំបន់ រួមទាំងព្រមានពីការធ្វើសង្រ្គាមជាមួយតៃវ៉ាន់នៅប៉ុន្មានថ្ងៃមុន ប្រសិនបើដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។
 
ចំណែករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក ម៉ាល វិញ បានយល់ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានប្រឈមបញ្ហាស្មុគស្មាញជាច្រើន។ បើតាមមន្រ្តីជាន់ខ្ពស់អូស្រ្តាលីរូបនេះ រដ្ឋាភិបាលក្រុងកង់បេរ៉ា និងក្រុងតូក្យូ គួរតែចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខានៅខែមករា​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម និងអនុញ្ញាតឱ្យកងកម្លាំងអាចទស្សនកិច្ចនៅប្រទេសទាំងពីរទៅវិញទៅមក។ 
 
កន្លងមក​ ជប៉ុន អូស្រ្តាលី រួមទាំងសម្ព័ន្ធមិត្ត បានបង្កើនកិច្ចសហការជាមួយគ្នាជាច្រើន ដែលមានបំណងទប់នឹងឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ នៅខែឧសភា ក្រុមប្រទេស QUAD បានដាក់ចេញគំនិតផ្តួចផ្តើមដែនសមុទ្រថ្មី ដើម្បីទប់ស្កាត់នាវាចរណ៍ខុសច្បាប់ ហើយអាម៉េរិកក៏ដាក់ចេញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បី ពង្រឹងការធ្វើពាណិជ្ជកម្មក្នុងតំបន់។ 
 

Tag:
 ជប៉ុន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com