អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ប្រកាសផ្តស់ជំនួយជាង១ពាន់លានដុល្លារបន្ថែមទៅអ៊ុយក្រែន
16, Jun 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៥ ខែមិថុនា បានប្រកាសផ្តល់ជំនួយយោធា និងមនុស្សធម៌បន្ថែមជាង១ពាន់លានដុល្លារទៅអ៊ុយក្រែន។ ជំនួយយោធាលើកទី១២ នេះ ធ្វើឡើងស្របពេលកម្លាំងរុស្ស៊ី កំពុងដណ្តើមគ្រប់គ្រងទីក្រុង Severodonetsk ដែលជាក្រុងឧស្សាហកម្មមួយ នៅតំបន់លូហាននៅភាគខាងកើតអ៊ុយក្រែន។

 
ជាងរយៈពេល ១០០ថ្ងៃ សង្រ្គាមអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ខណៈកម្លាំងរុស្ស៊ី កំពុងវាយដណ្តើមគ្រប់គ្រងក្រុងសំខាន់ៗនៅភាគខាងកើត និងខាងត្បូង។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវម្ដងហើយម្ដងទៀតទៅកាន់សហគមន៍អន្តរជាតិ ឱ្យផ្តល់អាវុធបន្ថែមទៀត ជាពិសេសប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ដើម្បីបណ្តេញកម្លាំងរុស្ស៊ី។ 
 
ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំ១ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរសព្ទប្រមាណ៤១នាទីជាមួយលោក ហ្សេលេនស្គី នៅថ្ងៃទី១៥ ខែមិថុនា។
 
«ខ្ញុំបានប្រាប់ប្រធានាធិបតី ហ្សេលេនស្គីថា អាម៉េរិកនឹងផ្តល់ជំនួយសន្តិសុខ ១ពាន់លានដុល្លារ»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។ ជំនួយលើកចុងក្រោយនេះ មានដូចជាកាំភ្លើងធំ, អាវុធការពារឆ្នេរ, គ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើប។ 
 
បើតាមលោកបៃឌិន កញ្ចប់ជំនួយយោធាលើកទី១២នេះ នឹងយកទៅប្រើប្រាស់ ដើម្បីការពារតំបន់ដុនបាស។ តំបន់ដុនបាស ចាប់តាំងពីខែមេសាមក ត្រូវបានរុស្ស៊ីផ្តោតការវាយប្រហារយ៉ាងខ្លាំង ដោយផ្អែកលើហេតុផលរំដោះចេញពីការគ្រប់គ្រងរបស់របបណាហ្ស៊ីថ្មី។ 
 
បន្ថែមពីជំនួយសន្តិសុខ លោកបៃឌិន បានបន្តផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំ ២២៥លានដុល្លារសម្រាប់ប្រជាជនអ៊ុយក្រែនផង។ ជំនួយទាំងនោះ មានដូចជា ការផ្គត់ផ្គង់ទឹកសម្រាប់បរិភោគ, សម្ភារវេជ្ជសាស្រ្តសំខាន់ៗ, អាហារ, ទីជម្រក និងថវិកាមួយចំនួនសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីទិញទំនិញសំខាន់ៗ។ 
 
កន្លងមក រុស្ស៊ីបានចោទប្រទេសលោកខាងលិច ជុំវិញការផ្តល់ជំនួយយោធាមកអ៊ុយក្រែនថា ចង់ធ្វើសង្រ្គាមមិនផ្ទាល់ជាមួយរុស្ស៊ី។ 
 
ពេលនេះ កម្លាំងប្រយុទ្ធរបស់អ៊ុយក្រែន កំពុងការពារក្រុង Severodonetsk ដែលជាក្រុងឧស្សាហកម្មសំខាន់មួយនៅក្នុងតំបន់លូហាន។ ប្រសិនបើរុស្ស៊ីគ្រប់គ្រងក្រុងមួយនេះ វានឹងបើកផ្លូវឱ្យកម្លាំងរុស្ស៊ីមានច្រកទៅកាន់ក្រុង Sloviansk និងក្រុងKramatorsk ទៀត។ ក្នុងគោលបំណងគ្រប់គ្រងក្រុង Severodonetsk កម្លាំងយោធារុស្ស៊ី បានផ្តាច់ស្ពានចំនួន៣កន្លែង ដើម្បីធ្វើឱ្យកម្លាំងការពារអ៊ុយក្រែននៅក្នុងក្រុងកាន់តែឯកា រួមទាំងផ្តាច់ជំនួយយោធាពីតំបន់ភាគខាងលិចអ៊ុយក្រែនផង៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com