អន្តរជាតិ
មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ទៅដល់ក្រុងកៀវលើកដំបូង ដើម្បីបង្ហាញការគាំទ្រអ៊ុយក្រែន
16, Jun 2022 , 3:55 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ AFP
(ពីឆ្វេងទៅស្តាំ) នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ AFP
មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅថ្ងៃទី១៦ ខែមិថុនា បានទៅដល់ក្រុងកៀវហើយ ដើម្បីជួបមេដឹកនាំអ៊ុយក្រែនពិភាក្សាពីការឈ្លានពានរបស់រុស្ស៊ី និងទណ្ឌកម្ម។ ក្នុងទស្សនកិច្ចលើដំបូងនៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់អ្នកសារព័ត៌មានថា វត្តមានរបស់មេដឹកនាំទាំងបី ជាការបង្ហាញពីការបង្រួបបង្រួមរបស់អឺរ៉ុប។

 
មេដឹកនាំធំៗដូចជា នាយករដ្ឋមន្រ្តីអង់គ្លេស ប្រមុខអង្គការសហប្រជាជាតិ ប្រធានាធិបតីប៉ូឡូញ នាយករដ្ឋមន្រ្តីឆែក និងនាយករដ្ឋមន្រ្តីស្លូវេនីជាដើម  បានធ្វើទស្សនកិច្ចនៅក្រុងកៀវជាបន្តបន្ទាប់ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ក៏ដូចជាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
ក្នុងថ្ងៃទី១៦ ខែមិថុនា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង, អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី បានធ្វើទស្សនកិច្ចកិច្ចរួមគ្នាជាប្រវត្តិសាស្រ្តមួយទៅក្រុងកៀវ ដោយចេញដំណើរតាំងពីព្រឹកព្រលឹម តាមរយៈខ្សែរថភ្លើងពីប៉ូឡូញ។ 
 
ពេលនេះ មេដឹកនាំប្រទេសទាំងបី បានទៅដល់ក្រុងកៀវហើយ។ នេះបើតាមរូបថត ដែលទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញ។ ក្នុងទស្សនកិច្ចលើកដំបូងទៅក្រុងកៀវ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មានថា  វត្តមាននៅក្រុងកៀវ ជាសារបង្ហាញពីការបង្រួបបង្រួមរបស់អឺរ៉ុប។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំបារាំង បានបន្ថែមថា ការមកដល់របស់មេដឹកនាំទាំងបី ជាការបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែនទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។ មេដឹកនាំទាំងបី នឹងត្រូវជួបជាមួយលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ផងដែរ។ ការផ្តល់ជំនួយយោធា, ជំនួយមនុស្សធម៌, ការដាក់សម្ពាធលើរុស្ស៊ី, ការចូលជាសមាជិកសហភាពអឺរ៉ុប រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិ អាចនឹងជារបៀបវារៈដ៏សំខាន់នៃជំនួបមួយនេះ។ 
 
ទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុបទាំងបី ធ្វើឡើងប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំមួយកំណត់អ៊ុយក្រែនជាបេក្ខភាពរបស់ខ្លួន។ បើសិនបើសហភាពអឺរ៉ុបអនុម័តទទួល ជានីតិវិធី អ៊ុយក្រែននឹងត្រូវចំណាយច្រើនឆ្នាំ ដើម្បីចរចា ជុំវិញបញ្ហាច្បាប់ កំណែទម្រង់សេដ្ឋកិច្ច ប្រព័ន្ធតុលាការ រដ្ឋបាល និងវិស័យផ្សេងទៀត មុននឹងចូលជាសមាជិកផ្លូវការ។ ប្រសិនបើអឺរ៉ុបពន្លឿននីតិវិធីនេះ ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន មានដំណើរការរហ័សមិនខាន។
 
កន្លងមក មេដឹកនាំអ៊ុយក្រែន បានអំពាវនាវជាច្រើនលើក ដើម្បីសុំជំនួយអាវុធបន្ថែម ក៏ដូចជាដាក់សម្ពាធ តាមរយៈទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី៕ 
 

Tag:
 បារាំង
  អាល្លឺម៉ង់
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com