អន្តរជាតិ
UN៖ សង្រ្គាមអ៊ុយក្រែន រុញឱ្យតួលេខជនភៀសខ្លួនឡើងលើស១០០លាននាក់ជាលើកដដំបូង
16, Jun 2022 , 8:29 pm        
រូបភាព
សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាង ៤ ខែមកនេះ បានជំរុញឱ្យចំនួនអ្នកបម្លាស់ទីទូទាំងពិភពលោកកើនឡើងលើសពី១០០លាននាក់ជាលើកដំបូង។ បើតាមអង្គការសហប្រជាជាតិ (UN) បន្ថែមពីលើនេះ វិបត្តិអត់ឃ្លាននឹងក្លាយជាកត្តាជំរុញឱ្យពលរដ្ឋកាន់តែច្រើនភៀសខ្លួនចេញតំបន់ដែលពួកគេរស់នៅ។


ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំមួយក្នុងទីផ្សារពិភពលោក បានបង្កឱ្យមានការខ្វះខាតគ្រាប់ធញ្ញជាតិ និងជីយ៉ាងច្រើន។ បញ្ហានេះបានជំរុញឱ្យទំនិញសំខាន់ៗ និងប្រេងសាំងឡើងថ្លៃជាដើម ដែលធ្វើឱ្យមនុស្សរាប់រយលាននាក់ប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាន ដែលនាំដល់ការភៀសខ្លួនថែមទៀត។
 
លោក Filippo Grandi ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់ UN ប្រាប់អ្នកកាសែត​នៅថ្ងៃទី១៥ ខែមិថុនា ថា កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអសន្តិសុខស្បៀងពិភពលោក មានសារសំខាន់បំផុតដើម្បីការពារមិនឱ្យពលរដ្ឋភៀសខ្លួន ប៉ុន្តែវិបត្តិនេះកំពុងប្រែកាន់តែអាក្រក់ ខណៈរុស្ស៊ីមិនឈប់ឈ្លានពានអ៊ុយក្រែន។ 
 
«ផលប៉ះពាល់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយឱ្យបានឆាប់រហ័សទេនោះ បង្កការបំផ្លិចបំផ្លាញធំ»។ លោក Grandi បានលើកឡើងបែបនេះមុនបន្តថា បច្ចុប្បន្នពិភពលោកកំពុងជួបបញ្ហារួចហើយ។​ 
 
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារជនភៀសខ្លួន UNHCR ស្តីពីការផ្លាស់ទីលំនៅជាសាកល មនុស្សចំនួន​ ៨៩,៣លាននាក់ បានផ្លាស់ទីលំនៅនៅចុងឆ្នាំ២០២១។ ពោលគឺច្រើនជាងពីរដងក្នុងមួយទសវត្សរ៍។ ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ប្រជាជនអ៊ុយក្រែនប្រមាណ១៤លាននាក់ ប្រហែលជាបានភៀសខ្លួននៅក្នុងប្រទេស ឬឆ្លងកាត់ព្រំដែនក្នុងនាមជាជនភៀសខ្លួន ដែលជំរុញឱ្យចំនួនជនភៀសខ្លួនជាសកលកើនដល់១០០លាននាក់ជាលើកដំបូង។
 
បើតាមទិន្នន័យពី UNHCR នៅចុងឆ្នាំ២០២១ មនុស្សជាង ២៧,១ លាននាក់បានរស់នៅជាជនភៀសខ្លួន ខណៈដែលចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនបានកើនឡើង១១ភាគរយបើធៀបនឹងឆ្នាំមុន។ លើសពីនេះដែរ សម្រាប់ឆ្នាំទី១៥ជាប់ៗគ្នា ចំនួនប្រជាជនដែលបានផ្លាស់ទីលំនៅក្នុងប្រទេសដោយសារជម្លោះបានកើនឡើងដល់៥៣,២លាននាក់។
 
UNHCR ក៏បានព្រមានថា ការកើនឡើងនៃកង្វះស្បៀងអាហារ អតិផរណា វិបត្តិអាកាសធាតុកំពុងបន្ថែមភាពលំបាកលើការឆ្លើយតបផ្នែកមនុស្សធម៌ ខណៈកម្រិតជំនួយថវិកានៅ UNHCR ធ្លាក់ចុះយ៉ាងខ្លាំង៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com