អន្តរជាតិ
លោក ប្រាយុទ្ធ ប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្តជាលើកទី៤
16, Jun 2022 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
ដោយ:
បក្សប្រឆាំងថៃនៅថ្ងៃទី១៥ ខែមិថុនា បានស្នើឱ្យសភាបោះឆ្នោតដកទំនុកចិត្តនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា និងសមាជិកគណៈរដ្ឋមន្រ្តីថៃ ១០រូបផ្សេងទៀត ជុំវិញអំពើពុករលួយ អសមត្ថភាពដឹកនាំប្រទេស និងមិនឱ្យតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ។ នេះនឹងជាសំណើប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចុងក្រោយ មុនការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។

 
មេដឹកនាំបក្សប្រឆាំងថៃ Pheu Thai លោក Cholnan Srikaew និងសមាជិកក្រុមប្រឆាំងក្នុងសភានៅថ្ងៃទី១៥ ខែមិថុនា បានបញ្ជូនសេចក្តីស្នើទៅកាន់ប្រធានសភាថៃដើម្បីស្វែងរកការបោះឆ្នោតដកទំនុកចិត្តពីនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងសមាជិកគណៈរដ្ឋមន្រ្តីជាន់ខ្ពស់ថៃ ១០រូបទៀត។ បក្សប្រឆាំងថៃបានចោទរដ្ឋាភិបាលលោក ប្រាយុទ្ធ ពីបញ្ហាជាច្រើនដូចជាអំពើពុករលួយ ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ និងធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យតាមរយៈក្តោបក្តាប់អំណាចជាច្រើនឆ្នាំ។ 
 
« លោក (លោកប្រាយុទ្ធ) ជាមេដឹកនាំដែលមានគុណវិបត្តិ ចូលចិត្តកាន់កាប់អំណាច មិនគោរពនីតិរដ្ឋ ខ្វះសីលធម៌ និងបរាជ័យគ្រប់គ្រងកិច្ចការរដ្ឋ»។ លោក Cholnan Srikaew បញ្ជាក់ទៅកាន់សភាថៃបែបនេះ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Thanakorn Wangboonkongchana អះអាងថា រដ្ឋាភិបាលលោកគ្មានអ្វីនឹងខ្លាចចំពោះសំណើដកទំនុកចិត្តនោះទេ។​ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីថៃត្រៀមរួចរាល់ហើយដើម្បីពន្យល់ និងឆ្លើយរាល់បញ្ហា ពីព្រោះរដ្ឋាភិបាលជឿជាក់ណាស់ថា បានដឹកនាំប្រទេសដោយស្មោះត្រង់​ និងគ្មានអំពើពុករលួយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
នេះជាលើកទីបួនហើយតាំងពីការបោះឆ្នោតឆ្នាំ ២០១៩ ដែលបក្យប្រឆាំងព្យាយាមបោះឆ្នោតទម្លាក់លោក ប្រាយុទ្ធ ។ សំណើឱ្យមានការបោះឆ្នោតដកទំនុកចិត្តលើកនេះធ្វើឡើង ខណៈជម្លោះកំពុងកើតមានក្នុងចំណោមសម្ព័ន្ធភាពចម្រុះដឹកនាំរដ្ឋាភិបាល និងការធ្លាក់ចុះប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី។
 
ពាក់ព័ន្ធនឹងរឿងនេះ បើតាមអ្នកជំនាញ សំឡេងរបស់បក្សប្រឆាំងនៅសភា ទំនងជាមិនអាចផ្តួលបក្សកាន់អំណាចបានទេ ហើយលោក ប្រាយុទ្ធ នឹងអាចគេចផុតពីការទម្លាក់ចេញពីតំណែងម្តងទៀត៕
 
 
 
 

Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com