អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសឥណ្ឌា៖ តួនាទីអាស៊ានប្រហែលសំខាន់ជាងពេលណាទាំងអស់
16, Jun 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា នៅថ្ងៃទី១៦ ខែមិថុនា បានលើកសរសើរថា តួនាទីអាស៊ានប្រហែលសំខាន់ជាងពេលណាទាំងអស់ ក្នុងការកំណត់ពីបញ្ហាភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជា ដែលពិភពលោកជួបប្រទះ។ ប្រមុខការទូតរូបនេះ បានលើកឡើងថា រដ្ឋាភិបាលក្រុងញូវដែលី គាំទ្រយ៉ាងពេញទំហឹងចំពោះអាស៊ាន ដែលមានតួនាទីស្នូលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

 
ឥណ្ឌា និងអាស៊ាន រៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងខួប១០ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែមិថុនា នាក្រុងញូវដែលី។ 
 
ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំជាមួយសមភាគីសិង្ហបុរី លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា បានចាត់ទុកអាស៊ានជាអង្គការតំណាងតំបន់, ពហុភាគីនិយម និងសកលភាវូបនីយកម្ម និងមានតួនាទីកាន់តែសំខាន់។ 
 
«តួនាទីអាស៊ាននៅថ្ងៃនេះ ប្រហែលជាសំខាន់ជាងពេលណាទាំងអស់ ក្នុងការបញ្ជាក់ពីបញ្ហាប្រឈមភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជាដែលពិភពលោកជួបប្រទះ»។ លោក ចៃសានកា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៦ ខែមិថុនា ដោយបន្ថែមថា រដ្ឋាភិបាលក្រុងញូវដែលី គាំទ្រយ៉ាងពេញទំហឹងចំពោះអាស៊ាន ដែលមានដំណើរការប្រកបដោយភាពរឹងមាំ ការរួបរួម និងវិបុលភាព។ 
 
មន្រ្តីជាន់ខ្ពស់ឥណ្ឌារូបនេះ បានបន្តថា អាស៊ាន ត្រូវបានបង្កើតឡើងយ៉ាងជោគជ័យនៅក្នុងតំបន់ និងបានផ្តល់ជាមូលដ្ឋាន នៃការរៀបចំសេដ្ឋកិច្ច និងយុទ្ធសាស្រ្តសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបន្តថ្លែងថា ការរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាស៊ាន និងឥណ្ឌា អាចជាជួយស្តារច្រវាក់ផលិតកម្ម ដែលសហគមន៍អន្តរជាតិកំពុងត្រូវការក្រោយជំងឺឆ្លងសកល។
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា មានចំនួន ៧៨ពាន់លានដុល្លារ ដោយក្នុងនោះពាណិជ្ជកម្មអាស៊ាន និងសិង្ហបុរីមានទំហំធំជាងគេ ពោលគឺមានចំនួនជាង ២១ពាន់លានដុល្លារ៕ 
 

Tag:
 អាស៊ាន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com