អន្តរជាតិ
អាល្លឺម៉ង់ បារាំង រ៉ូម៉ានី និងអុីតាលី ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែនទប់ទល់រុស្ស៊ី និងចូលសហភាពអឺរ៉ុប
17, Jun 2022 , 10:46 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) អធិការបតីអាល្លឺម៉ង់/ ប្រធានាធិបតីបារាំង/ ប្រធានាធិបតីអ៊ុយក្រែន/ នាយករដ្ឋមន្រ្តីអ៊ីតាលី និងប្រធានាធិបតីរូម៉ានី។ រូបភាព៖ AFP
(ពីឆ្វេងទៅស្តាំ) អធិការបតីអាល្លឺម៉ង់/ ប្រធានាធិបតីបារាំង/ ប្រធានាធិបតីអ៊ុយក្រែន/ នាយករដ្ឋមន្រ្តីអ៊ីតាលី និងប្រធានាធិបតីរូម៉ានី។ រូបភាព៖ AFP
មេដឹកនាំអាល្លឺម៉ង់ បារាំង រូម៉ានី និងអ៊ីតាលី នៅថ្ងៃទី១៦ ខែមិថុនា បានប្រកាសបន្តជួយអ៊ុយក្រែន ទប់នឹងកម្លាំងយោធារុស្ស៊ី ដែលកំពុងផ្តោតការវាយប្រហារនៅតំបន់ភាគខាងកើត រួមទាំងការក្លាយជាបេក្ខភាពសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុបទាំង៤ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនសហភាពអឺរ៉ុបបើកកិច្ចប្រជុំកំណត់អ៊ុយក្រែនជាបេក្ខភាពរបស់ខ្លួន។

 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង, អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី ម៉ារីអូ ដ្រាហ្គី នៅថ្ងៃទី១៦ ខែមិថុនា បានជិះរថភ្លើងរួមគ្នាពីប៉ូឡូញ ទៅអ៊ុយក្រែន ដើម្បីជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ជជែកពីបញ្ហាសំខាន់ៗជាច្រើនដូចជា ជំនួយអាវុធ មនុស្សធម៌, ការដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងសមាជិកភាពសហភាពអឺរ៉ុប។ ប្រធានាធិបតីរូម៉ានី លោក Klaus Iohannis ក៏បានបង្ហាញវត្តមាននៅក្រុងកៀវដែរ ដោយជិះរថភ្លើងដោយឡែក។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា មេដឹកនាំអាល្លឺម៉ង់ បានលើកឡើងថា អ៊ុយក្រែនជាសមាជិកគ្រួសាររបស់អឺរ៉ុប ខណៈមេដឹកនាំបារាំង បានបញ្ជាក់ថា ក្រុងកៀវ អាចពឹងផ្អែកលើក្រុងប៉ារីស។ ដោយឡែកប្រធានាធិបតីរូម៉ានីវិញ បានយល់ថា អឺរ៉ុបមានការបង្រួបបង្រួមកាន់តែខ្លាំង និងរឹងមាំជាងមុន។ សារទាំងនេះ បានបង្ហាញពីការគាំទ្ររបស់មេដឹកនាំអឺរ៉ុបចំពោះអ៊ុយក្រែន ក្នុងការក្លាយជាសមាជិកសហភាពអឺរ៉ុបផង និងប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក ដ្រាហ្គី បានយល់ថា ទស្សនកិច្ចក្រុងកៀវជាចំណុចផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្ត។ បើតាមនាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ ប្រជាជនអ៊ុយក្រែន កំពុងការពារតម្លៃប្រជាធិបតេយ្យ និងសេរីភាព ដែលជាសសរស្តម្ភមួយរបស់សហភាពអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចនោះ លោកម៉ាក្រុង បានកត់សម្គាល់សំណេរលើជញ្ជាំងមួយ «ធ្វើឱ្យអឺរ៉ុបកាន់តែខ្លាំង មិនមែនសង្រ្គាមទេ» ថា វាជាសារមួយដ៏ត្រឹមត្រូវ។ 
 
ទន្ទឹមនេះ មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានថ្លែងថា ពួកគេជាអ្នកគាំទ្រដ៏ខ្លាំងមួយ ចំពោះអ៊ុយក្រែន ដែលបានដាក់ចេញចំណាត់ការជួយឱ្យសហភាពអឺរ៉ុប កាត់បន្ថយការពឹងផ្អែកនាំចូលប្រភពថាមពលពីរុស្ស៊ី និងស្វះស្វែងរកអាវុធជួយអ៊ុយក្រែន។ 
 
បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំអឺរ៉ុប លោក ហ្សេលេនស្គី បានសាទរចំពោះការគាំទ្រពីប្រទេសជាមិត្ត ហើយលោកសង្ឃឹមថា អ៊ុយក្រែននឹងទទួលជំនួយអាវុធបន្ថែមដូចជា ប្រព័ន្ធការពារមីស៊ីល កាំភ្លើងធំ និងអាវុធធុនធ្ងន់ផ្សេងទៀត។ ត្រង់ចំណុចនេះ ប្រធានាធិបតីអ៊ុយក្រែន បានពន្យល់ថា បើក្រុងកៀវទទួលបានអាវុធទំនើបៗកាន់តែច្រើន ខ្លួនឯងអាចរំដោះប្រជាជន រួមទាំងដែនដីកាន់តែរហ័ស ពីកម្លាំងឈ្លានពានរបស់រុស្ស៊ី។ 
 
ដំណើរទស្សនកិច្ច ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ុយក្រែននេះ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងផ្តោតការវាយប្រហារលើក្រុង Severodonetsk ដែលជាក្រុងឧស្សាហកម្មសំខាន់មួយនៅក្នុងតំបន់លូហាន។ ប្រសិនបើរុស្ស៊ីគ្រប់គ្រងក្រុងមួយនេះ វានឹងបើកផ្លូវឱ្យកម្លាំងរុស្ស៊ីមានច្រកទៅកាន់ក្រុង Sloviansk និងក្រុងKramatorsk ទៀត។ 
 
ទស្សនកិច្ចខាងលើធ្វើឡើង ប្រមាណមួយសប្តាហ៍ប៉ុណ្ណោះមុន សហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំមួយកំណត់អ៊ុយក្រែនជាបេក្ខភាពរបស់ខ្លួន។ ក្នុងនីតិវិធី អ៊ុយក្រែន នឹងចំណាយពេលច្រើនឆ្នាំ ក្នុងការចរចាលើបញ្ហាច្បាប់ ប្រព័ន្ធតុលាការ រួមទាំងការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាដើម។ ប៉ុន្តែសហភាពអឺរ៉ុបអាចពន្លឿននីតិវិធីមួយនេះ បើប្រទេសជាសមាជិកមានឆន្ទៈចង់ជួយ៕ 
 

Tag:
 អាល្លឺម៉ង់ បារាំង អ៊ីតាលី រុស្ស៊ី អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com