អន្តរជាតិ
បន្ថែមពីលើជំងឺកូវីដ-១៩ កូរ៉េខាងជើងកំពុងរងគ្រោះដោយសារជំងឺរាត្បាតថ្មីពាក់ព័ន្ធ​ពោះវៀន​
17, Jun 2022 , 4:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំថ្នាំសម្រាប់តំបនរងគ្រោះដោយសារជំងឺឆ្លងថ្មី។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំថ្នាំសម្រាប់តំបនរងគ្រោះដោយសារជំងឺឆ្លងថ្មី។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានរៀបចំកញ្ចប់ជំនួយថ្នាំពេទ្យដើម្បីបញ្ជូនដល់គ្រួសារកូរ៉េខាងជើងប្រមាណ៨០០ ដែលកំពុងរងគ្រោះពីជំងឺពាក់ព័ន្ធនឹងមេរោគ​ពោះវៀន​ដែលមិនស្គាល់អត្តសញ្ញាណ ខណៈប្រទេសនេះក៏កំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្រាប់ផង ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី​១៧ ខែមិថុនា។​


នៅ​ក្នុង​សប្តាហ៍​នេះ កូរ៉េខាងជើង​ដែលកំពុងប្រឈមមុខរលកឆ្លងជំងឺកូវីដ-១៩ កំពុងរងការវាយប្រហារដោយជំងឺ​ឆ្លង​មួយផ្សេងទៀតទាក់ទងនឹងពោះវៀនផងដែរ។ យ៉ាងណាមិញ កូរ៉េខាងជើងមិនបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងជំងឺនេះឡើយ តែបញ្ជាក់ថា​ ពាក់ព័ន្ធនឹង​ក្រពះ​ពោះវៀនប៉ុណ្ណោះ។ ប្រមុខដឹកនាំ គីម​ ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានបរិច្ចាគជំនួយដល់តំបន់រងគ្រោះ។
 
«មន្រ្តីបានរៀបចំថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលត្រូវការសម្រាប់ការព្យាបាលជម្ងឺឆ្លង និងការរស់នៅប្រកបដោយស្ថិរភាព ដើម្បីផ្តល់ជំនួយដល់ប្រជាជននៅទីក្រុង Haeju និង Kangryong ក្នុងខេត្ត Hwanghae »។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA។
 
លើសពីនេះដែរ មេដឹកនាំកូរ៉េខាងជើង ក៏បានអំពាវនាវដល់មន្ត្រីបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការងារ ដើម្បីបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន​។
 
នៅទីក្រុងសេអ៊ូលវិញ នៅថ្ងៃទី១៦ ខែមិថុនា​ មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េបាននិយាយថា ​ទីក្រុងសេអ៊ូលកំពុងតាមដានការផ្ទុះឡើងនៅកូរ៉េខាងជើងនេះ ដោយសង្ស័យថាជាជំងឺអាសន្នរោគ ឬជំងឺគ្រុនពោះវៀន។
 
ខេត្ត Hwanghae ជាតំបន់កសិកម្មដ៏សំខាន់របស់កូរ៉េខាងជើង ហើយការផ្ទុះឡើងនៃជំងឺក្នុងខេត្តនេះបានបង្កការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងប្រឈមនឹងបញ្ហាកាន់តែខ្វះខាតអាហារកាន់តែខ្លាំង ខណៈរលកឆ្លងជំងឺកូវីដ-១៩ កំពុងវាយប្រហារ។ 
 
កន្លងមក កូរ៉េខាងជើងបានអះអាងថា អ្នកជំងឺគ្រុនក្តៅជាង ៩៩ ភាគរយបានធូរស្បើយហើយ ខណៈរលកនៃជំងឺកូវីដ-១៩ ក៏មានសភាពធូរស្រាល។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោកបានដាក់ការសង្ស័យលើការអះអាងរបស់ទីក្រុងព្យុងយ៉ាង ហើយស្ថានភាពទំនងជាកាន់តែអាក្រក់ទៅ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com