អន្តរជាតិ
UN ផ្ដល់លុយឱ្យស្រី្តមានផ្ទៃពោះនៅស្រីលង្កាដើម្បីទិញស្បៀង ខណៈសេដ្ឋកិច្ចប្រទេសនៅតែយ៉ាប់យ៉ឺន
17, Jun 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
អង្គការកម្មវិធីស្បៀងអាហារពិភពលោកនៅថ្ងៃទី ១៦ ខែមិថុនា ចាប់ផ្តើមផ្តល់ជំនួយស្បៀងអាហារដល់ស្រ្តីមានផ្ទៃពោះនៅស្រីលង្កា ស្របពេលប្រជាជនស្រីលង្កាជាច្រើនប្រឈមមុខការខ្វះខាតស្បៀងព្រោះមិនមានលុយគ្រប់គ្រាន់។ ជំនួយស្បៀងនេះជាផ្នែកមួយនៃគម្រោងជំនួយរបស់អង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតរបស់ប្រទេសកោះនេះនាពេលបច្ចុប្បន្ន។

 
ជាកោះដែលមានប្រជាជន២២លាននាក់ ស្រីលង្កាកំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយ កំពុងប្រឈមនឹងកង្វះស្បៀងអាហារ ទំនិញឡើងថ្លៃ ហើយប្រេងឥន្ធនៈក៏ជិតអស់ទៀត។ 
ទន្ទឹមនេះ អង្គការសហប្រជាជាតិ ក៏បានព្រមានពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរផងដែរ ស្របពេលប្រជាជនរាប់លាននាក់កំពុងត្រូវការជំនួយ​បន្ទាន់
 
ទាក់ទិននឹងរឿងនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រកាសថា ខ្លួនបានចាប់ផ្តើមចែកចាយប័ណ្ណដែលមានតម្លៃទឹកប្រាក់ប្រមាណ៤០ដុល្លារសម្រាប់ទិញស្បៀងអាហារដល់ស្រ្តីមានផ្ទៃពោះចំនួន២ពាន់នាក់នៅតំបន់ខ្វះខាត។ នេះគឺជាផ្នែកមួយនៃជំនួយសង្រ្គោះសម្រាប់ប្រជាជនស្រីលង្កា​៣លាននាក់ដែលកំពុងប៉ះពាល់យ៉ាងខ្លាំងដោយសារទំនិញឡើងថ្លៃ។
 
«នៅពេលពួកគេមិនបរិភោគអាហារ ពួកគេកំពុងធ្វើឱ្យសុខភាពពួកគេផ្ទាល់ និងកូនៗរបស់គេ ប្រឈមនឹងហានិភ័យ»។ នេះបើតាមការលើកឡើងរបស់លោកស្រី Anthea Webb នាយករង WFP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅថ្ងៃទី១៦ ខែមិថុនា។​​ បន្ថែមពីនេះ WFP កំពុងព្យាយាមរៃអង្គាសលុយ ៦០លានដុល្លារសម្រាប់ជាជំនួយស្បៀងអាហារចន្លោះខែមិថុនា ដល់ខែធ្នូ។
 
ទន្ទឹមគ្នានេះ នៅថ្ងៃដដែល ក្រសួងថាមពលស្រីលង្កាប្រកាសថា ស្តុកប្រេងឥន្ទនៈរបស់ប្រទេសនៅសល់ប្រើបានត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈរដ្ឋាភិបាលប្រកាសថ្ងៃឈប់សម្រាកបន្ថែម ហើយបញ្ជាឱ្យបិទសាលាទាំងអស់នៅថ្ងៃទី១៧​ ខែមិថុនាដើម្បីកាត់បន្ថយប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត។
 
បើទោះជាទទួលបានជំនួយ​ និងឥណទានហើយខ្លះពីប្រទេសដៃគូក៏ដោយ ស្រីលង្កានៅតែមិនអាចដោះទាល់បាន។ រដ្ឋអាស៊ីខាងត្បូងនេះកំពុងរង់ចាំការអនុម័តឥណទាន៥០០លានដុល្លារទៀតពីឥណ្ឌាដើម្បីទិញប្រេងឥន្ទនៈសម្រាប់ប៉ុន្មានអាទិត្យក្រោយ ហើយក៏កំពុងចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីស្នើសុំកញ្ចប់ជំនួយផងដែរ។ អ្នកតំណាង IMF រំពឹងថានឹងទៅដល់ស្រីលង្កានៅថ្ងៃទី២០​ ខែមិថុនាដើម្បីជជែករឿងនេះ៕ 
 
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com