ជាតិ
សុខភាព
រដ្ឋមន្ត្រីផែនការប៉ាគីស្ថានឲ្យពលរដ្ឋបន្ថយការផឹកតែ ដើម្បីជួយ​សន្សំសំចៃថវិកា​ជាតិ
18, Jun 2022 , 11:29 am        
រូបភាព
ដោយ: ធីតា
លោក Ahsan Iqbal រដ្ឋមន្ត្រីក្រសួងផែនការប៉ាគីស្ថាន បានអំពាវនាវដល់ពលរដ្ឋឲ្យ «ផឹកតែ» តិចជាងមុន ដើម្បីកាត់បន្ថយលើការនាំចូល ខណៈប្រទេសស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ការលើកឡើងរបស់រដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី ទទួលរងនូវការរិះគន់យ៉ាងច្រើនផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

 
ប៉ាគីស្ថានដែលមានពលរដ្ឋប្រមាណ២២០លាននាក់ ស្ថិតក្នុងចំណោមប្រជាជាតិលើពិភពលោក ដែលនាំចូល «តែ» ច្រើនជាងគេ ដោយពលរដ្ឋទាំងមាន ទាំងក្រ ពេញនិយមផឹកយ៉ាងខ្លាំង។ បើតាមលោក Ahsan Iqbal ការផឹកតែកាន់តែតិចពែង នឹងជួយកាត់បន្ថយវិក្កយបត្រនៃការនាំចូលកាន់តែខ្ពស់របស់ប៉ាគីស្ថាន។
 
កាលពីឆ្នាំមុន ប៉ាគីស្ថាន បានចំណាយរហូតដល់ទៅជាង៦០០លានដុល្លារអាម៉េរិកលើការនាំចូលតែ។ «ខ្ញុំសូមអំពាវនាវឲ្យមានការកាត់បន្ថយការផឹកតែពី២ពែងឲ្យមកនៅតែ១ពែង ពីព្រោះយើងនាំចូលតែដែលជាកម្ចី»។ លោក Iqbal បានថ្លែងយ៉ាងដូច្នេះ ហើយត្រូវបានដកស្រង់ដោយបណ្តាញព័ត៌មានប៉ាគីស្ថាន។
 
យោងតាម Aljazeera ពលរដ្ឋប៉ាគីស្ថានម្នាក់ត្រូវបានគេជឿជាក់ថា ផឹកតែជាមធ្យមយ៉ាងហោចណាស់៣ពែងក្នុងមួយថ្ងៃ។ ការនាំចូលតែបានក្លាយជារឿងដ៏ឈឺក្បាលមួយលើការប្រើប្រាស់រូបិយបណ្ណបម្រុងពីធនាគារកណ្តាល។
 
សំណើរបស់លោក Iqbal រងនូវការរិះគន់យ៉ាងខ្លាំងផងដែរ ជាពិសេសនៅលើបណ្តាញសង្គម។ អ្នកបញ្ចេញយោបល់ជាច្រើនបានសម្តែងការហួសចិត្ត ដែលថាការកាត់បន្ថយភេសជ្ជៈកាហ្វេអ៊ីន ជាចំណែកមួយនៃការដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ។
 
ទុនបម្រុងប្តូរប្រាក់បរទេសរបស់ប៉ាគីស្ថាន បានធ្លាក់ចុះពីប្រមាណ១៦ពាន់លានដុល្លារក្នុងខែកុម្ភៈ មកតិចជាង១០ពាន់លានដុល្លារនាសប្តាហ៍ទីមួយនៃខែមិថុនា។ ករណីនេះបង្កឲ្យមានការកាត់បន្ថយលើការនាំចូលទំនិញមួយចំនួន។
 
រដ្ឋាភិបាលលោក Shehbaz Sharif ដែលបន្តតំណែងពីលោក Imran Khan នៅតែបន្តព្យាយាមដោះស្រាយវិបត្តិ បន្ទាប់ពីទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា កាលពីអំឡុងខែមេសា មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com