អន្តរជាតិ
ការសិក្សា​៖ អ្នកមានបញ្ហាបេះដូង ប្រឈមហានិភ័យខ្ពស់មាន​អាការភ្លេចភ្លាំង
19, Jun 2022 , 9:29 am        
រូបភាព
រូបភាព Park View
រូបភាព Park View
ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកមានបញ្ហាបេះដូងនិងជំងឺបង្កឱ្យមានបញ្ហាបេះដូងមួយ​ចំនួន ត្រូវ​ប្រឈម​ហានិភ័យខ្ពស់ក្នុងការវិវដ្ត​ទៅមានអាការភ្លេចភ្លាំង។ កត្តា​បង្កអាការភ្លេច​ភ្លាំងដោយសារ​បញ្ហា​បេះដូងនេះ ត្រូវបានអ្នកជំនាញអះអាងថា មានហានិ​ភ័យខ្ពស់ជាងកត្តាតំណពូជទៅ​ទៀត។ ការសិក្សា​ថ្មីនេះ ត្រូវបានធ្វើឡើងដោយ​សាកលវិទ្យា​ល័យ ​Oxford និងសាកលវិទ្យាល័យ Exeter​។



តាមការសិក្សាចុះផ្សាយលើទិនានុប្បវត្តិសុខភាព The Lancet Healthy Longevity អ្នក​ដែលមាន​បញ្ហា​សុខ​ភាព​បេះដូង និងជំងឺដែលអាចបង្កឱ្យមានបញ្ហាបេះដូងមួយចំនួន មាន​ហានិភ័យខ្ពស់ក្នុងការ​វិ​វដ្តទៅមានអាការភ្លេចភ្លាំង។ បញ្ហាបេះដូង និងជំងឺបង្កឱ្យមានបញ្ហា​បេះដូងមានដូចជាការគាំងបេះដូង ការដាច់សសៃឈាមកក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែមជាដើម។ 
 
ការរកឃើញបានធ្វើឡើង​ដោយផ្អែកលើទិន្នន័យជាក់ស្ដែងពីអ្នកចូលរួមជាង២០ម៉ឺននាក់ មានអាយុ​ចាប់​ពី៦០ឆ្នាំឡើងទៅ។ ក្នុងការសិក្សា អ្នកចូលរួម២ម៉ឺននាក់មាន​បញ្ហា១ ក្នុងចំណោម​បញ្ហា​បេះដូង​ទាំង៣ ដែលបានរៀបរាប់ខាងលើ ខណៈជាង២ពាន់​នាក់មានបញ្ហាចំនួន២ ហើយ១២២នាក់ទៀត​មានបញ្ហាទាំង៣តែម្តង។ 
 
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាបេះដូងកាន់តែធ្ងន់ធ្ងរ នឹងប្រឈម​ហានិភ័យ​នៃការវិដ្តទៅមានអាការភ្លេចភ្លាំងកាន់តែខ្លាំង។ នេះមានន័យថា ប្រសិនបើពួកគេ​មានលក្ខខណ្ឌ​ជំងឺ​បេះដូងទាំង​៣ខាងលើនោះ ពួកគេនឹងប្រឈមហានិភ័យមានអាការភ្លេច​ភ្លាំងខ្ពស់ដែរ។ អាការ​ភ្លេច​ភ្លាំងដែលបង្កឡើងដោយសារបញ្ហាបេះដូង មានអត្រាហានិភ័យ​ខ្ពស់ជាងកត្តាបង្កដោយតំណពូជដល់​ទៅ៣ដងឯណោះ។ 
 
បញ្ហាភ្លេចភ្លាំង គឺជាបញ្ហាសកលដ៏ធំមួយដែលមានការព្យាករណ៍ថាមនុស្ស១៣៥លាននាក់នៅ​ទូទាំង​ពិភពលោក នឹងជួបបញ្ហានេះនៅឆ្នាំ២០៥០។ ដោយសារការមានបញ្ហា​បេះដូងត្រូវបាន​ផ្សារ​ភ្ជាប់ទៅ​នឹង​ហានិភ័យនៃអាការភ្លេចភ្លាំងខ្លាំងជាងការ​មានតំណពូជ​ភ្លេចភ្លាំង បន្តពីឪពុកម្ដាយ​ទៅ​ទៀត នោះ​ទោះកើ​តមកក្នុង​គ្រួសារមាន អ្នកមាន​បញ្ហាភ្លេចភ្លាំងបែបណាក៏ដោយ អ្នកមិនគួរបារម្ភពេលទេ តែគួរ​មើល​ថែសុខភាពបេះដូងឱ្យ​បានល្អវិញទើបជារឿងសំខាន់ ព្រោះវាអាចជួយអ្នកចៀសផុតពី​ហានិភ័យ​នៃអាការភ្លេចភ្លាំង​បានច្រើន។ 
 
ដើម្បីថែរក្សាសុខភាពបេះដូង ការលំហាត់ប្រាណឱ្យទៀងទាត់ ការទទួល​ទានអាហារដែលនាំឱ្យ​មានសុខភាពល្អ ការរក្សាសម្ពាធឈាម ជាតិស្ករក្នុងឈាម និងយកចិត្ត​ទុកដាក់លើកម្រិត​កូលេស្តេរ៉ូល ជាកត្តាសំខាន់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com