ជាតិ
អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែកទេវតាទាញព្រ័ត្រ ក្នុងកសិន្ធុផ្នែកខាងជើងនៃស្ពានហាល
19, Jun 2022 , 10:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែកទេវតាទាញព្រ័ត្រ ក្នុងពេលធ្វើកំណាយនៅផ្នែកខាងជើងស្ពានហាល។ បំណែកទេវតាទាញព្រ័ត្រទាំងនោះ មានបំណែកដងខ្លួន ប្រអប់ដៃ​ និងបំណែកជើង ដែលកប់ក្នុងដីរាប់រយឆ្នាំ​ ក្រោយរំលំធ្លាក់ពីស្ពានហាល ចូលក្នុងកសិន្ធុខាងជើង។


 
ការធ្វើកំណាយស្រាវជ្រាវ របស់អាជ្ញាធរ នៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវ បានប្រទះឃើញបំណែកជាច្រើន ដែលក្នុងនោះរួមមាន បំណែករូបទេវតាទាញព្រ័ត្រ និងបំណែកព្រះសិរទេវតាចំនួន៨។ ការរកឃើញនេះ គឺស្ថិតនៅដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរ ប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ។
 
អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ខានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លើកឡើងថា ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍សំខាន់សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវ បានគ្រប់គ្រាន់ដូចដើមឡើងវិញ។
 
អ្នកជំនាញរូបនេះ បញ្ចាក់ថា៖ «មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតាបានប្រមាណជា៣០ភាគរយ ហើយបំណែកចម្លាក់មួយផ្នែកធំទៀតបានដួលរលំនៅលើតួស្ពានហាល។»
 
អ្នកស្រី ធីតា បន្ថែមថា ការធ្វើកំណាយនៅដំណាក់ដំបូងមិនទាន់ដល់ស្រទាប់ដីដើម ក្នុងសម័យសាងសង់ស្ពានហាលនៅឡើយ។ ការបញ្ចាប់កំណាយស្រទាប់ទីមួយ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ រហូតដល់ស្រទាប់ដីធម្មជាតិ។ ការស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់ពីរចនាសម្ពន្ធនៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។
 
សូមជម្រាបដែរថា កំណាយរូបទេវតាទាញព្រ័ត្រទាំងនោះ នឹងយកចេញពីក្នុងរណ្តៅកំណាយ​មកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល និងត្រៀមយកទៅដាក់នៅទីតាំងដើម។ រីឯព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌដើម្បីរក្សាសុវត្ថិភាព។ ចំពោះព្រះសិរចំនួន២ផ្សេងទៀតមាន ព្រះសិរ១បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀតមានសភាពសឹករេចរឹល និងផុយស្រួយខ្លាំងដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។ គួរបញ្ជាក់ថា​ ការធ្វើកំណាយស្រាវជ្រាវនេះបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕
 
 
 
 
 

Tag:
 ThmeyThmey25
  រូបទេវតាទាញព្រ័ត្រ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com