ជាតិ
ពីអ្នកល្មើសច្បាប់ធនធានធម្មជាតិ ទៅជាប្រតិបត្តិករទេសចរណ៍នៅសហគមន៍​បុរីអូរស្វាយ
19, Jun 2022 , 1:59 pm        
រូបភាព
ស្ទឹងត្រែង៖ ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានឈប់កាប់ឈើខុសច្បាប់ ដោយងាកមកបម្រើសេវាកម្មទេសចរណ៍វិញ។ វត្តមានទេសចរ ទៅកម្សាន្តនៅសហគមន៍នេះ នឹងជួយលុបបំបាត់ការកាប់ព្រៃ ដាក់អន្ទាក់សត្វ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។


 
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានធនធានធម្មជាតិ ព្រៃលិចទឹក កោះខ្សាច់​ និងថ្មប៉ប្រះទឹក​ យ៉ាងទាក់ទាញ។ មានមូលដ្ឋានលើដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង សហគមន៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ និងទទួលទេសចរនៅឆ្នាំ២០១៦ ដែលមានសមាជិកចូលរួមក្នុងសហគមន៍ចំនួន៤៨នាក់។ 
 
មុនការបង្កើតសហគមន៍អេកូទេសចរណ៍នេះឡើង ពលរដ្ឋរស់នៅទីនេះ រស់នៅអាស្រ័យផលពីធម្មជាតិ ដូចជាកាប់ព្រៃឈើ ដាក់អន្ទាក់សត្វ ការនេសាទ និងស្រែចម្ការជាដើម។ ប៉ុន្តែមុខរបរនេះ ត្រូវបានគេមើលឃើញថា ជាមុខរបរដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិក្នុងមូលដ្ឋាន។
 
បញ្ហាខាងលើនេះ ត្រូវបានដោះស្រាយតាមរយៈ ការបង្កើតឱ្យមានសហគមន៍អេកូទេសចរណ៍ឡើង។ ការបង្កើតសហគមន៍អេកូទេសចរណ៍នេះ ដើម្បីបង្កើតប្រភពប្រាក់ចំណូលបន្ថែមដល់សហគមន៍ និង បង្វែរមុខរបរពលរដ្ឋ ឱ្យក្លាយជាអ្នកអភិរក្ស ការពារធនធានធម្មជាតិ និងអ្នកផ្ដល់សេវាទេសចរណ៍វិញ។
 
លោក គង់ ចាន់ធី ប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ប្រាប់ថ្មីៗ២៥ថា បន្ទាប់ពីបង្កើតសហគមន៍បានប្រមាណជាង៦ឆ្នាំមកនេះ ពលរដ្ឋដែលធ្លាប់តែចូលព្រៃ កាប់ឈើ បរបាញ់សត្វ និងនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះ ងាកមកធ្វើជាប្រតិបត្តិករទេសចរវិញ។ អ្នកខ្លះធ្វើជាអ្នកនាំភ្ញៀវទេសចរ ដឹកភ្ញៀវដោយទូក រៀបចំផ្ទះស្នាក់ និងអ្នកចម្អិនម្ហូបអាហារជាដើម។ លើសពីនេះ ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននេះ មានមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត ដូចជា ធ្វើស្រែ, នេសាទ, ដាំបន្លែផ្លែឈើ និងចិញ្ចឹមសត្វជាដើម។ 
 
លោក គង់ ចាន់ធី អះអាងដូច្នេះ៖​ «កាលពីមុនគាត់អត់ទាន់យល់ពីវិស័យ(ទេសចរណ៍)ហ្នឹង ឃើញថាភាគច្រើនគាត់ចេញទៅព្រៃ ខ្លះទៅដាក់អន្ទាក់សត្វ ខ្លះទៅបរបាញ់សត្វ ខ្លះទៅកាប់ព្រៃ ខ្លះទៅរករបរខុសច្បាប់ទៅឆក់ត្រី អីជាដើម។ បច្ចុប្បន្នគាត់ងាកមករកសហគមន៍យើងវិញ ហើយគាត់ឈប់ទៅប្រកបរបរហ្នឹង។ គាត់មកធ្វើទូកសម្រាប់ដឹកភ្ញៀវ ហើយគាត់ទៅនេសាទត្រីជាលក្ខណៈគ្រួសារ សម្រាប់លក់ឱ្យភ្ញៀវ»។
 
ជុំវិញការបង្កើតសហគមន៍នេះ ប្រធានសហគមន៍រូបនេះ បង្ហាញពីវឌ្ឍនភាពសហគមន៍ខ្លួនដូច្នេះ៖ «នាពេលបច្ចុប្បន្ននេះ យើងមើលឃើញថា (ពលរដ្ឋ) ងាកមកចូលរួមទេសចរណ៍ គាត់ចេះបដិសណ្ឋារកិច្ចជាមួយភ្ញៀវ។ គាត់ចេះទំនាក់ទំនងជាមួយភ្ញៀវ។ ហើយពលរដ្ឋមួយចំនួន គាត់បានកាត់បន្ថយការចូលព្រៃ បរបាញ់សត្វ កាប់ឈើ និងនេសាទខុសច្បាប់ គាត់បែរមកចូលរួមជាមួយសហគមន៍យើង»។
 
គួររំឭកថា នៅសហគមន៍អេកូទេសចរណ៍នេះ មានបម្រើសេវាកម្មមួយចំនួន ដូចជា សេវាផ្ទះស្នាក់ បោះតុង កៃយ៉ាក កង់ ទូក នាំភ្ញៀវ និងសេវាម្ហូបអាហារ។ លោក សាន ម៉ៅ ជាអ្នកដឹកភ្ញៀវតាមទូកមួយរូប នៅក្នុងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ តាំងពីបង្កើតសហគមន៍នេះដំបូងមកម្លេះ។ លោកសប្បាយចិត្ត ដែលសហគមន៍មួយនេះត្រូវបានបង្កើតឡើង និងមានឱកាសបានចូលរួមជាមួយសហគមន៍មួយនេះ។ 
ការងារជាអ្នកដឹកភ្ញៀវនេះ ជាមុខរបរបន្ទាប់បន្សំ និងប្រភពប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់គ្រួសាររបស់លោក សាន ម៉ៅ។ ថ្វីបើមិនទទួលបានកម្រៃច្រើនពីវិស័យទេសចរណ៍ តែលោកនៅតែសប្បាយចិត្ត ព្រោះបានចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងស្រុកកំណើតខ្លួន។ 
 
លោក សាន ម៉ៅ រៀបរាប់ទាំងរីករាយដូច្នេះ៖ «ការបញ្ចូលទៅជាវិស័យទេសចរណ៍ គឺខ្ញុំមានការរីករាយ ទោះយើងបានចំណូលបន្តិចបន្តួចពីភ្ញៀវក៏ដោយ ក៏យើងត្រេកអរ និងបានជួយថែរក្សាជីវៈចម្រុះ នៅក្នុងតំបន់ដែលភ្ញៀវចូលមកទស្សនា»។ លោក សាន ម៉ៅ ក៏ចង់ឱ្យអ្នកទេសចរច្រើន ទៅទស្សនាក្នុងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយនេះផងដែរ។ 
 
ក្រៅពីបង្កើតមុខរបរបន្ថែមដល់ពលរដ្ឋមូលដ្ឋាន ការបង្កើតសហគមន៍អេកូទេសចរណ៍ នេះក៏បានចូលរួមដល់ការអភិរក្ស ការពារ នូវធនធានធម្មជាតិផងដែរ។ ការបង្កើតសហគមន៍អេកូទេសចរណ៍មួយនេះ ក៏មានការចូលរួមដឹកនាំដោយ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ព្រៃឈើនៅកម្ពុជា NTFP EP Cambodia។ 
លោក ស៊ឹម ប៊ុនធឿន ប្រធាន NTFP EP ប្រចាំកម្ពុជា លើកឡើងថា ការបង្កើតឡើងនូវសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយនេះឡើង គឺផ្អែកលើគោលនយោបាយរដ្ឋាភិបាលកម្ពុជា និងបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន ដោយកែប្រែពីការដកហូតធនធានធម្មជាតិខុសច្បាប់ ទៅជាប្រតិបត្តិករទេសចរណ៍។
 
លោក ស៊ឹម ប៊ុនធឿន បន្ថែមដូច្នេះ៖ « NTFP EP អត់ចង់បានកើនផ្នែកវិស័យសេដ្ឋកិច្ចច្រើនប៉ុណ្ណាទេ សំខាន់គឺដូរឥរិយាបថ(ពលរដ្ឋមូលដ្ឋាន)។​ ដូច្នេះអ្វីដែលយើងឃើញគឺដូរឥរិយាបថ។ ក្រៅពីនោះយើងឃើញថា វិស័យសេដ្ឋកិច្ចក៏ប្រែប្រួលដែរ។ ប៉ុន្តែយើងអត់អាចកត់សម្គាល់ថា វាប្រែប្រួលកម្រិតណាទេ គ្រាន់តែថា ពីមុនគាត់អត់មានមុខរបរ ឥឡូវគាត់មានមុខរបរ»។ 
 
គួរជម្រាបផងដែរថា សហគមន៍អេកូទេសចរណ៍មួយនេះ ជាទីតាំងមួយដែលសម្បូរដោយសម្បត្តិធម្មជាតិ ជីវៈចម្រុះ ព្រៃលិចទឹក ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ទីទេសចរណ៍មួយនេះ ទេសចរអាចផ្ដិតនូវរូបភាពដ៏ស្រស់ស្អាត នៃដងទន្លេមេគង្គ លេងទឹក បោះតង់ ទស្សនាព្រៃលិចទឹក ព្រមទាំងទស្សនីយភាពថ្ងៃរះ និងលិចទៀតផង។
 
ក្រៅពីនេះ ទេសចរក៏បានឃើញ ស្តូបប្រវត្តិសាស្ត្រសម័យសង្គមរាស្ត្រនិយម ជាស្នាព្រះហស្ថ ព្រះបាទ នរោត្ដម សីហនុ ផងដែរ។ នៅទីនេះ ក៏មានបម្រើសេវាកម្មជិះទូក កង់ ផ្ទះស្នាក់ បោះតង់ ម្ហូបអាហារ ហើយទេសចរក៏អាចទិញបន្លែ ផ្លែឈើ មួយចំនួនដែលដាំលើកោះ ដោយប្រជាសហគមន៍ផងដែរ។
 
យោងតាមរបាយការណ៍ នៅឆ្នាំ២០១៩ សហគមន៍មួយនេះ ទាញយកទេសចរទៅទស្សនាបានចំនួន ៦៧៨នាក់ ដោយរកចំណូលបានជាង ៨ ៣៤០ដុល្លារ ខណៈឆ្នាំ២០២០ និង ឆ្នាំ២០២១ សហគមន៍មួយនេះ ពុំមានទេសចរឡើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com