អន្តរជាតិ
វៀតណាម កាត់ទោសសកម្មជនបរិស្ថានដ៏លេចធ្លោម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទគេចពន្ធ
19, Jun 2022 , 3:29 pm        
រូបភាព
លោកស្រី Nguy Thi Khanh ផ្ដល់បទសម្ភាសដល់ទីភ្នាក់ងារព័ត៌ំមាន AFP កន្លងមក។ រូបថត AFP
លោកស្រី Nguy Thi Khanh ផ្ដល់បទសម្ភាសដល់ទីភ្នាក់ងារព័ត៌ំមាន AFP កន្លងមក។ រូបថត AFP
ដោយ:
សកម្មជនបរិស្ថានលោកស្រី Nguy Thi Khanh នៅថ្ងៃទី១៧ ខែមិថុនា ត្រូវតុលាការវៀតណាមកាត់ក្តីឱ្យជាប់ពន្ធនាគារពីរឆ្នាំក្រោមបទចោទគេចវេសការបង់ពន្ធ។ លោកស្រី Khanh ជាសកម្មជនដែលត្រូវបានគេស្គាល់ជាសកលជុំវិញយុទ្ធនាការការពារបរិស្ថាន និងប្រឆាំងបម្រែបម្រួលអាកាសធាតុនៅវៀតណាម។

 
មន្រ្តីតុលាការក្រុងហាណូយ បានបញ្ជាក់ពីការកាត់ទោសលោកស្រី Nguy Thi Khanh ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ប៉ុន្តែមិនបានផ្តល់អ្វីឱ្យលម្អិតនោះទេ។ 
 
«ចំពោះការចូលរួមរបស់លោកស្រីក្នុងសង្គមវៀតណាម និងកិច្ចការរបស់លោកស្រី សាលដីកាដែលសម្រេចនោះ គឺពិតជាឃោរឃៅណាស់»។ អង្គការបរិស្ថានដែលលោកស្រីជាអ្នកបង្កើត Green ID អះអាងបែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមិថុនា។ 
 
លោកស្រី Khanh វ័យ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ក្រោមបទចោទគេចវេសការបង់ពន្ធ។ លោកស្រីជាសកម្មជនបរិស្ថានដ៏លេចធ្លោ និងត្រូវបានគេស្គាល់ជាសកលម្នាក់ចំពោះការរៀបចំយុទ្ធនាការដឹកនាំសហគមន៍ជាពិសេសក្មេងៗឱ្យគាំទ្របរិស្ថាន។ រដ្ឋាភិបាលវៀតណាម ហាក់មិនស្វាគមន៍សកម្មភាពបែបនេះឡើយ ស្របពេលប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលហាណូយបានចាប់ខ្លួនអ្នកដែលត្រូវបានចាត់ទុកថាប្រឆាំងនឹងរដ្ឋាភិបាលដែលរួមមានអ្នកកាសែតឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម។
 
ក្នុងឆ្នាំ២០១៨ សកម្មជនបរិស្ថានរូបនេះក្លាយជាជនជាតិវៀតណាមដំបូងគេដែលទទួលបានពានរង្វាន់ Goldman Environmental Prize បន្ទាប់ពីលោកស្រីបានបញ្ចុះបញ្ចូលរដ្ឋាភិបាលវៀតណាមដោយជោគជ័យក្នុងការកាត់បន្ថយប្រើប្រាស់ធ្យូងថ្មក្នុងផែនការថាមពលជាតិឆ្នាំ​២០៣០។
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក Michael Sutton នាយកប្រតិបត្តិពានរង្វាន់ Goldman Environmental Prize បានផ្ញើលិខិតទៅស្ថានទូតវៀតណាមប្រចាំក្រុងវ៉ាស៊ីនតោនដោយអំពាវនាវឱ្យដោះលែងលោកស្រី Khanh ជាបន្ទាន់។
 
« យើងជឿថា ការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងលោកស្រី (Khanh) ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីបំបិទមាត់មេដឹកនាំបរិស្ថាននៅក្នុងវៀតណាម»។ លោក Sutton សរសេរបែបនេះដោយបន្ថែមថា លោកមិនយល់ពីការកាត់ទោសទាំងនេះទេ ពីព្រោះលោកស្រីបានធ្វើគ្រប់យ៉ាងដើម្បីជួយវៀតណាមសម្រេចបានគោលដៅថាមពលរបស់ខ្លួន រួមទាំងធ្វើឱ្យប្រទេសមានមុខមាត់ល្អលើឆាកអន្តរជាតិថែមទៀត។ 
 
កាលពីចុងខែមករា អាជ្ញាធរវៀតណាមក៏បានកាត់ក្តីសកម្មជនបរិស្ថាន២រូបទៀតឱ្យជាប់ពន្ធនាគារពីបទចោទគេចវេសពន្ធដូចគ្នា ស្របពេលអ្នកទាំងនេះប្រឆាំងនឹងគោលនយោបាយធ្យូងថ្មរបស់រដ្ឋាភិបាល៕
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com