ជាតិ
« កោន» ជាផ្លែឈើព្រៃ តែមិនសូវមានអ្នក​ស្គាល់ដូចគុយ​ និងសិរមាន់ ឡើយ
19, Jun 2022 , 3:59 pm        
រូបភាព
ដោយ:
ផ្លែ«កោន»ជាអនុផលព្រៃឱ្យផលចន្លោះខែ មិថុនាដល់ កញ្ញា ជារៀងរាល់ឆ្នាំ។ ពលរដ្ឋក្នុងសហគមន៍ព្រៃឈើខ្នារពោធិ៍ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងអាស្រ័យផលពីរុក្ខជាតិព្រៃប្រភេទនេះ។

 
ផ្លែ«កោន » ជារុក្ខជាតិព្រៃមួយប្រភេទឱ្យផលតាមរដូវដូច ផ្លែ គុយ សាវម៉ាវព្រៃ គូលែន និងសិរមាន់ដែរ។ ផ្លែឈើព្រៃប្រភេទនេះចាប់ផ្ដើមផ្លែនៅចន្លោះ​ចុងខែមេសា ឱ្យផលចាប់ពីខែឧសភា ដល់ចុងខែមិថុនា ឬអាចលើសពីនេះតាមការប្រែប្រួលអាកាសធាតុ។ ពេលខ្ចី វាមានរសជាតិចត់ តែពេលទុំផ្អែម។ ចំពោះដើមវិញចាស់ៗជំនាន់មុន អាចប្រើជាឱសថ សម្រាប់ព្យាបាលរោគក្រពះបាន។ សណ្ឋានដើមរបស់វាប្រហែល ដើមទ្រាលប៉ុន្ដែខុសគ្នាត្រង់ស្លឹកទ្រាលតូចៗជាងស្លឹកកោន។ 

រូបភាព សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍  

លោក គង់ ប៊ុនលួស អនុប្រធានសហគមន៍ខ្នារពោធិ៍ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ថាពលរដ្ឋនៅក្នុងសហគមន៍របស់លោកបានចុះរកអនុផលផ្លែកោនបានបណ្ដើរៗហើយ។ លោក ប៊ុនលួស បន្ថែមថា ផ្លែឈើព្រៃនេះ មិនសូវមានអ្នកស្គាល់ទេ ដោយឆ្នាំមុនពលរដ្ឋលក់តែនៅក្នុងសហគមន៍ប៉ុណ្ណោះ។   ឆ្នាំមុន សហគមន៍លក់ផ្លែកោន ក្នុងតម្លៃ ពី៣ ០០០ ទៅ៥០០០ រៀលក្នុងមួយគីឡូ តែឆ្នាំនេះអាចមានតម្លៃប្រែប្រួល។  លោក គង់ ប៊ុនលួស  បានបញ្ជាក់ដូច្នេះ៖ « ផ្លែនេះទើបនឹងឱ្យផល ដើមដៃ។ ខ្ញុំឃើញក្រុមសហគមន៍បានចូលព្រៃបេះបានហើយ។ ឆ្នាំនេះតម្លៃពិតប្រាកដមិនទាន់ដឹងលក់បានប៉ុន្មាននៅឡើយទេ»។


រូបភាព សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍  
 
បើតាម អនុប្រធានសហគមន៍ខ្នារពោធិ៍រូបនេះ ឆ្នាំ២០២២នេះទិន្នផលផ្លែកោន ល្អជាងឆ្នាំមុន ដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់មួយវិញទៀតរុក្ខជាតិនេះអាចមានផ្លែច្រើនជាងឆ្នាំមុនផលដែរ។ ទន្ទឹមនេះទីផ្សារអាចទូលាយជាងរាល់ឆ្នាំ ដោយសារសព្វថ្ងៃ ចាប់ផ្ដើមមានពលរដ្ឋពីរាជធានីភ្នំពេញនិងបណ្ដាលខេត្តផ្សេងៗស្គាល់ និងបញ្ជាទិញបណ្ដើរហើយ៕


 រូបភាព សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ 
 

Tag:
 សៀមរាប
  ផ្លែកោន
  អនុផលព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com