អន្តរជាតិ
កូរ៉េខាងជើង បញ្ជូនក្រុមពេទ្យទៅតំបន់រងគ្រោះដោយជំងឺឆ្លងថ្មីពាក់ព័ន្ធនឹងពោះវៀន
19, Jun 2022 , 8:29 pm        
រូបភាព
កូរ៉េខាងជើង បានបញ្ជូនក្រុមគ្រូពេទ្យថ្នាក់ជាតិ និងអ្នកវិនិច្ឆ័យជំងឺឆ្លងទៅកាន់ខេត្តវ៉ាងហេខាងត្បូង ដែលកំពុងប្រឈមនឹងជំងឺឆ្លងថ្មីពាក់ព័ន្ធនឹងពោះវៀន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ រាយការណ៍បែបនេះនៅថ្ងៃទី១៩ ខែមិថុនា។

 
បន្ថែមពីលើជំងឺកូវីដ-១៩ កូរ៉េខាងជើងនៅថ្ងៃទី១៦ ខែមិថុនាបានរាយការណ៍ពីករណីផ្ទុះឡើងនៃជំងឺឆ្លងមួយទៀតដែលពាក់ព័ន្ធនឹងពោះវៀន។ មកទល់ពេលនេះ អាជ្ញាធរនៅតែបន្តផ្តល់ជំនួយវេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះប្រមាណ៨០០គ្រួសារនៅខេត្តវ៉ាងហេខាងត្បូង (South Hwanghae) ដែលរងគ្រោះខ្លាំង។
 
ស្របពេលមិនបញ្ជាក់ពីអត្តសញ្ញាណជំងឺនេះច្បាស់ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនាកូរ៉េខាងជើងបានបញ្ជូនក្រុមពេទ្យ និងក្រុមវិនិច្ឆ័យរោគរាតត្បាតទៅកាន់ខេត្តខាងលើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មន្រ្តីកូរ៉េខាងត្បូងសង្ស័យថានេះជាជំងឺគ្រុនពោះវៀន ឬអាសន្នរោគដែលឆ្លងរាលដាលតាមរយៈការផ្គត់ផ្គង់ទឹក។ 
 
«ក្រុមព្យាបាល និងវិនិច្ឆ័យរោគរហ័សជាតិកំពុងធ្វើការជាមួយមន្រ្តីសុខាភិបាលក្នុងតំបន់ ហើយកំពុងចាត់វិធានការដើម្បីធានាថា ជំងឺរាតត្បាតនេះមិនប៉ះពាល់ដល់កសិកម្មនៅតំបន់នោះ»។ នេះបើតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មាន​រដ្ឋ  KCNA។
 
បើតាមទីភ្នាក់ងារព័ត៌មានដដែល កូរ៉េខាងជើងក៏បានលម្អិតពីវិធានការទប់ស្កាត់ជំងឺនេះផងដែររួមមានការដាក់ឱ្យនៅដាច់ពីគេ ការត្រួតពិនិត្យប្រជាជនយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាការព្យាបាល និងតាមដានជនងាយរងគ្រោះយ៉ាងដិតដល់ដូចជាកុមារ និងមនុស្សចាស់។ វិធានការសម្លាប់មេរោគនៅក្នុងទឹកសំអុយ និងកាកសំណល់ផ្សេងទៀតក៏កំពុងត្រូវបានអនុវត្តផងដែរដើម្បីធានាសុវត្ថិភាពប្រើប្រាស់ និងផឹកទឹក។ 
 
គួរបញ្ជាក់ថា ខេត្តវ៉ាងហេខាងត្បូង ជាតំបន់កសិកម្មដ៏សំខាន់របស់កូរ៉េខាងជើង ហើយការផ្ទុះឡើងនៃជំងឺក្នុងខេត្តនេះកាន់តែបង្កក្តីបារម្ភជុំវិញកង្វះខាតអាហាររឹតតែខ្លាំង ខណៈរលកឆ្លងជំងឺកូវីដ-១៩ កំពុងវាយប្រហារកូរ៉េខាងជើងស្រាប់ទៅហើយ៕
 
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com