ជាតិ
អ្នក​ចិញ្ចឹម​កង្កែបនៅសៀមរាប ត្អូញត្អែរព្រោះភ្លៀងខ្លាំងធ្វើឲ្យ​កង្កែបងាយងាប់ និងទីផ្សារធ្លាក់ចុះ
19, Jun 2022 , 8:59 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន

ទីផ្សារកង្កែប ធា្លក់ចុះក្នុងខេត្តសៀមរាប នារដូវវស្សា ដោយសារសម្បូរកង្កែបស្រែ និងមិនសូវមានទេសចរដើរកម្សាន្តច្រើន។ បើមានភ្លៀងខ្លាំង កង្កែបចិញ្ចឹម ងាយងាប់ ដោយសារជំងឺផ្សេងៗ។

 
លោក សំ ហាន ជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបប្រមាណ៤០តង់ ដែលមានទំហំ ៦ម៉ែត្រគុណ៤ម៉ែត្រ ក្នុងភូមិអង្គ្រង ឃុំកន្រ្ទាំង។ ក្នុងកសិដ្ឋាននេះមានកង្កែបប្រមាណ ៨ម៉ឺនក្បាល។ អ្នកស្រុកបាគង ខេត្តសៀមរាប រូបនេះចិញ្ចឹមកង្កែប លក់សាច់ ក្នុងរដូវប្រាំង។ ចំណែករដូវវស្សា លោក ហាន លក់កូនកង្កែបពូជ។ អតិថិជនរបស់លោកភាគច្រើនជាអ្នកខេត្តស្ទឹងត្រែង មណ្ឌលគិរី ភ្នំពេញ និងខេត្តសៀមរាប។


 លោក សំ ហាន ម្ចាស់កសិដ្ឋានចិញ្ចឹមកូនកង្កែប

«ចាប់ពីខែមករា ដល់ខែមេសា ខ្ញុំលក់កង្កែបសាច់បានតម្លៃ១២០០០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែក្នុងខែវស្សាកង្កែបសាច់ ខ្ញុំលក់មិនសូវបានច្រើនទេ ដូចកូនកង្កែបទេ។ ឈ្មួញនៅតែបញ្ជាទិញមែន ប៉ុន្តែលែងច្រើនដូចមុនហើយ»។ ម្ចាស់កសិដ្ឋានរូបនេះប្រាប់ថ្មីៗ២៥តាមទូរសព្ទដូច្នេះ។ 


 
បើតាមលោក សំ ហាន កង្កែបពិបាកចិញ្ចឹមណាស់។ កាលណាអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ខ្លាំង ឬក្តៅខ្លាំង កង្កែបងាយនឹងងាប់។ ជំងឺរលាកស្បែក និងហើមពោះ ក៏អាចបណ្តាឱ្យកង្កែបងាប់ដូចគ្នា។​ ជាមួយគ្នានេះ កសិករ ត្រូវប្តូរទឹកជារៀងរាល់ថ្ងៃ។ ជាទូទៅ លោក សំ ហាន ត្រូវចំណាយពេល ៤៥ថ្ងៃសម្រាប់ការចិញ្ចឹម ឱ្យចំណី និងមើលថែ ទើបអាចលក់កង្កែបសាច់បាន។ 
 
ចំណែកកសិករមួយរូបទៀតនៅភូមិអង្គ្រង លោក គង់ គឹមឆាវ បានចិញ្ចឹមកង្កែបជាង៧ឆ្នាំមកហើយ។ បច្ចុប្បន្នក្នុងកសិដ្ឋានរបស់លោក​មានកង្កែបប្រមាណ ៨ម៉ឺនក្បាល។ កសិកររូបនេះចិញ្ចឹមកង្កែប យកសាច់លក់ និងពូជកង្កែប សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនទៀត។


 
ការចិញ្ចឹមកង្កែបយកសាច់លក់របស់យុវជនវ័យ២៩ឆ្នាំរូបនេះកាក់កបក្នុងរដូវប្រាំង ដោយសារខេត្តសៀមរាបមានទេសចរដើរកម្សាន្តច្រើន។​ ចំណែករដូវវស្សាការលក់កង្កែបសាច់មិនសូវដាច់ឡើយ ប៉ុន្តែការលក់កូនកង្កែបពូជមិនសូវប៉ះពាល់នោះទេ។ នារដូវវស្សា កង្កែបស្រែកើន ធ្វើឱ្យការលក់កង្កែបសាច់ថយចុះច្រើន។ 
 
​« ជាធម្មតា ឈ្មួញបញ្ជាទិញពីខ្ញុំ ភាគច្រើនគឺជាម្ចាស់រមណីយដ្ឋាន ក្នុងខេត្តសៀមរាប ពីព្រោះទីនោះសម្បូរតំបន់ទេសចរណ៍។ រដូវប្រាំង ខ្ញុំលក់សាច់កង្កែបដាច់ ដោយសារភ្ញៀវមកលេងអង្គរច្រើន មិនដូចរដូវវស្សាទេ។ មេឃភ្លៀងញឹកញាប់ ទេសចរមិនសូវដើរទេ ដូច្នេះខ្ញុំលក់មិនសូវបានច្រើនទេ មានតែឈ្មួញតាមខេត្តបញ្ជាទិញ សាច់ និងកូនកង្កែប។ មួយទៀតរដូវវស្សាសម្បូរកង្កែបស្រែ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គឹមឆាវ។
 
លោក គឹមឆាវ ដែលជាអតីតសិស្សជំនាញជលផលផង លើកឡើងថា របរនេះមិនងាយស្រួលប៉ុន្មានទេ។ កសិករត្រូវយកចិត្តទុកដាក់លើការប្ដូរទឹក និងឱ្យចំណី។ លើសពីនេះការប្រែប្រួលអាកាសធាតុ ប្រឈមនឹងជំងឺរលាកស្បែក ជំងឺហើមពោះ ក៏អាចឱ្យកង្កែបងាប់ផងដែរ។ 
 
លោក គង់ គឹមឆាវ បន្តថា កង្កែបសាច់ លក់ចេញនារដូវវស្សាបាន ៨០០០រៀល ប៉ុន្តែ​បើមេឃធ្លាក់ភ្លៀងខ្លាំងចុះលក់ ៧​ ០០០រៀលក៏មាន។ មួយវិញទៀតកង្កែបចិញឹមយកសាច់នេះ ត្រូវការសង្កេតជាប្រចាំ និងចិញ្ចឹមយូរជាងកូនកង្កែប ពីព្រោះកង្កែបប្រភេទនេះ មិនអាចត្រាំទឹកភ្លៀងយូរបានទេ ព្រោះវាងាយនឹងហើមពោះ។ 
លោក គឺមឆាវ បន្ថែមដូច្នេះ៖ «កង្កែបចិញ្ចឹមមិនបានល្អ មិនឧស្សាហ៍ដូរទឹក ច្បាស់ងាប់អស់។ ការចិញ្ចឹមកង្កែបផ្តោតលើអនាម័យ  និងគុណភាពសាច់ ព្រោះសាច់កង្កែបមិនល្អ នឹងលក់បានតម្លៃទាប។»
 
ទីផ្សារកង្កែបសាច់ក្នុងខេត្តសៀមរាប មួយផ្នែកធំគឺពឹងផ្អែកលើភ្ញៀវទេសចរ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ថាការរបរចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាប មិនសូវប្រឈមនឹងការខ្វះទីផ្សារឡើយក្នុងរដូវប្រាំង ព្រោះទេសចរដើរកម្សាន្តច្រើន ដែលធ្វើឱ្យតម្រូវការម្ហូបពីសាច់កង្កែបក៏មានច្រើនដែរ។ ប៉ុន្តែនារដូវវស្សា ទីផ្សារកង្កែបសាច់ ហាក់ធ្លាក់ចុះ ដោយសារមិនសូវមានទេសចរ និងសម្បូរកង្កែបស្រែ។
 
ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា៖ «កង្កែបចិញ្ចឹមមានតម្រូវការទីផ្សារក៏ពិតមែន ប៉ុន្តែកុំភ្លេចថាក្នុងខែវស្សាកង្កែបធម្មជាតិក៏មានច្រើន ដែលអាចឱ្យតម្លៃលក់ក៏អាចប្រែប្រួលបានដែរ។ កាលណាមានគេចិញ្ចឹមច្រើន ទីផ្សារក៏ចង្អៀត កសិករពិបាកលក់។ ដូច្នេះ កសិករត្រូវពង្រឹងការចិញ្ចឹមលក្ខណៈស្តង់ដាជាងមុន ដើម្បីគុណភាព និងមិនសូវធ្លាក់ថ្លៃពេលនាំចេញ»។
 
កន្លងមកមន្ទីរកសិកម្មខេត្តសៀមរាប បានចុះណែនាំពីរបៀបចិញ្ចឹមកង្កែបដល់កសិករមួយចំនួន។ កសិករទទួលបានចំណេះដឹង ការចិញ្ចឹមកង្កែបបែបទំនើប និងស្តង់ដា សម្រាប់ពង្រឹកគុណភាពលក់ និងទទួលបានតម្លៃខ្ពស់។
សូមជម្រាបដែរថាបច្ចុប្បន្នក្នុង ស្រុកបាគង ខេត្តសៀមរាប មានកសិករចិញ្ចឹមកង្កែបជាង៥០គ្រួសារ ខណៈមុនជំងឺកូវីដ-១៩មានចំនួនអ្នកចិញ្ចឹមកង្កែបច្រើនជាងនេះ៕
 
 
 

Tag:
 កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com