អន្តរជាតិ
តើអ្វីទៅជាទឹកប្រផេះ?
19, Jun 2022 , 10:29 pm        
រូបភាព
ទឹកប្រផេះ ជាទឹកដែលប្រើរួចម្ដងហើយ តែអាចយកមកប្រើម្ដងទៀតក្នុងសកម្មភាព​ផ្សេងៗ។  ទឹកនេះ ជាទឹកមិនសូវកខ្វក់ដែលចេញពីការងូតទឹក អាងត្រាំខ្លួន និងម៉ាស៊ីន​បោកគក់​ជាដើម ហើយវាអាចយក​មកប្រើប្រាស់ឡើងវិញតាមវិធីជាច្រើន។ ការប្រើប្រាស់​ទឹកប្រផេះត្រូវបានអ្នកជំនាញអះអាងថា អាច​ជួយកាត់បន្ថយបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើ​ប្រាស់។ នេះបើតាមការចុះផ្សាយលើវេបសាយ EcoWatch។​


 
មនុស្សប្រើប្រាស់ទឹកអស់ច្រើនណាស់ក្នុងជីវភាពប្រចាំថ្ងៃ ទាំងសកម្មភាពខ្លះត្រូវការទឹក​ស្អាត និងខ្លះ​ទៀតវាមិនចាំបាច់ត្រូវប្រើទឹកស្អាតឡើយ។ ការទទួលទាន ការចម្អិនអា​ហារ និងលាង​សម្អាត​បន្លែ​ផ្លែឈើ ពិតជាត្រូវការទឹកស្អាតជាចាំបាច់។ យ៉ាងណាមិញ សកម្មភាពមួយ​ចំនួន​ទៀត​ដូចជា ការ​លាង​បន្ទប់ទឹក ការលាងបង្គន់ ការស្រោចផ្កា និង​បោកសម្លៀកបំពាក់​គឺមិនចាំបាច់ប្រើប្រាស់ទឹកស្អាត ១០០​ភាគរយឡើយ តែមនុស្សតែង​ប្រើទឹកស្អាតបើកពីក្បាលរ៉ូប៊ីនេតែម្ដង។ ការធ្វើបែបនេះ​បាន​បង្ហាញ​ពីកា​រ​ប្រើប្រាស់ទឹកមិន​អស់ពីលទ្ធភាព ដែលរាប់ថាជាការខ្ជះខ្ជាយ។ 
 
ទឹកដែលប្រើហើយក្រោយសកម្មភាពមួយចំនួនដូចជាការសម្អាតខ្លួន សម្អាតដៃ ត្រាំខ្លួន និង​បោក​សម្លៀកបំពាក់ត្រូវបានហៅថា ទឹកប្រផេះ។ ទឹកប្រផេះគួរតែត្រូវយកមកប្រើឡើង​វិញសម្រាប់ស្រោចផ្កា លាងសម្អាតឡាន សម្អាតបន្ទប់ទឹក បោកសម្អាតរបស់កខ្វក់ដែល​មិនចាំបាច់ប្រើទឹកស្អាត ១០០​ភាគ​រយឡើយ។ 
 
ការប្រើប្រាស់ទឹកឡើងវិញមានសារសំខាន់ណាស់សម្រាប់ការកាត់បន្ថយបញ្ហាកង្វះទឹកប្រើប្រាស់ ពិសេសនៅប្រទេសក្រីក្រ និងនៅពេលមានគ្រោះរាំងស្ងួត។ ការប្រើប្រាស់ទឹកប្រផេះជាការ​សន្សំសំចៃ​ដ៏​ល្អមួយដែលចូលរួមចំណែកដោះស្រាយបញ្ហាកង្វះទឹកបង្កពីការប្រែប្រួលអា​កាស​ធាតុ។ វាអាចជួយ​កាត់បន្ថយការប្រើទឹកខ្ជះខ្ជាយរហូតដល់ ៤០ភាគរយ ដែលអាច​ជួយកាត់បន្ថយការ​ចំណាយលើ​ថ្លៃទឹក​ប្រើប្រាស់ដែរ។ 
 
ការទាញយកទឹកប្រផេះអាចធ្វើបានតាមការរៀបចំប្រព័ន្ធត្រឹមត្រូវតាមបច្ចេកទេស និងតាម​បែបងាយ​ៗ​ដោយខ្លួនឯង។ ការរៀបចំប្រព័ន្ធទឹកសម្រាប់ប្រើឡើងវិញត្រូវការចំណាយខ្ពស់ ដូច្នេះ​ភាគច្រើនមនុស្ស​រកវិធីកែច្នៃដើម្បីត្រងយកទឹកទុកប្រើដោយខ្លួនឯង។ ជាទូទៅ គេ​ប្រមូល​ទឹកលាងបន្លែ ទឹកត្រាំខ្លួន ទឹក​ចេញពីម៉ាស៊ីនបោកសម្លៀកបំពាក់ មករក្សាទុកក្នុង​ធុងមួយ​សម្រាប់ដែលអាចប្រើបន្ត។ 
 
គួរបញ្ជាក់ថា ទឹកប្រផេះគួរប្រើក្នុងរយៈពេល ២៤ម៉ោងក្រោយរក្សាទុក ដើម្បីចៀសវាងកុំឱ្យ​មាន​ក្លិន​មិន​ល្អ។ ការប្រើប្រាស់ទឹកឡើងវិញ ឬទឹកប្រផេះត្រូវបានលើកទឹកចិត្តឱ្យ​ប្រទេសទាំងអស់ចាប់ផ្ដើមអនុវត្ត បើទោះប្រទេសខ្លះមិនទាន់ជួបបញ្ហាកង្វះទឹកប្រើប្រាស់ក៏​ដោយ។ មួយវិញទៀត ថ្វីបើការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធរក្សាទុក​ ទឹកប្រផេះត្រូវការចំណាយ​ខ្ពស់ក្ដី តែវាអាចកាត់បន្ថយ​ការ​ចំណាយ​ថ្លៃទឹក​ប្រចាំ​ខែ​វិញ​បានដូចគ្នា៕
 

Tag:
 ទឹកប្រផេះ
© រក្សាសិទ្ធិដោយ thmeythmey.com