អន្តរជាតិ
លីទុយអានី ហាមទំនិញចេញនិងចូលទីក្រុងរុស្ស៊ី Kaliningrad ឆ្លងកាត់ទឹកដីខ្លួនឡើយ
19, Jun 2022 , 4:29 pm        
រូបភាព
ទីក្រុង Kaliningrad របស់រុស្ស៊ី។ រូបថត AFP
ទីក្រុង Kaliningrad របស់រុស្ស៊ី។ រូបថត AFP
ដោយ:
អាជ្ញាធរលីទុយអានី នៅថ្ងៃទី១៨​ ខែមិថុនា បានបិទការដឹកជញ្ជូនទំនិញដែលឆ្លងកាត់ទឹកដីខ្លួនចេញ ឬចូលទៅកាន់ក្រុងរុស្ស៊ី Kaliningrad ដែលនៅចន្លោះទឹកដីអឺរ៉ុប។ ការហាមប្រាមនេះ ស្ថិតនៅក្រោមយន្តការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

 
 
យោងតាមការបញ្ជាក់របស់សេវាផ្លូវដែកលីទុយអានីទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ការហាមប្រាមដឹកទំនិញឆ្លងកាត់ទឹកដីខ្លួន ចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីទទួលបានការបំភ្លឺពីគណៈកម្មការអឺរ៉ុបស្តីពីយន្តការសម្រាប់អនុវត្តទណ្ឌកម្ម។ បញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) រួមមានធ្យូងថ្ម លោហៈ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត។
 
ព័ត៌មានទាក់ទងនឹងការបិទទំនិញឆ្លងកាត់នេះ បានលេចឡើងនៅថ្ងៃទី១៧ ខែមិថុនា តាមរយៈសារវីដេអូដែលបង្ហោះដោយអភិបាលក្រុង Kaliningrad លោក Anton Alikhanov។ បើតាមលោក Alikhanov ការហាមឃាត់នេះនឹងគ្របដណ្តប់លើទំនិញចន្លោះពី៤០ទៅ៥០ភាគរយដែលក្រុង Kaliningrad នាំចូល និងនាំចេញទៅរុស្ស៊ីតាមរយៈទឹកដីលីទុយអានី ។
 
«យើងចាត់ទុករឿងនេះជាការបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៃសិទ្ធិក្នុងការដឹកជញ្ជូនដោយសេរីចេញ ឬចូលទៅកាន់តំបន់ Kaliningrad»។ នេះជាសម្តីរបស់អភិបាលក្រុង Kaliningrad នៅក្នុងវីដេអូដោយបន្តថា អាជ្ញាធររុស្ស៊ី នឹងដាក់សម្ពាធឱ្យដកបម្រាមនេះចេញវិញ។ ប្រសិនបើវិធានការមិនដកចេញភ្លាមៗនោះទេ ក្រុង Kaliningrad នឹងចាប់ផ្តើមពិភាក្សាពីតម្រូវការកប៉ាល់បន្ថែមដើម្បីដឹកទំនិញទៅរុស្ស៊ី។
 
បន្ថែមពីលើនេះ លោក Alikhanov បានជំរុញឱ្យប្រជាជនកុំសម្រុកទិញទំនិញដោយស្លន់ស្លោរ។ លោកអះអាងថា កប៉ាល់ចំនួនពីរកំពុងដឹកទំនិញនៅចន្លោះក្រុង Saint Ptersburg និង Kaliningrad រួចហើយ ហើយកប៉ាល់៧ទៀតនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ។ 
 
គួរបញ្ជាក់ថា​ តំបន់ Kaliningrad ត្រូវបានគ្រប់គ្រងដោយណាហ្ស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ មុនប្រគល់ទៅឱ្យសហភាពសូវៀតវិញក្រោយសង្គ្រាមលោកលើកទីពីរ ហើយបច្ចុប្បន្នគឺជាទីបញ្ជាការកងនាវាចរសមុទ្របាល់ទិករបស់រុស្ស៊ី។ Kaliningrad ជាក្រុងរុស្ស៊ីដែលមិនមានព្រំដែនជាប់រុស្ស៊ីឡើយ ដោយស្ថិតនៅសមុទ្របាល់ទិក ហើយនៅចន្លោះលីទុយអានី និងប៉ូឡូញដែលសុទ្ធតែជារដ្ឋសម្ព័ន្ធមិត្តណាតូ។
 
តំបន់នេះទទួលបានការផ្គត់ផ្គង់ពីរុស្ស៊ីតាមរយៈផ្លូវដែក និងបំពង់បង្ហូរឧស្ម័នដែលឆ្លងកាត់លីទុយអានី។ការហាមប្រាមដឹកទំនិញឆ្លងកាត់ទឹកដីលីទុយអានីនេះអាចបង្កើនភាពតានតឹងកម្រិតខ្ពស់រវាងរុស្ស៊ី និងណាតូ៕
 
 
 
 
 
 

Tag:
 លីទុយអានី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com