អន្តរជាតិ
ជនអនាមិកម្នាក់ចំណាយ១៩លានដុល្លារសម្រាប់អាហារថ្ងៃត្រង់ជាមួយលោក Warren Buffet
19, Jun 2022 , 5:44 pm        
រូបភាព
ដោយ: ធីតា
ជន​អនាមិកម្នាក់ បាន​ឈ្នះការដេញថ្លៃ​ដោយត្រូវចំណាយ​១៩លាន​ដុល្លារសម្រាប់អាហារថ្ងៃត្រង់ជាលក្ខណៈឯកជន​ជាមួយ​មហាសេដ្ឋី Warren Buffet នៅអាហារដ្ឋានមួយ​ក្នុងក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ នេះបើយោងតាម​ការផ្សាយ​របស់ AP ដោយទឹកប្រាក់ដែលទទួលបាននឹងប្រើ​ប្រាស់ក្រោមហេតុផលមនុស្សធម៌។

 
ទឹក​ប្រាក់ដេញថ្លៃចំនួន​១៩លាន​ដុល្លារអាម៉េរិក ជាមួយអគ្គនាយកក្រុមហ៊ុន Berskhire Hathaway នឹងត្រូវផ្តល់​ទៅ​ក្រុមហ៊ុន​ដេញថ្លៃ eBat សម្រាប់ផ្គត់ផ្គង់អង្គការ​ GLIDE ដែលមានមូលដ្ឋាននៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ GLIDE ជាមូលនិធិសប្បុរសធម៌ ដែល​ជួយដល់​ជន​គ្មានទីពឹង គ្មានផ្ទះសម្បែង និង​ក្រីក្រ។
 
បើគិត​ចាប់តាំងពី​ឆ្នាំ២០០០មក លោក Buffett រកបាន​ថវិកាប្រមាណ​៥៣លាន​ដុល្លារ​សម្រាប់ GLIDE សម្រាប់​កម្មវិធីដេញថ្លៃ​ស្រស់ស្រូបអាហារថ្ងៃត្រង់ជាមួយលោក ប៉ុន្តែកម្មវិធី The Power of One Charity Auction Lunch នេះ បានអាក់ខាន​កាលពីពីរឆ្នាំកន្លងមក ដោយសារតែការរាតត្បាត​កូវីដ-១៩។
 
កម្មវិធីសប្បុរសធម៌នេះ ផ្តួចផ្តើម​ឡើង​ដោយអ្នកស្រី Susie ដែលជាភរិយា​ទីមួយ​របស់លោក Buffet ដោយគាត់ធ្លាប់ធ្វើការស្ម័គ្រចិត្តនៅ GLIDE។ អ្នកស្រីបានទទួលមរណភាព​កាលពីឆ្នាំ២០០៤។
 
នៅឆ្នាំនេះ អ្នកឈ្នះបាន​ចំណាយ​លុយជាកំណត់ត្រារហូត​ដល់ទៅ១៩លាន​ដុល្លារសម្រាប់ការបរិភោគអាហារជាមួយ​មហាសេដ្ឋី Buffet ខណៈកាលពីឆ្នាំ​២០១៩ លោក Justin Sun ដែលជាសហគ្រិនរូបិយបណ្ណ​ឌីជីថល បានចំណាយចំនួន​៤,៥លាន​ដុល្លារ។  អ្នកដែលឈ្នះការដេញថ្លៃ អាច​រកគ្នា​បានចំនួន​៧នាក់​សម្រាប់​ការ​បរិភោគអាហារថ្ងៃត្រង់ជាមួយ​លោក Buffet។
 
អ្នកដេញថ្លៃមួយចំនួន​ មិនបានបង្ហាញអត្តសញ្ញាណនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកដេញថ្លៃម្នាក់ឈ្មោះ Ted Weschler ត្រូវបានផ្តល់ការងារជាអ្នកគ្រប់គ្រង​វិនិយោគនៅក្រុមហ៊ុន​របស់​លោក Buffett បន្ទាប់ពីបានចំណាយ​ជិត ៥,៣លានដុល្លារលើ​ការដេញថ្លៃកាលពីឆ្នាំ២០១០ និងឆ្នាំ២០១១។
 
លោក Buffett បច្ចុប្បន្នអាយុ​៩១ឆ្នាំ មានទ្រព្យសម្បត្តិ​ប្រមាណ​៩៣,៤ពាន់លាន​ដុល្លារអាម៉េរិក ដោយលោកបាន​កាន់តំណែងជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway។ បើតាម AP នេះជាលើកចុងក្រោយសម្រាប់ហើយ​ក្នុងការ​រៀបចំកម្មវិធីដេញថ្លៃអាហារថ្ងៃត្រង់៕
 

Tag:
 មនុស្សធម៌
  Warren Buffet
© រក្សាសិទ្ធិដោយ thmeythmey.com