ជាតិ
កូនកាត់ខ្មែរ-បារាំង ហង្ស ម៉ានីតា ក្លាយជាតំណាងទី៦របស់កម្ពុជាក្នុង Miss Universe
20, Jun 2022 , 8:59 am        
រូបភាព
 រូបពីផេក MUC
រូបពីផេក MUC
ភ្នំពេញ​៖ កញ្ញា ហង្ស ម៉ានីតា កូន​ខ្មែរ​កាត់​បារាំង​ ដែល​អាច​និយាយ​បាន​៤​ភាសា​ ​ក្លាយជា​ម្ចាស់​មកុដ​ Miss Universe Cambodia 2022  ដើម្បី​បន្ត​ទៅ​ប្រកួត​លើ​​ឆាក​អន្តរជាតិ​។ ម៉ានីតា ក៏ក្លាយជាតំណាង​ទី៦​របស់កម្ពុជាក្នុងកម្មវិធីបវកញ្ញាចក្រវាល (Miss Universe) ផងដែរ។

 
សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បាន​យកឈ្នះ​បេក្ខនារី​៤រូបទៀត គឺ កញ្ញា ហេង សុទ្ធនិស្ស័យ កញ្ញា រតនា សុខាវត្តី កញ្ញា ហ៊ុន ហ្គេចឡាង និង​កញ្ញា ហេង ប៉ូនីកា​។


 
មិនទាន់មាន​ព័ត៌មានពិស្តារទាក់ទងនឹង​ការប្រកួត Miss Universe ឡើយ។ បើគិតចាប់តាំងពីការបង្ហាញខ្លួន​ដំបូងនៅឆ្នាំ២០១៧មក ម៉ានីតា នឹងក្លាយជាតំណាងទី​៦របស់កម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ពោលគឺបន្ទាប់ពី​ ប៊ី សុធារី, រឿន ណាត, សំណាង អាលីណា, រ៉េត សារីតា និង ងិន ម៉ារឌី។
 
កញ្ញា ហង្ស ម៉ានីតា មានម្តាយជាជន​ជាតិខ្មែរ និងឪពុក​ជាជន​ជាតិបារាំង ហើយ​កើត និងធំធាត់នៅលើទឹកដីកម្ពុជា។ នាង​​មាន​សមត្ថភាព​និយាយ​បាន​៤​ភាសា គឺ​​ភាសាខ្មែរ បារាំង​ អង់គ្លេស​ និង​ភាសា​អេស្ប៉ាញ។
 
Miss Universe (បវរកញ្ញាចក្រវាល) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលដំណើរការដោយ Miss Universe Organization ដោយ​មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កម្ម​វិធី Miss Universe ជា​កម្ម​វិធី​ដ៏​ពេញ​និយម​បំផុត​​លើ​ពិភព​លោក ដែល​មាន​អ្នក​ទស្សនា​ប្រមាណ​ជាង ៥០០​​លាន​នាក់​ក្នុង​តំបន់​ជាង​១៩០​។


 
កាលពីឆ្នាំ២០២១ បវរកញ្ញាឥណ្ឌា Harnaaz Sandhu បានក្លាយជាម្ចាស់មកុដ ក្នុងព្រឹត្តិការណ៍ប្រកួតលើកទី៧០ ដែលរៀបចំនៅ Port of Eilat ក្រុង Eilat ប្រទេសអ៊ីស្រាអែល។ បវរកញ្ញាវ័យ២១ឆ្នាំរូបនេះ បានទទួលសំឡេងគាំទ្រច្រើនជាងបវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងបវរកញ្ញាអាហ្វ្រិកខាងត្បូង Lalela Mswane ដើម្បីបន្តតំណែងពីបវរកញ្ញាម៉ិកស៊ិក Andrea Meza៕
 
 

Tag:
 សិល្បៈ​
  បវរកញ្ញាចក្រវាល
  សិល្បៈ​សម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com