ជាតិ
២០មិថុនា ១៩៧៧ ជាជំហានដំបូង, ២៩ធ្នូ ១៩៩៨ ជាជំហានចុងក្រោយ
20, Jun 2022 , 11:53 am        
រូបភាព
រូបគំនូបង្ហាញពីសមមិត្តស្មោះស្ម័គ្រ៥នាក់ លួចធ្វើដំណើរចេញពីកម្ពុជាក្នុងពេលយប់ ដើម្បីទៅសុំជំនួយពីវៀតណាមមកផ្តួលរំលំរបបខ្មែរក្រហម។ រូបពីទីស្តីការគណៈរដ្ឋមន្រ្តី
រូបគំនូបង្ហាញពីសមមិត្តស្មោះស្ម័គ្រ៥នាក់ លួចធ្វើដំណើរចេញពីកម្ពុជាក្នុងពេលយប់ ដើម្បីទៅសុំជំនួយពីវៀតណាមមកផ្តួលរំលំរបបខ្មែរក្រហម។ រូបពីទីស្តីការគណៈរដ្ឋមន្រ្តី
ដោយ៖ ទេពញាណ 

 ២០មិថុនា ១៩៧៧  ជាថ្ងៃដំបូងនៃចាប់ផ្តើមស្វែងរកផ្លូវរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម។ រីឯ ២៩ធ្នូ ១៩៩៨ ជាថ្ងៃ ដែលរដ្ឋាភិបាលបច្ចុប្បន្ន ចាត់ទុកថា កម្ពុជា ទទួលបានសន្តិភាពពេញបរិបូរ។

 
 
ឲ្យតែដល់ថ្ងៃទី២០ ខែមិថុនា អ្នកប្រវត្តិសាស្រ្ត រួមទាំងប្រជាជនកម្ពុជាទូទៅ តែងនឹកឃើញទៅដល់ថ្ងៃ ដែលសមមិត្តស្មោះស្ម័គ្រនឹងគ្នា៥រូប រួមមាន សមមិត្ត ហ៊ុន សែន សមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត វ៉ា ប៉ោអ៊ាន និង សម​មិត្ត ស៊ូ គីម ស្រ៊ាង (ហៅសាញ់) បានសម្រេចចិត្តធ្វើដំណើររួមគ្នាទាំងយប់ ចេញពីតំបន់មួយ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅទិសខាងកើត ដើម្បីស្វែងរកជំនួយមករំដោះប្រជាជនកម្ពុជា ដែលរស់នៅក្រោមរបបយង់ឃ្នងខ្មែរក្រហម។  
 
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា និងវៀតណាម បានរួមគ្នាប្រារព្ធខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបខ្មែរក្រហម។ ពិធីរម្លឹកខួប៤៥ឆ្នាំនេះ រៀបចំឡើងនៅតំបន់មួយ ដែលហៅថា តំបន់ប្រវត្តិសាស្រ្តតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ផាម មិញ ឈិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តីវៀតណាម។ 
 
ស្ថិតក្នុងឯកសណ្ឋានយោធាផ្កាយ៥លើស្មា សម្តេច ហ៊ុន សែន ដែលជាសមមិត្តម្នាក់ក្នុងចំណោមសមមិត្តទាំង៥នាក់ បានរម្លឹកក្នុងពិធីរម្លឹកខួបនេះថា៖«ទីកន្លែងនេះហើយ ដែលខ្ញុំសម្រាកនៅក្នុងពេលយប់ ប្រមាណជាម៉ោង២ ព្រោះខ្ញុំ មិនអាចធ្វើដំណើរទៅមុខទៀត ដោយមិនដឹងថា កងទ័ពវៀតណាមនៅទីណានោះទេ ព្រោះយើងចូលមកក្នុងទឹកដីវៀតណាមដោយខុសច្បាប់។ យើង ត្រូវរង់ចាំថ្ងៃរះ ដើម្បីបន្តធ្វើដំណើរទៅទិសខាងកើត ដោយយើង មកទីនេះគ្មានត្រីវិស័យនោះទេ។ ពេលថ្ងៃរះហើយ យើង ចាប់ផ្តើមធ្វើដំណើរ យើងទៅដល់កន្លែងលាក់អាវុធ និងដាំបាយហូប ហើយយើង បន្តដំណើរដល់ភូមិ [នៃប្រទេសវៀតណាម] នៅប្រមាណជាម៉ោង២ល្ងាច»។  
 
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ អាចទុកជាជំហានដំបូងរបស់សមមិត្តទាំង៥រូប ក្នុងការស្វះស្វែងរកផ្លូវ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ ពេលទៅដល់វៀតណាម សមមិត្តទាំង៥រូប បានស្នាក់នៅ និងរៀនសូត្រនៅទីនោះអស់មួយរយៈ។ 
 
រហូតដល់ឆ្នាំ១៩៧៨ នៅថ្ងៃទី២ ខែធ្នូ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើង ដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន រួមទាំងសមមិត្តផ្សេងទៀត ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ គោលបំណងតែមួយគត់នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា គឺដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរបបខ្មែរក្រហម។ ការបង្កើតរណសិរ្សនេះ អាចចាត់ទុកជាជំហានទី២។ 
 
ក្រោមជំនួយពីកងទ័ពវៀតណាម រណសិរ្សសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសសន៍ខ្មែរក្រហមបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩នេះ អាចចាត់ទុកជាជំហានទី៣។  
 
គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្ររដ្ឋាភិបាល តែងអះអាងថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺថ្ងៃរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមានកងទ័ពវៀតណាមចូលមកជួយផ្តួលរំលំ។ ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជាខ្លះ ពិសេសអ្នកមាននិន្នាការប្រឆាំង បែរជាយល់ឃើញផ្សេងទៅវិញថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលកងទ័ពវៀតណាមចូលមកឈ្លានពានកម្ពុជា។ 
 
គួរកត់សម្គាល់ថា ទោះបើជាខ្មែរក្រហម ដួលរលំហើយក្តី តែ​​កម្ពុជា មិនទាន់មាន​សន្តិភាព​ពេញលេញនោះទេ។ ពេល​ខ្មែរក្រហម​ដួលរលំ​ភ្លាមៗ រដ្ឋាភិបាល​កម្ពុជា នៅមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ខ្មែរក្រហម​នៅឡើយ ដោយ​កាលនោះ ពួក​គេ បន្ត​លាក់ខ្លួន នៅ​តាមតំបន់​ផ្សេងៗ ដូចជា នៅ​អន្លង់វែង​ជាដើម​។ 
 
​តម​កទៀត ថ្វីដ្បិតមេដឹកនាំ​ខ្មែរក្រហម មាន នួន ជា និង ខៀវ សំផន ជាដើម បាន​ផ្តាច់ខ្លួន​ចេញ​ពី​ទ័ព​ខ្មែរក្រហម ​មក​ចុះចូល​ជា​មួយរដ្ឋាភិបាល​ ហើយរដ្ឋាភិបាល បានយកជ័យជម្នះទាំងស្រុងលើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏កម្ពុជា មិនទាន់អស់ការបំផ្ទុះអាវុធដែរ។ ក្នុងរបបខ្មែរក្រហម នួន ជា ប្រធានសភា ហើយខៀវ សំផន ជាប្រមុខរដ្ឋ ដោយមាន ប៉ុល ពត ជានាយករដ្ឋមន្រ្តី។
 
សូម្បីតែមាន​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ហើយក៏​ដោយ ក៏​កម្ពុជា នៅតែមានការបំផ្ទុះអាវុធ។ តែការបំផ្ទុះទាំងនោះ មិនមែនជាមួយទ័ពខ្មែរក្រហមដូចលើកមុនទេ គឺជាការបំផ្ទុះអាវុធ ដាក់ក្រុមបាតុករ និងការបំផ្ទុះអាវុធក្នុងជួរកងកម្លាំងរដ្ឋាភិបាលខ្លួនឯង​។  
 
​តួយ៉ាង នៅ​ថ្ងៃ៣០មីនា ឆ្នាំ​១៩៩៧ មានការ​បំផ្ទុះ​គ្រាប់បែក នៅមុខ​រដ្ឋសភា​ចាស់ (​បច្ចុប្បន្ន​ជា​តុលាការ​កំពូល​) ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​របួស​ជាង​១០០​នាក់ ខណៈ​ជនរងគ្រោះ​ទាំងនោះ ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ 
 
​រហូតដល់​ថ្ងៃ​៥-​ថ្ងៃ​៦កក្កដា ឆ្នាំ​១៩៩៧ដដែល ក៏មាន​ការបំផ្ទុះ​អា​វុ​ធម្ត​ង​ទៀត ដែល​គេ អះអាងថា បង្កឡើង​ដោយ​កងទ័ព​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) សរសេរថា មាន​យុទ្ធជន​ប្រមាណ​២០០​នាក់ បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ រួមទាំង​មន្ត្រី​យ៉ាងតិច​៦០​នាក់​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវ​បានសម្លាប់​ដែរ​។ 
 
​​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន កំណត់ថា កម្ពុជា ថាមាន​សន្តិភាព​ពេញ​លេញ និង​មានឯកភាព​ជាតិ​ទាំងស្រុង ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​មក ក្រោម​នយោបាយ​ឈ្ន​ឈ្នះ​របស់​សម្តេច ហ៊ុន សែន​។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អាចទុកជាជំហានចុងក្រោយ ក្នុងការស្វែងរកសុខសន្តិភាព។ ចំពោះរដ្ឋាភិបាល និងគណបក្ស​ប្រជាជន​កម្ពុជា ​​២៩​ធ្នូ ​ជា​ថ្ងៃទី​ដ៏​សំខាន់មួយ សម្រាប់​ប្រវត្តិសាស្ត្រ ហើយ​តែង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ក្នុងថ្ងៃនេះ ជា​រៀងរាល់ឆ្នាំ​។ ដោយយល់ថា ២៩ធ្នូ ជាថ្ងៃមានសារសំខាន់ រដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលថ្ងៃ២៩ធ្នូ ទៅក្នុងប្រតិទិន។  
 
បើរាប់ចាប់តាំងពីថ្ងៃនៃការចាប់ផ្តើមស្វែងរកជំនួយក្នុងការផ្តួលរំលំរបបខ្មែរក្រហម រហូតដល់ថ្ងៃដែលទទួលបានសន្តិភាពពេញលេញ អាចចាត់ទុកថា មាន៤ដំណាក់កាលធំៗ ក្នុងប្រវត្តិសាស្រ្តកម្ពុជា រួមមាន ដំណាក់កាលទី១ គឺការធ្វើដំណើររបស់សមមិត្តទាំង៥រូប ទៅកាន់វៀតណាម នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដំណាក់កាលទី២ គឺការបង្កើតរណសិរ្សសង្គ្រោះជាតិជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដំណាក់កាលទី៣ គឺការផ្តួលរំលំរបបខ្មែរក្រហមបានសម្រេច នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដំណាក់កាលទី៤ គឺការទទួលបានសន្តិភាពពេញពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ 
 
កម្ពុជា ប្រៀបដូចជាកោះដ៏កម្សត់ ដែលបានឆ្លងកាត់សង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសជារឿយៗយ៉ាងដាច់ណាត់ថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន៕ 
 

Tag:
 ដំណើរឆ្ពោះទៅរកការរំដោះជាតិ
  ខួប៤៥ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com