អន្តរជាតិ
កូនស្រីលោក ឌូទើតេ ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីន ជាផ្លូវការ
20, Jun 2022 , 1:59 pm        
រូបភាព
លោកស្រី សារ៉ា ឌូទើតេ កាពីអូ ក្នុងពិធីស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីទី១៥ របស់ហ្វីលីពីន ដោយមានវត្តមានរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីជិតផុតអាណត្តិ ដែលជាឪពុក។ រូបភាព៖ AFP
លោកស្រី សារ៉ា ឌូទើតេ កាពីអូ ក្នុងពិធីស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីទី១៥ របស់ហ្វីលីពីន ដោយមានវត្តមានរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីជិតផុតអាណត្តិ ដែលជាឪពុក។ រូបភាព៖ AFP
លោកស្រី សារ៉ា ឌូទើតេ កាពីអូ (Sara Duterte-Carpio) ដែលជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីនជិតផុតអាណត្តិ នៅថ្ងៃទី១៩ ខែមិថុនា បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនជាផ្លូវការ។ នាពិធីស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី១៥ របស់ហ្វីលីពីន លោកស្រី ឌូទើតេ កាពីអូ បានស្បថជួយបង្រួបបង្រួមប្រទេស។

 
លោកស្រី សារ៉ា ឌូទើតេ កាពីអូ បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី១៥ របស់ហ្វីលីពីន ជាផ្លូវការហើយ នៅក្រុង Davao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស និងជាស្រុកកំណើតរបស់លោកស្រីផង។ ក្រុង Davao ស្ថិតនៅចម្ងាយប្រមាណ ១ពាន់គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល។ ពិធីស្បថនេះ ធ្វើឡើងមុនពិធីរបស់ប្រធានាធិបតីថ្មីដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែមិថុនា។
 
ក្នុងពិធីស្បថចូលកាន់តំណែង ដោយមានវត្តមានលោក លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីជិតផុតអាណត្តិឈរនៅជិតផង លោកស្រី ឌូទើតេ កាពីអូ បានថ្លែងប្រាប់អ្នកចូលរួមយ៉ាងដូច្នេះថា៖ «នៅពេលខាងមុខ វានឹងមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យយើងត្រូវរួបរួមគ្នាជាងមុន ដើម្បីប្រទេស»។ 
 
ត្រង់ចំណុចនេះ អនុប្រធានាធិបតីហ្វីលីពីនថ្មី បានបញ្ជាក់ថា សូមអនុញ្ញាតឱ្យរដ្ឋាភិបាលថ្មីថែរក្សាប្រទេស បើទោះមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ 
 
ត្រឹមវ័យតែ ៤៤ឆ្នាំប៉ុណ្ណោះ កូនស្រីរបស់លោកឌូទើតេរូបនេះ បានក្លាយជាអនុប្រធានាធិបតីហ្វីលីពីន ដែលក្មេងជាងគេរបស់ហ្វីលីពីន និងជាស្រ្តីទី៣ ដែលកាន់តំណែងខ្ពស់មួយនេះ។ ក្នុងការបោះឆ្នោតនាថ្ងៃទី៩ ខែឧសភាកន្លងមក អតីតអភិបាលក្រុង Davos រូបនេះ ជាដៃគូជាមួយលោក Ferdinand Marcos Jr ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ។ លោក Marcos Jr ក៏ជ្រើសរើសលោកស្រីឌូទើតេ កាពីអូ ជារដ្ឋមន្រ្តីអប់រំផងដែរ។
 
គួររំឮកថា លោកស្រី ឌូទើតេ កាពីអូ ធ្លាប់រៀនធ្វើជាមេធាវី មុននឹងឈានជើងចូលកាន់តំណែងជាអភិបាលរងក្រុង Davos នៅឆ្នាំ ២០០៧។ ដំបូងឡើយ លោកស្រីចង់ក្លាយជាវេជ្ជបណ្ឌិតទេ។ ផ្ទុយទៅវិញ លោកស្រី ត្រូវដើរតាមជំហានរបស់ឪពុក និងបានក្លាយជាអភិបាលក្រុង Davos នៅឆ្នាំ ២០១០។ លោកស្រី ឌូទើតេ កាពីអូ ជាស្រ្តីដំបូង ដែលបានក្លាយជាអភិបាលក្រុង Davos កាលឆ្នាំនោះ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com