អន្តរជាតិ
អតីតអ្នកបះបោរ Gustavo Petro ឈ្នះការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ី
20, Jun 2022 , 4:37 pm        
រូបភាព
លោក Gustavo Petro អ្នកនយោបាយឆ្វេងនិយមរបស់កូឡុំប៊ី។ រូបភាព៖ AFP
លោក Gustavo Petro អ្នកនយោបាយឆ្វេងនិយមរបស់កូឡុំប៊ី។ រូបភាព៖ AFP
លោក Gustavo Petro អតីតអភិបាលក្រុងប៊ូហ្គោតា និងអតីតអ្នកបះបោរ បានជាប់ឆ្នោតជាប្រធានាធិបតីកូឡុំប៊ីនៅក្នុងការបោះឆ្នោតជុំចុងក្រោយ ដោយនាំមុខដៃគូប្រជែងក្នុងសំឡេងច្រើនគួរសម។ កន្លងមក អ្នកនយោបាយឆ្វេងនិយមរូបនេះ បានសន្យាធ្វើកំណែទម្រង់ក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងថែរក្សាសន្តិភាពក្នុងប្រទេស។

 
ក្នុងការបោះឆ្នោតជុំទីពីរ នាថ្ងៃទី១៩ ខែមិថុនា លោក Gustavo Petro អតីតអភិបាលរដ្ឋធានីប៊ូហ្គោតា និងអតីតសមាជិកក្រុមឧទ្ទាម បានយកឈ្នះគូប្រជែងលោក Rodolfo Hernandez អតីតអភិបាលក្រុង Bucaramanga ក្នុងសំឡេង៥០,៤ភាគរយ ទល់នឹងសំឡេង ៤៧,៣ភាគរយ។ លោក Petro នឹងក្លាយជាប្រធានាធិបតីកូឡុំប៊ីដំបូង ដែលមាននិន្នាការឆ្វេងនិយម។ 
 
បន្ទាប់ពីឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី លោក Petro  ដែលមានវ័យ ៦២ឆ្នាំ បានអំពាវនាវឱ្យមានការបង្រួបបង្រួមក្នុងប្រទេស និងស្វាគមន៍ការពិភាក្សាពីក្រុមអ្នករិះគន់ ជុំវិញបញ្ហផ្សេងៗដែលកើតមាន បន្ទាប់ពីលោកចូលកាន់តំណែង។
 
កន្លងមក អតីតអ្នកតស៊ូប្រឆាំងរដ្ឋាភិបាលរូបនេះ បានសន្យាធ្វើកំណែទម្រង់សង្គម និងសេដ្ឋកិច្ចរបស់កូឡុំប៊ី ដែលមានជម្លោះប្រដាប់អាវុធជាយូរឆ្នាំមកហើយ។ លោក Petro ជាអតីតអ្នកប្រយុទ្ធមួយនៅចលនា M-19 ដែលពេលនេះបានរំសាយក្រុម ហើយលោកត្រូវបានលើកលែងទោស បន្ទាប់ពីជាប់ពន្ធនាគារ ដោយសារពាក់ព័ន្ធនឹងចលនាមួយនេះ។ 
 
«ចាប់ពីរដ្ឋាភិបាលនេះ...វានឹងគ្មានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬផ្នែកច្បាប់ឡើយ»។ លោក Petro បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកគាំទ្រដោយឈ្នះឆ្នោត ដោយបន្ថែមថា វានឹងមានតែការគោរព និងការពិភាក្សាប៉ុណ្ណោះ។ បើតាមអតីតអភិបាលក្រុងប៊ូហ្គោតា រូបនេះ លោកមិនត្រឹមតែស្តាប់សំឡេងរបស់ក្រុមប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែលោកក៏នឹងស្តាប់សំឡេងរបស់ក្រុមមានសមាជិកភាគតិចនៅក្នុងសង្គមផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស ប្រធានាធិបតីកូឡុំប៊ីជិតផុតអាណត្តិ លោក Ivan Duque បានសាទរលោក Petro ខណៈលោក Hernandez ដែលជាគូប្រជែង បានប្រកាសចុះចាញ់។ បើតាមលោក Hernandez លោកទទួលយកលទ្ធផល ហើយវាគួរតែបែបនេះ ប្រសិនបើកូឡុំប៊ីចង់បានស្ថាប័ន ដែលរឹងមាំ។ 
 
កន្លងមក លោក Petro បានសន្យាប្រយុទ្ធប្រឆាំងនឹងវិសមភាព, ការទទួលបានសិក្សាដោយមិនបង់ប្រាក់, ការកែទម្រង់សោធននិវត្តន៍ និងការយកពន្ធកាន់តែខ្ពស់លើដី ដែលមិនធ្វើកសិកម្ម ឬមិនមានផលិតកម្មអ្វីសោះ។ បន្ថែមពីនេះ លោកក៏បានប្តេជ្ញារក្សាកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមបះបោរ ដែលធ្វើឡើងនៅឆ្នាំ ២០១៦ ផងដែរ៕
 

Tag:
 កូឡុំប៊ី
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com