ជាតិ
ក្រោយកូវីដ-១៩ធូរស្រាល ភ្ញៀវទេសចរកើនឡើងរៀងរាល់សប្តាហ៍ ភ្ញៀវទេសចរដើរកម្សាន្តនៅសួនបៃតងអង្គរ (អតីតរមណីយដ្ឋានភូមិវប្បធម៌) នាថ្ងៃបើកទទួលទេសចរដំបូង កាលពីថ្ងៃទី១៨មិថុនា ឆ្នាំ២០២២។ រូបភាពដោយ៖ លោកស្រី អ៊ីសា រ៉ហានី។
× ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ទេសចរជាតិចាប់ផ្ដើមមាននិន្នាការដើរកម្សាន្តចុងសប្តាហ៍។ ការណ៍នេះបានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរតែងកើនឡើង។ ជាក់ស្ដែងនាចុងសប្តាហ៍ទី៣ នៃខែមិថុនា ភ្ញៀវទេសចរ ដើរកម្សាន្តទូទាំងប្រទេសជាង ៣៦ម៉ឺននាក់ កើនឡើង ជាង១១ភាគរយបើធៀបនឹងចុងសប្តាហ៍ទីពីរនៃខែមិថុនា។
សន្ទុះភ្ញៀវទេសចរក្នុងខែមិថុនា កើនឡើងគួរឱ្យកត់សម្គាល់ ដោយរយៈពេល៣សប្តាហ៍នៃ កម្ពុជាមានទេសចរដើរកម្សាន្ត ជិត១លាននាក់ ។ ក្នុងនោះកាលពីចុងសប្តាហ៍ទី១ ទេសចរដើរកម្សាន្តទូទាំងប្រទេស ២៩៤ ៤៤៤នាក់ ដោយទេសចរអន្តរជាតិមាន ១៨៧ ១០នាក់។ នាចុងសប្តាហ៍ទី២ទេសចរដើរកម្សាន្តចំនួន ៣២៧ ១៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៦៩ ០៤នាក់ និងចុងសប្តាហ៍ទី៣ ទេសចរសរុប៣៦៤ ៦៣៦នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៩ ៤៩៣នាក់។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចររៀងរាល់ចុងសប្តាហ៍ពីក្រសួងទេសចរណ៍។
ជាមួយគ្នានេះភ្ញៀវទេសចរ នាចុងសប្តាហ៍ទី៣នៃខែមិថុនា កើនឡើងខ្លាំងនៅខេត្តព្រះសីហនុ កំពត និងសៀមរាប។ បើតាមក្រសួងទេសចរណ៍ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ និង កំពត ត្រូវបានភ្ញៀវទេសចរស្នាក់នៅស្ទើរពេញទាំងស្រុង។ ចំណែកខេត្តសៀមរាប មានភ្ញៀវទេសចរដើរកម្សាន្តកុះករ នៅរមណីយដ្ឋានសួនបៃតងអង្គរ (អតីតភូមិវប្បធម៌) ទើបធ្វើឱ្យខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ៤៨ ៨៦៧នាក់។ លើសពីនេះ ការបើកដំណើរការជើងហោះហើរពីក្រុងហូជីមិញ ទៅខេត្តសៀមរាប ក៏ធ្វើឱ្យមានកំណើនទេសចរអន្តរជាតិ។
ចំណែកខេត្តបាត់ដំបងវិញ ក៏មានទេសចរដើរកម្សាន្តច្រើនដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៨និង១៩មិថុនា បាត់ដំបងទទួលបានភ្ញៀវទេសចរ ៤៣ ៦២១នាក់ ក្នុងនោះទេសចរអន្តរជាតិ ១១១នាក់។ ដោយឡែកខេត្តកែបឯណោះវិញ ទទួលបានទេសចរ ៣៤ ៥០០នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៧៨នាក់។
សូមជម្រាបដែរថា ក្រសួងទេសចរណ៍រំពឹងនៅឆ្នាំ២០២២ កម្ពុជានឹងទទួលបានទេសចរសរុប ១០លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ១លាននាក់។ ជាមួយគ្នានោះក្រសួងទេសចរណ៍មាន សុទិដ្ឋិនិយមថាឆ្នាំ២០២៣ កម្ពុជាមានទេសចរជាតិ ១១លាននាក់ និងឆ្នាំ២០២៥មានទេសចរអន្តរជាតិ ៧លាននាក់៕
Tag:
ThmeyThmey25
ព្រះសីហនុ
កំពត
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com