ជាតិ
«ភាគទានអ្នកជំងឺ» ដើម្បីនិរន្តរភាពរបស់មន្ទីរពេទ្យកុមារអង្គរ
02, Jul 2022 , 3:16 pm        
រូបភាព
កន្លែងរង់ចាំព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្តល់សិទ្ធិដោយមន្ទីរពេទ្យកុមារអង្គរ
កន្លែងរង់ចាំព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្តល់សិទ្ធិដោយមន្ទីរពេទ្យកុមារអង្គរ
សៀមរាប៖ ភាគទានអ្នកជំងឺ ត្រូវបានប្រកាសដោយមន្ទីរពេទ្យកុមារអង្គរ ដែលមានន័យថា មន្ទីរពេទ្យនឹងចាប់ផ្តើមគិតសេវាព្យាបាល ថែទាំ និងសម្រាកពេទ្យ ដល់អ្នកជំងឺ។ យ៉ាងណា មន្ទីរពេទ្យកុមារអង្គរបានបញ្ជាក់ថា ការអនុវត្តនេះសម្រាប់តែអ្នកមានលទ្ធភាពគ្រប់គ្រាន់តែប៉ុណ្ណោះ ហើយសម្រាប់អ្នកគ្មានលទ្ធភាពបង់វិភាគទានទេ ក៏ពួកគេនៅតែអាចទទួលសេវាដូចៗគ្នាដែរ។

 
ភាគទានអ្នកជំងឺ នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២២តទៅនៅមន្ទីរពេទ្យកុមារអង្គរ ដែលផ្តល់សេវាឥតបង់ថ្លៃជាង២០ឆ្នាំមកហើយនៅក្រុងសៀមរាប។ តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យ ការអនុវត្តនេះដើម្បីធានានិរន្តរភាពបេសកកម្មនៃការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារ ខណៈដែលជំនួយពីខាងក្រៅដែលធ្លាប់រកបាន ធ្លាក់ចុះខ្លាំងនាអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ 
 
ចំពោះការបង់ភាគទាននេះ មន្ទីរពេទ្យតម្រូវឱ្យបង់សម្រាប់សេវាពិគ្រោះជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យ គឺចំនួន២ម៉ឺនរៀល ឬ៥ដុល្លារ សម្រាប់ការពិគ្រោះម្ដង ឬសម្រាកពេទ្យមួយយប់។ 
 
ប្រធានមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា បញ្ជាក់ថា៖« មន្ទីរពេទ្យនឹងនៅតែបន្តផ្តល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់  និងក្ដីមេត្តាករុណាដដែលតាមរយៈការថែទាំប្រកបដោយការយកចិត្តទុកដាក់ដូចគ្នាចំពោះកុមារទាំងអស់ដែលត្រូវការសេវាពីមន្ទីរពេទ្យយើង ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារឡើយ»។​ ចំណុចនេះថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរចង់បញ្ជាក់ថា ការបង់វិភាគទាននេះជារឿងស្ម័គ្រចិត្តតែប៉ុណ្ណោះ ទោះអ្នកបង់ឬមិនបង់ វានឹងមិនធ្វើឱ្យមានការកែប្រែលើសេវាសុខភាពដែលអ្នកជំងឺទទួលនោះទេ។
 
ចំពោះអ្នកមានបណ្ណក្រីក្រ ឬប័ណ្ណមូលនិធិសមធម៌សុខភាព ឬបានបញ្ជាក់ពីភាពក្រីក្រដោយបុគ្គលិកសង្គមកិច្ចរបស់មន្ទីរពេទ្យនោះ ពួកគេនៅតែបន្តទទួលសេវាដោយឥតបង់ថ្លៃពីមន្ទីរពេទ្យ។
 
អ្នកស្រី ម៉ារី អ្នកភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប យល់ថា វាជាការចូលរួមមួយដ៏ត្រឹមត្រូវរបស់អាណាព្យាបាល ដើម្បីជួយទ្រទ្រង់សេវាព្យាបាល និងថែ បន្តទៀតនៅមន្ទីរពេទ្យកុមារអង្គរ។ អ្នកស្រីប្រាប់ថា នឹងចូលរួមចែករំលែកក្នុងការអនុវត្តភាគទាននេះ ព្រោះកូនៗអ្នកស្រីទាំងពីរនាក់ សុទ្ធតែទទួលបានការព្យាបាល និងថែទាំ ដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យមួយនេះ។ 
 
អ្នកស្រីបន្ថែមថា៖« ២ម៉ឺនរៀលខ្ញុំគិតថា វាមិនច្រើនទេ ព្រោះបើយើងយកកូនទៅពេទ្យឯកជន ក៏អស់ច្រើនជាងហ្នឹងដែរ វាថ្លៃសម្រាប់អ្នកចិត្តចង្អៀត តែខ្ញុំនឹងចូលរួមចំពោះការបង់សេវា ...ខ្ញុំស្រឡាញ់ពេទ្យនេះណាស់ គ្រូពេទ្យយកចិត្តទុកដាក់ដល់អ្នកជំងឺ កូនៗខ្ញុំឈឺយកទៅតែពេទ្យកុមារអង្គរហ្នឹង»។
 
ពឹងលើជំនួយសប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេស មន្ទីរពេទ្យកុមារអង្គរជួបនឹងវិបត្តិហិរញ្ញវត្ថុជាខ្លាំងអំឡុងពេលកូវីដ១៩ ខណៈដែលការរកជំនួយពីក្នុងក៏មិនសូវបានច្រើន។ ការណ៍នេះ ធ្វើឱ្យមន្ទីរពេទ្យនៅតែជួបឧបសគ្គដើម្បីដំណើរការពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរដដែលបញ្ជាក់ថា ភាគទានអ្នកជំងឺគឺជាវិធីសាស្រ្ដមួយក្នុងការលើកទឹកចិត្តឱ្យប្រជាជនខ្មែរមានស្មារតីជួយគ្នាទៅវិញទៅមក ដោយអ្នកមានលទ្ធភាពជួយដល់អ្នកដែលគ្មានលទ្ធភាព ហើយក៏អាចជួយឱ្យមន្ទីរពេទ្យបន្តដំណើរការទៅមុខទៀតដែរ៕
 

Tag:
 មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com