អន្តរជាតិ
ឥណ្ឌា ហាមឃាត់ប្លាស្ទិក ១៩ប្រភេទ ដែលអាចប្រើបានតែ១លើក ដើម្បីដោះស្រាយបំពុលបរិស្ថាន
02, Jul 2022 , 3:50 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ឥណ្ឌា នៅថ្ងៃទី១ ខែកក្កដា បានហាមឃាត់ប្រើប្រាស់ប្លាស្ទិកចំនួន ១៩ប្រភេទដែលអាចប្រើបានតែ១លើក ដើម្បីដោះស្រាយបញ្ហាកាកសំណល់ដែលហូរក្នុងទន្លេ និងបានបំពុលសត្វព្រៃ។ យ៉ាងណាមិញ វិធានការនេះត្រូវបានអ្នកជំនាញអះអាងថា ឥណ្ឌាអាចប្រឈមបញ្ហាធ្ងន់ធ្ងរ ព្រោះមិនបានផ្តល់ដំណឹងជាមុនដល់ក្រុមហ៊ុនផលិតប្លាស្ទិក។

 
ឥណ្ឌាដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេទី២លើពិភពលោក ដោយបានបង្កើតកាកសំណល់ប្លាស្ទិកប្រហែល ៤ លានតោនក្នុងមួយឆ្នាំ។ លើសពីនេះ ប្លាស្ទិកប្រមាណបីភាគនៃកាកសំណល់សរុប មិនត្រូវបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញឡើយ ដោយវាបានហូរចូលក្នុងទន្លេ ខណៈកន្លែងចាក់សំរាមដែលឆេះជាប្រចាំ បង្កឱ្យការបំពុលខ្យល់កាន់តែធ្ងន់ធ្ងរក្នុងប្រទេស។
 
ការហាមឃាត់របស់ឥណ្ឌាលើប្លាស្ទិកដែលប្រើបានតែមួយដងនេះ បានគ្របដណ្តប់លើការផលិត ការនាំចូល និងលក់ប្លាស្ទិកចំនួន ១៩មុខដូចជា ទុយោ កែវប្លាស្ទិក ក៏ដូចជាប្លាស្ទិកដែលរុំលើកញ្ចប់បារីជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា។ 
 
គួរបញ្ជាក់ថា អាជ្ញាធរ​ឥណ្ឌាបានសន្យា​ថា​នឹង​បង្ក្រាបការប្រើប្រាស់ប្លាស្ទិកក្នុងប្រទេស បន្ទាប់ពីទទួលបានសំណើរបស់នាយក​រដ្ឋមន្ត្រី លោក នារិន្ទ្រា ម៉ូឌី ពីបម្រាមលើការប្រើប្រាស់ប្លាស្ទិកចូលជាធរមានជាលើកដំបូងក្នុងឆ្នាំ ២០១៨។
 
អាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា និងពិនិត្យលើអ្នកផ្គត់ផ្គង់ ឬអ្នកចែកចាយ ដែលអាចបំពានច្បាប់ ខណៈអ្នកបំពានប្រឈមនឹងការផាកពិន័យជាអតិបរមា ១០ ម៉ឺនរូពី ឬអាចជាប់គុកប្រាំឆ្នាំ។ កន្លងមក ជាងពាក់កណ្តាលនៃតំបន់ផ្សេងៗនៅឥណ្ឌាបានព្យាយាមដាក់បទបញ្ជាផ្ទាល់ខ្លួនរួចហើយ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាព។ ​
 
ការប្រកាសភ្លាមៗរបស់រដ្ឋាភិបាលលើបញ្ហាប្លាស្ទិកនេះ បានរងការរិះគន់មួយចំនួនពីអ្នកជំនាញ និងអាជីវករទាក់ទងនឹងប្លាស្ទិក។ ក្រុមហ៊ុនដែលផលិតប្លាស្ទិកដែលផ្តល់ការងារដល់មនុស្សរាប់លាននាក់ លើសឡើងថាជម្រើសផ្សេងៗ​ក្រៅពីប្រើប្រាស់ប្លាស្ទិកមានតម្លៃថ្លៃ ហើយពួកគេក៏បានបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យពន្យារពេលការហាមប្រាមនេះដែរ។
 
ទន្ទឹមនេះដែរ លោក Jigish N Doshi ប្រធានក្រុមឧស្សាហកម្ម Plastindia Foundation រំពឹងថាពលរដ្ឋឥណ្ឌានឹងប្រឈមនឹងការបាត់បង់ការងារ ប៉ុន្តែបញ្ហាធំជាងនេះគឺក្រុមហ៊ុន​ដែលបានវិនិយោគទុនធំលើម៉ាស៊ីនផលិតប្លាស្ទិកនឹងប៉ះពាល់រិតតែខ្លាំង៕​
 

Tag:
 ឥណ្ឌា
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com