ជាតិ
សេដ្ឋកិច្ច
NBC៖ ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា កើនដល់ទំហំជាង ៥០ពាន់លានដុល្លារ
02, Jul 2022 , 4:20 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ដោយ: ថ្មីៗ
គិតត្រឹមចុងឆមាសទីមួយឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានដល់វិស័យឯកជនសរុប ៥០,៧ពាន់លានដុល្លារ។  របាយការណ៍ពីធនាគារជាតិនៃកម្ពុជា(NBC)  បានបញ្ជាក់ថា ទំហំឥណទាននេះ គឺកើនជាង២២ភាគរយ  បើធៀបនឹងចុងឆ្នាំត្រីមាសទីមួយឆ្នាំ២០២១។

 
​ទឹកប្រាក់​ចំនួន​២០៥,៤ទ្រីលានរៀល(ប្រមាណ៥០,៧ពាន់លានដុល្លារ) គឺជាទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់ឱ្យវិស័យឯកជននានា ដើម្បីបំពេញតាមតម្រូវការវិនិយោគនិងសកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍របស់NBC ដោយបង្ហាញថា ទំហំកម្ចីនេះ បានកើនក្នុងអត្រា២២,៤ភាគរយ​ ពីចំនួន៤១,៤ពាន់លានដុល្លារ កាលពីចុងត្រីមាសទីមួយឆ្នាំ២០២១។
 
របាយការណ៍ឥណទានតាមវិស័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលNBCចេញផ្សាយនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមទំហំឥណទានទាំងនេះ​ មាន១៣,៧ពាន់ដុល្លារបានគ្រប់ដណ្តប់លើវិស័យសំណង់ ដែលកើន២៩,៣ភាគរយ ធៀបនឹងឆ្នាំមុន។​ ឥណទាន៤,៨ពាន់លានដុល្លារគ្រប់ដណ្តប់លើវិស័យកសិកម្ម កើន១១,៦​ភាគរយ​ ខណៈវិស័យសេវាកម្មកើន១១,៥ភាគរយក្នុងទំហំ៥ពាន់លានដុល្លារ។ 
 
ដោយឡែក ផ្នែកពាណិជ្ជកម្ម​លក់ដុំ និង​រាយ​ទទួលបានឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ​ ចំនួន១២,៦ ​ពាន់​លាន​ដុល្លារ កើន២៦,១​ភាគរយ​,  ​អង្គភាព​គ្រួ​សារមាន២,៧​ ពាន់​លាន​ដុល្លារ កើន៣៧​ ភាគរយ​, ផ្នែក​កម្មន្តសាល ១,៧ ពាន់​លាន​ដុ​ល្លារ កើន២៤,៨ ​ភាគរយ និង​ផ្នែក​ផ្សេងៗ ១០,២​ ពាន់​លាន​ដុល្លារ កើន​ ១៦,៨​ ភាគរយ​។​
 
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានធនាគារនិងមីក្រូហិរញ្ញសរុប ៣៨៣គ្រឹះស្ថាន។ ក្នុងនោះមាន ធនាគារពាណិ្ជកម្ម ចំនួន៥៤ និងធនាគារឯកទេស ចំនួន១០។ ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន មាន៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទូលប្រាក់បញ្ញើ មាន៧៩ និងគ្រឹះស្ថានឥណទានជនបទ មាន២៣៤។ 
 
របាយការណ៍ប្រចាំឆ្នាំ២០២១ របស់NBC បានបង្ហាញថា ប្រព័ន្ធធនគារនិងហិរញ្ញវត្ថុកម្ពុជា​មានទ្រព្យសកម្មសរុប ៦៨,២ពាន់លានដុល្លារ​ ដែលកើនក្នុងរង្វង់១៦ភាគរយ។ ក្នុងនោះមាន ឥណទានអតិថិជន​មានចំនួន៤៥,៧ពាន់លានដុល្លារ។ ទំហំនេះ គឺកើនជាង២១ភាគរយ ធៀបនឹងឆ្នាំ២០២០៕
 

Tag:
 ធនាគារនិងហិរញ្ញវត្ថុ
  ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com